អាជ្ញាធរយោធាថៃនឹងបន្តឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងអតីតមន្ត្រីជាន់ខ្ពស់ឯទៀតរយៈពេល១សប្តាហ៍

អាជ្ញាធរយោធាថៃក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) អគ្គមេបញ្ជាការកំពូល និងជាមេបញ្ជាការកងទ័ពជើងគោក ដែលកំពុងទទួលតួនាទីជានាយករដ្ឋមន្ត្រី បានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះថា ក្រុមយោធានឹងបន្តធ្វើការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងអតីតក្រុមមន្ត្រីដឹកនាំរាជរដ្ឋាភិបាលដែលទម្លាក់ចេញពីតំណែងផ្សេងៗទៀតជាច្រើននាក់សម្រាប់រយៈពេលមួយសប្តាហ៍ បន្ទាប់ពីក្រុមយោធាបានប្រកាសធ្វើរដ្ឋប្រហារ និងឃាត់ខ្លួនអតីតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសំខាន់ៗរួចមក ។
លោកវរសេនីយ៍ វីនថៃ ស៊ូរ៉ាវី អ្នកនាំពាក្យយោធា បានប្រាប់អ្នកយកព័ត៌មានថា អតីតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសំខាន់ៗដែលបានឃាត់ខ្លួន នឹងត្រូវបន្តឃុំខ្លួនរយៈពេលមួយសប្តាហ៍ រង់ចាំត្រួតពិនិត្យមើលថា តើពួកគេពាក់ព័ន្ធដោយផ្ទាល់ក្នុងកម្រិតណាជាមួយនឹងព្រឹត្តិការណ៍ចលាចលនយោបាយថៃ ។ ទោះយ៉ាងណា អ្នកនាំពាក្យយោធាបានធ្វើការបដិសេធមិនបញ្ជាក់អំពីទីកន្លែងដែលត្រូវឃុំខ្លួនអតីតថ្នាក់ដឹកនាំសំខាន់ៗនោះទេ គ្រាន់តែបានអះអាងថា ទូរស័ព្ទដៃរបស់ពួកគេត្រូវបានដកហូត និងពួកគេបានគេចផុតពីគ្រោះថ្នាក់ ។
លោកឧត្តមសេនីយ៍ឯក ធីរ៉ាឆៃ ណាកវ៉ានីច មេបញ្ជាការយោធាតំបន់កណ្តាល និងរាជធានី បានអះអាងឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងឋិតនៅក្រោមការឃុំខ្លួន និងលោកស្រីមានសុខភាពល្អទេ ដែលការឃុំខ្លួននេះអនុវត្តន៍ក្រោមអំណាចនៃច្បាប់អាជ្ញាសឹក ពោលគឺអនុញ្ញាតឲ្យចាប់ខ្លួនដោយមិនចាំបាច់មានការចោទប្រកាន់ ។
របបថ្មីដែលគ្រប់គ្រងដោយអាជ្ញាធរយោធាថៃនេះ គឺសេរីភាពស៊ីវិលត្រូវបានកំហិតដោយច្បាប់រដ្ឋធម្មនុញ្ញត្រូវផ្អាកប្រើប្រាស់លើចំណុចភាគច្រើន វៀរលែងតែផ្នែកដែលទាក់ទងនឹងព្រះមហាក្សត្រ ។
ជាមួយនឹងព្រឹត្តិការណ៍គ្រប់គ្រងអំណាចដោយអាជ្ញាធរយោធាថៃ ក្រោមរូបភាពរដ្ឋប្រហារយោធានៃប្រទេសថៃនេះ បានធ្វើឲ្យសហរដ្ឋអាមេរិកបញ្ចេញនូវប្រតិកម្មតបយ៉ាងខ្លាំងក្លា រហូតបានសម្រេចផ្អាកជំនួយចំពោះប្រទេសថៃ រួមទាំងជំនួយយោធាមានទំហំទឹកប្រាក់៣,៥លានដុល្លារអាមេរិកផងដែរ ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយអន្តរជាតិបានលើកឡើងថា រដ្ឋប្រហារយោធាជាច្រើនលើកនារយៈពេលចុងក្រោយបន្តបន្ទាប់គ្នានៅប្រទេសថៃ បានស្តែងចេញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនកំពូលៗដែលមានអំណាចស្និទ្ធនឹងរាជវង្ស និងយោធា ក្នុងគោលបំណងបំបាត់ការគំរាមកំហែងខាងនយោបាយណាមួយដែលធ្លាប់រៀបចំសេណារីយោដោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាមហាសេដ្ឋីទូរគមនាគមន៍ ជាអតីតនាយករដ្ឋមន្ត្រីថៃ និងត្រូវជាបងប្រុសបង្កើតរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ៕
Source from: www.dtn7.com