លោក ទៀ សុខា និង​លោក កាន់ កៅ ដែល​​ឡើង​បុណ្យ​​តាម​​ជើង​ខោ​​លោក ទៀ វិញ ឃុប​ឃិត​​ឲ្យ​​មាន​​បទ​ល្មើស គ្រប់​​ប្រ​ភេទ​​ក្នុង​​ដែន​សមុទ្រ​​ខ្មែរ

​រាជធានី​ភ្នំពេញ៖ភាពមិនប្រក្រតីនិង​​អំ​ពើ​ពុក​រលួយក្រោម​​ការ​ចាត់​ចែង​​រប​ស់​លោកទៀវិញដែល​​នាំ​​ឲ្យ​​ពល​ទា​ហាន

រាជធានី​ភ្នំពេញ ៖ ភាពមិនប្រក្រតី និង​​អំ​ពើ​ពុក​រលួយ ក្រោម​​ការ​ចាត់​ចែង​​រប​ស់​លោក ទៀ វិញ ដែល​​នាំ​​ឲ្យ​​ពល​ទា​ហាន នាយ​ទាហាន​​ក្នុង​​អង្គ​ភាព ​​កង​ទ័ព​ជើង​ទឹក ជា​ច្រើន​​មិន​​សប្បាយ​ចិត្ត កាន់​តែ​​រីក​​រាល​ដាល​​ធំ​ឡើង ដែល​​រហូត​មក​​ដល់ពេលនេះ គេ​មិនទាន់​ឃើញ​ក្រសួង​​ការពារ​ជាតិ ឬ​​អគ្គ​មេ​បញ្ជា​ការ​​ក​ង​ទ័ព​​ជាតិ យកចិត្ត​ទុកដាក់​ដោះស្រាយ​ភាព​អសកម្ម ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព កងទ័ពជើងទឹក នៅឡើយ​ទេ ធ្វើ​ឲ្យ​លោក ទៀ វិញ ចេះតែ​មានឱកាស តែងតាំង​បក្ខពួក​របស់ខ្លួន ដែល​គ្មាន​សមត្ថភាព គ្មាន​អតីតភាព​ការងារ ឲ្យ​កាន់តំណែង​ធំៗ​ផ្ទុយ​ពី​ក្រឹត្យក្រម​រដ្ឋបាល​។​

 

​ជាធម្មតា​លោក ទៀ វិញ យក​ឥទ្ធិពល​អំណាច​បងប្រុស របស់គាត់​គឺ​លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មក​លាប​ជានិច្ច ហើយ​ចាត់ចែង​ការងារ តាម​បែប​​អត្តនោម័ត ធ្វើ​ឲ្យ​នាយទាហាន​ជាច្រើន ដែល​គ្មាន​ខ្សែ​ទុយោ​ខ្នងបង្អែក ទទួលរង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ចំពោះ​អំពើ​បក្ខពួកនិយម និង​ការតែងតាំង​មន្ត្រី​មិន​ត្រឹមត្រូវ តាម​ជំនាញ​សមត្ថភាព ដូចជា​ករណី​តែងតាំង​លោក កាន់ កៅ ជា​មេ​ឈ្មួញ​រកស៊ី​រត់ពន្ធ​ប្រេងសាំង ដ៏​ល្បីឈ្មោះ​ប្រចាំ​ដែនសមុទ្រ ឲ្យ​ពាក់​ផ្កាយ​១ កាន់​ផ្នែក​គណនេយ្យ​កងទ័ពជើងទឹក និង​ការតែងតាំង​កូនប្រុស​របស់គាត់​ឈ្មោះ ទៀ សុខា ឲ្យ​ពាក់​ផ្កាយ​២ កាន់​តួនាទី​ជា​ប្រធាន​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​។

 

​គេ​ដឹង​យ៉ាងច្បាស់​អំពី អតីតភាព​ការងារ​របស់លោក កាន់ កៅ និង​លោក ទៀ សុខា ប្រសិនបើ​គ្មាន​កិច្ច​អន្តរាគមន៍ ពី​លោក ទៀ វិញ ទេនោះ​ពួកគេ​មិនអាច​កាន់​តំណែង​ធំៗ បែបនេះ​បានទេ ហើយ​នាយទាហាន​ជាច្រើន​ទៀត ដែលមាន​អតីតភាព​ការងារ ស៊ូទ្រាំ​លំបាក​តាម​ដែន​កោះ មិនដែល​មានឱកាស​បាន​ឡើង​ស័ក្តិ និង​តួនាទី​តាម​ក្រឹត្យក្រម​នោះទេ​។ នាយទាហាន​មួយចំនួនទៀត បាន​លើកឡើងថា ពួកគាត់​បាន​ចូល​បម្រើ​ការងារ ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងទឹក រយៈពេល​៣០​ឆ្នាំ​មកហើយ ខ្លះ​ពាក់​ត្រឹម​ស័ក្តិ​៣​ប៉ុណ្ណោះ ហើយ​អ្នក​ខ្លះទៀត​មានសំណាង​ពាក់​ស័ក្តិ​៥ ប៉ុន្តែ​គ្រាន់តែ​ពាក់​ស័ក្តិ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​គ្មាន​តួនាទី​មុខតំណែង​អ្វី​ទេ​។​

មន្ត្រី​យោធា​ខ្លះទៀត​បាន​ពេបជ្រាយ ចំពោះ​ការតែងតាំង​កូន របស់លោក ទៀ វិញ ដែលមាន​អាយុ​ក្មេងខ្ចី ឲ្យ​ពាក់​ផ្កាយ​២ ហើយ​ចាត់ចែង​បញ្ជា​នាយទាហាន​មួយចំនួន ដែលមាន​ចៅ​រាប់​ផ្លូន សក់ស្កូវ​ពេញ​ក្បាល ហើយ​ភាសា​បញ្ជា​មន្ត្រី​ចាស់ៗ ពោរពេញ​ដោយ​ពាក្យ​អសីលធម៌ ខ្វះ​ការគោរព​ចំពោះ​ចាស់ទុំ ។ អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា លោក ទៀ សុខា ដែល​ឡើងបុណ្យស័ក្តិ​តាម​ជើងខោ របស់លោក ទៀ វិញ ដែលជា​ឪពុក​មាន​សិទ្ធិអំណាច​ធំធេង ក្នុងការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ចូល​ដែនសមុទ្រ​កម្ពុជា គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។

ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន ប្រេងសាំង​គេចពន្ធ មកពី​តំបន់​កោះរ៉ុង កោះ​ខ្យង ក្នុង​មួយថ្ងៃៗ​រាប់ពាន់​តោន ចូល​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ការកាប់បំផ្លាញ​ព្រៃឈើ​តាម​ដែន​កោះ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ទូក​នេសាទ របស់​ជនជាតិ​ថៃ វៀតណាម ចូលមក​ធ្វើ​អាជីវកម្ម​ក្នុង​ដែនសមុទ្រ​ខ្មែរ រួមទាំង​ការដឹកជញ្ជូន​ទំនិញ​គេចពន្ធ ឆ្លងកាត់​ដែនសមុទ្រ មិនដែល​ហ៊ាន​រំលង​លោក ទៀ សុខា នោះទេ ហើយ​នៅពេល​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ មិន​បង្ក្រាប​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ​។​

ជាក់ស្តែង លោក កាន់ កៅ ដែលជា​មេ​ឈ្មួញ​រកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ​ទ្រង់ទ្រាយ​ធំជាងគេ ប្រចាំខេត្ត​ព្រះសីហនុ ត្រូវបាន​លោក ទៀ វិញ តែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​គណនេយ្យ គាត់​អាច​មានឱកាស​ចាត់ចែង ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង បន្ថែម​ពីលើ​មុខ​ជំនួញ​នាំចូល ប្រេងសាំង​គេចពន្ធ​ផ្ទាល់ខ្លួន ដែល​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​។ អំពើពុករលួយ​ដែល​លោក ទៀ សុខា រួម​ដៃ​ជាមួយ​លោក កាន់ កៅ ឃុបឃិត​ឲ្យ​មាន​បទល្មើស នៅក្នុង​ដែនសមុទ្រ​កម្ពុជា មិនមែនជា​រឿង​ធម្មតា​ទេ ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ពិនិត្យមើល​ឡើងវិញ​ផង​៕

OLYMPUS DIGITAL CAMERA Wat sokha11


Source from: watphnom-news.com

No comments:

Post a Comment