ឡានធំព្រលះជាមួយកាមរី ត្រូវចំហៀងខាងមុខយ៉ាងពេញទំហឹង សំណាងល្អគ្មានអ្នកស្លាប់

ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកដីលក់ បើកបរក្នុងទិសដៅ ច្រាស់ទិសគ្នាជាមួយរថយន្ត ម៉ាកតូយ៉ូតាកាមរី បានបោះពួយយ៉ាងលឿនដូចគ្នា ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះរថយន្ត តូយ៉ូតាកាមរី រងរបួសស្រាលកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលំ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តដឹកដីមួយគ្រឿង ម៉ាកហ្វុយហ្សូ ពណ៌ស ស្លាកលេខ ភ្នំពេញ3A-9790 បើកបរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាកាមរីស៊េរីឆ្នាំ១៩៩៥ ពណ៌ប្រផេះ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2663 បើកបរច្រាស់ទិសគ្នា បានព្រលះគ្នាចំពីចំហៀងខាងមុខ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២ ខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យអ្នករួមដំណើរ ក្នុងរថយន្តម៉ាកតូយ៉ូតាកាមរី រងរបួសស្រាល ។
រថយន្តដឹកដីលក់ បើកបរដោយឈ្មោះ ហាក់ សេរីវុធ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុក-ខេត្តសៀមរាប មិនបណ្តាលឲ្យរងរបួសទេ ចំណែកតៃកុងរថយន្តតូយ៉ូតាកាមរី មានឈ្មោះ ផៃ ធួយ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិគោកច្រាប ឃុំស្រះរាំង ស្រុកមង្គលបូរី មិនបណ្តាលឲ្យរងរបួសទេ និងអ្នករួមដំណើរឈ្មោះ ហិម សៀម ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅក្នុង ភូមិ-ឃុំជាមួយគ្នា បណ្តាលឲ្យរងរបួសបែកក្បាល៕
Source from: watphnom-news.com