ឡានដឹកស៊ីម៉ង់ត៍អូដ្ឋ កិននិស្សិតស្រីវ័យក្មេង នៅសាលាន័រតុន ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ ៖ នារីជានិស្សិតអក្សរសាស្ត្រអង់គ្លេស រៀននៅសាកលវិទ្យាល័យ ន័រតុន ម្នាក់ត្រូវរថយន្តដឹកស៊ីម៉ង់ត៍អូដ្ឋ បើកកិនស្លាប់និងម្នាក់ទៀត រងរបួសធ្ងន់ នៅចំណុចផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីវេលាម៉ោង ៦និង៣០ នាទីព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ។
សាក្សីបានឲ្យដឹងថា រថយន្តបង្កជារថយន្ត ដឹកស៊ីម៉ង់ត៍អូដ្ឋ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3B-9914 បើកបរពីលិចទៅកើត ក្នុងទិសដៅស្របគ្នា ជាមួយម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-1242 ជិះគ្នា ២នាក់ ជានិស្សិតស្រី ខណៈមកដល់ចំណុចខាងលើ ម៉ូតូបានទាក់ដៃចង្កូត ជាមួយរថយន្តដឹកស៊ីម៉ង់ត៍ បណ្តាលឲ្យដួល ត្រូវរថយន្តកិនពីលើ នារីជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយ ដួលបែកមុខបែកមាត់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។
រថយន្តបង្កបានហួស ទៅមុខប្រមាណ ៥០ម៉ែត្រ តៃកុងរថយន្តបានឈប់ នៅកណ្តាលថ្នល់ រត់គេចខ្លួនបាត់ស្រមោល។ សពនារីដែលស្លាប់ មានឈ្មោះ គង់ ច័ន្ទឌីណា អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្ត្រ អង់គ្លេស នៅសាកលវិទ្យាល័យន័រតុន ស្នាក់នៅផ្ទះជួលលេខ 17H សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើត នៅភូមិបាជ័យ ឃុំបាជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រីឯអ្នករងរបួសធ្ងន់ ត្រូវជាបងប្អូនឈ្មោះ ពុធ ចាន់រិសីរ័ត្ន ភេទស្រី អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅនិងមានស្រុកកំណើត ជាមួយគ្នា៕
Source from: watphnom-news.com