មេសហជីពសេរីកម្មករប្រតិកម្មនឹងក្រសួងការងារមិនព្រមចុះបញ្ជិកាសហជីពនៅតាមបណ្តារោងចក្រ សហគ្រាសថ្មីៗ

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ជា មុនី បានសម្តែងនូវការមិនពេញចិត្តទៅនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនព្រមចុះបញ្ជិកាឲ្យសហជីពសេរីកម្មករនៅតាមបណ្តារោងចក្រ សហគ្រាសថ្មីៗមួយចំនួនដែលសហជីពបានស្នើសុំ ។
លោកប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានលើកព័ស្តុតាងថា នារយៈពេលកន្លងទៅថ្មីៗនេះ កម្មករ កម្មការិនីបម្រើការងារនៅរោងចក្រឡុងលីដ ខូអិលធីឌី, រោងចក្រប្រាយសិន អ៊ិនធើណេសិនណល, រោងចក្រស៊ីដ១៥៣(ខេមបូជា)ខូអិលធីឌី និងរោងចក្ររីឡាយ អេប៊ល សូស អ៊ិនដាសស្ទ្រៀល បាននាំគ្នាបង្កើតសហជីពសេរីកម្មករនៅតាមបណ្តារោងចក្រទាំងនោះ ។ បន្តមកទៀត សហជីពសេរីកម្មករនៃបណ្តារោងចក្រទាំងនោះបានដាក់ពាក្យគោរពជូនឯកឧត្តមររដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើចុះបញ្ជិកាសហជីព ដោយមានបង្កាន់ដៃទទួលសំណុំរឿង ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣(ចំនួន០១ច្បាប់) ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣(ចំនួន០២ច្បាប់) និងចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣(ចំនួន០១ច្បាប់) ។ បន្ទាប់ពីថ្នាក់ដឹកនាំសហជីពសេរីកម្មករនៃបណ្តារោងចក្រទាំងនោះដាក់ពាក្យស្នើសុំចុះបញ្ជិកាសហជីព មានរយៈពេលយ៉ាងតិចចំនួន០៣ខែមកហើយ ប៉ុន្តែសហជីពសេរីកម្មករមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការ និងជាវិជ្ជមានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឡើយ ។
ការណ៍ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមិនសម្រេចចុះបញ្ជិកាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅតាមបណ្តារោងចក្រថ្មីៗទាំងនោះ ត្រូវបានលោក ជា មុនី អះអាងថា ធ្វើឲ្យសហជីពសេរីកម្មករប្រឈមនឹងផលវិបាក២យ៉ាងធំៗគឺ ៖
១-ដំណើរការកាត់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនីជាសមាជិកសហជីព ដើម្បីបង់ភាគទានជូនសហជីព ស្របតាមមាត្រា១២៩នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ៣០៥សកបយ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០១ របស់អតីតក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា ត្រូវបានជាប់គាំងទាំងស្រុង ។
២-រាំងស្ទះដល់ការស្នើសុំឲ្យមានការសម្រេចទទួលស្គាល់ភាពតំណាងបំផុតរបស់សហជីពសេរីកម្មករនៅតាមបណ្តារោងចក្រទាំងនោះជាយថាហេតុ ឲ្យស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសលេខ៣០៥សកបយ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០១ របស់អតីតក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា ស្តីពីភាពជាតំណាងរបស់អង្គការវិជ្ជាជីវៈនៃកម្មករ និយោជិតនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងសិទ្ធិក្នុងការចរចាជាសមូហភាព ដើម្បីចុះអនុសញ្ញារួមនៅថ្នាក់សហគ្រាស គ្រឹះស្ថាន ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ទាក់ទងនឹងករណីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមិនចុះបញ្ជិកាសហជីពសេរីកម្មករនៅតាមបណ្តារោងចក្រ សហគ្រាសថ្មីៗមួយចំនួនតាមការស្នើសុំរបស់សហជីពនោះ លោក ជា មុនី បានធ្វើលិខិតផ្លូវការមួយច្បាប់ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ម្សិលមិញនេះ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ ឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចចុះបញ្ជិកាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានៅតាមបណ្តារោងចក្រ សហគ្រាសថ្មីៗមួយចំនួន ស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជារួចហើយ ។
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានវិស័យការងារនៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា២៦៨នៃច្បាប់ស្តីពីការងារ គឺការស្នើសុំចុះបញ្ជិការបស់សហជីពដែលជាអង្គការវិជ្ជាជីវៈ ត្រូវក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការឆ្លើយតបក្នុងរយៈពេល០២ខែយ៉ាងយូរ ប៉ុន្តែបើក្នុងរយៈពេល០២ខែ ក្រោយពីបានទទួលបានសំណុំបែបបទសុំចុះបញ្ជិកា និងក្រសួងមិនបានឆ្លើយតប ត្រូវចាត់ទុកសហជីពនោះថា បានចុះបញ្ជិការួចហើយ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការណ៍ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមិនចេញវិញ្ញាបនបត្របញ្ជាក់អំពីការចុះបញ្ជិកាសហជីពជាលាយលក្ខណ៍អក្សរទេនោះ គឺសហជីពនឹងប្រឈមជាមួយបញ្ហាមួយចំនួន ដូចជា ដំណើរការឲ្យថៅកែរោងចក្រកាត់ប្រាក់ឈ្នួលកម្មករជាសមាជិក ដើម្បីបង់ភាគទានជូនសហជីព និងបង្កឲ្យមានផលវិបាកលើការស្នើសុំឲ្យមានការសម្រេចទទួលស្គាល់ភាពតំណាងបំផុតរបស់សហជីពផងដែរ ៕
Source from: www.dtn7.com