ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ជាង ៥០ខ្នង នៅស្រុកសំរោង

ខេត្តតាកែវ ៖ ក្មេងស្រីម្នាក់បានរងរបួសធ្ងន់ ដោយសារសសរបេតុង ដួលរលំសង្កត់ពីលើ ហើយផ្ទះ ៩ខ្នង បានខូចខាតទាំងស្រុង និង ៤៤ខ្នងទៀត រងការខូចខាតរបូតសរសរ ប៉ើងដំបូលជញ្ជាំង ដោយសារភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងទៅលើផ្ទះប្រជាពលរដ្ឋចំនួន ២ឃុំ និងដើមឈើមួយចំនួន ត្រូវបាក់រលំផងដែរ កាលពីចន្លោះម៉ោង ៦ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងឃុំបឹងក្រាញ់ខាងជើង និងឃុំរវាង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ ។
នៅឃុំបឹងក្រាញ់ខាងជើង ខ្យល់ព្យុះបានធ្វើឲ្យរលំផ្ទះ ទាំងស្រុងចំនួន ៧ខ្នង ដែលមានទំហំ ៤គុណ ៦ម៉ែត្រ ប្រក់ស៊ីប្រូសីម៉ងត៍ និងក្មេងស្រីម្នាក់ឈ្មោះ ជួន ស្រីកា អាយុ ៩ឆ្នាំ រស់នៅភូមិអូររាំង ឃុំបឹងក្រាញ់ខាងជើង ត្រូវសរសរបេតុងថ្ម ដួលរលំបាក់ជើងទាំង២ រងរបួសធ្ងន់។ ចំណែកផ្ទះ ៤០ខ្នងទៀត ត្រូវបានប៉ើងដំបូល និងធ្លាក់ជើងសរសរមួយចំនួន ដែលមានទំហំ ៥គុណ៦ ម៉ែត្រខូចខាត ប្រហែល ៦០ភាគរយ ។ ដោយឡែកនៅឃុំរវាង មានផ្ទះ ២ខ្នង ដូលរលំខូចខាតទាំងស្រុង មានទំហំ ៥គុណ៦ ម៉ែត្រ ប្រក់ស៊ីប្រូ និងស័ង្កសី ហើយ ៤ខ្នងទៀត រងការខូចខាតប៉ើងដូល ធ្លាក់ពីជើងតាង ។ រហូតមកដល់ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរស្រុក បានចុះទៅធ្វើកំណត់ហេតុ និងកំណត់ពីទំហំនៃការខូចខាត ផ្ទះប្រជាពលរដ្ឋខាងលើ ៕
Source from: watphnom-news.com