មន្ត្រីក្តៅក្រហាយនឹងប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនិងបក្ខពួកសមគំនិតគ្នាពុករលួយ

មន្ត្រីក្រោមឱវាទនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានត្អូញត្អែរថា ចាប់តាំងពីប្រធានចាស់បានចូលនិវត្តន៍ និងលោកប្រធានថ្មី អ៊ុចអ៊ុំ ភីនីស្សារ៉ា បានចូលកាន់មុខតំណែងជាប្រធានមន្ទីរមួយរយៈពេលមកនេះភ្លាម ក្នុងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងទាំងមូល ចាប់ផ្តើមលេចចេញមានអំពើពុករលួយ និងភាពមិនប្រក្រតីជាច្រើន តាមរយៈការសមគំនិតគ្នារវាងលោកប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរម្នាក់ទៀតឈ្មោះ នួន ផា ព្រមទាំងលោក ព្រឿង ឡុង ជាប្រធានការិយាល័យគណនេយ្យ បង្កនូវភាពក្តៅក្រហាយដល់ជួរមន្ត្រីជាបណ្តើរៗឥតឈប់ឈរ ។
មន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហើបប្រាប់ឲ្យដឹងថា ទឹកប្រាក់ចំនួនប្រមាណ១៦.៦០០.០០០រៀល ដែលបានមកពីចំណូលចំនួន៤៩ភាគរយនៃឧស្សាហកម្មទេសចរណ៍ឆ្នាំ២០១៣ ត្រូវបានលោកប្រធានមន្ទីរ និងគូកនស៊ីដាច់ស្ទើរទាំងស្រុង ។ លើសពីនេះ ប្រាក់បម្រើការងាររដ្ឋបាលក្នុងមន្ទីរ ដូចជាប្រាក់សម្រាប់ទិញសម្ភារៈបរិក្ខារ ប្រាក់បេសកកម្ម និងរបបប្រេងឥន្ធនៈ ព្រមទាំងចំណូលមកពីរមណីយដ្ឋានចំនួន៣កន្លែងក្នុងខេត្ត ត្រូវបានលោកប្រធានមន្ទីរ និងបក្ខពួកស៊ីដាច់ទាំងស្រុង ដែលមានតួអង្គសំខាន់ៗចំនួន៣នាក់ គឺលោកប្រធានមន្ទីរ អ៊ុចអ៊ុំ ភីនីស្សារ៉ា, លោកអនុប្រធានមន្ទីរ នួន ផា និងលោកប្រធានការិយាល័យគណនេយ្យ ព្រឿង ឡុង ព្រមទាំងមន្ត្រីជំនិនលោកប្រធានមន្ទីរ២-៣នាក់ទៀតប៉ុណ្ណោះ ។
មន្ត្រីរងគ្រោះព្រោះអំពើពុករលួយរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងមានវិធានការឲ្យបានម៉ឺងម៉ាត់ទៅលើករណីអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនេះផង ។
លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ទាក់ទងនឹងរឿងពុករលួយនៅនៅឡើយទេ ត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ពីព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕
Source from: www.dtn7.com