ជម្លោះចិន-វៀតណាមរឿងចិនដាក់ស្ថានីយ៍ខួងប្រេងក្នុងដែនសមុទ្របង្កឲ្យមានប្រតិកម្មពីបណ្តាប្រទេសជាច្រើន

សកម្មភាពដាក់ដំឡើងស្ថានីយ៍ខួងប្រេង HD981 ក្នុងដែនសមុទ្រចិនខាងត្បូងពីសំណាក់ប្រទេសចិន បាននាំឲ្យមានជម្លោះយ៉ាងក្តៅគគុករវាងវៀតណាមនិងចិន នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៤នេះ រហូតដល់ថ្នាក់នាវាចិនដេញបុក និងបាញ់ទឹកដាក់នាវាវៀតណាម និងប្រជាពលរដ្ឋវៀតណាមក៏បានផ្ទុះកំហឹងដុតកម្ទេចរោងចក្រក្រុមហ៊ុនចិនវិនិយោគនៅវៀតណាមអស់ជាង១៥រោងចក្រ ដើម្បីតវ៉ាទៅនឹងអំពើរបស់អាជ្ញាធរចិនថែមទៀត ។ លើសពីនេះ បណ្តាប្រទេសជាច្រើនបានបញ្ចេញនូវប្រតិកម្មជាហូរហែជុំវិញរឿងរ៉ាវជម្លោះដែនទឹកចិន-វៀតណាម រួមមានជាអាទិ៍ ៖
១-អាមេរិក ៖ លោក Joe Biden អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពឯកតោភាគីរបស់ចិននៅដែនសមុទ្រភាគខាងត្បូង គឺជាសកម្មភាពគំរាមកំហែងដល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ទាំងមូល ។ រីឯតំណាងរាស្ត្រអាមេរិកគឺលោក Daniel Russel បានបញ្ជាក់ថា តំណាងរាស្ត្រអាមេរិកបានថ្កោលទោសសកម្មភាពរបស់ចិន ដោយបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពដែលបង្កឲ្យមានភាពតានតឹងរបស់ចិននៅតំបន់សមុទ្រចិនភាគខាងត្បូង ។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកអាស៊ីភាគខាងកើត និងអាស៊ីប៉ាស៊ីហ្វិក ក៏បានថ្កោលទោសដល់សកម្មភាពដាក់ស្ថានីយ៍ខួងប្រេងរបស់ចិន ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន១៨លានដុល្លារអាមេរិក ដើម្បីពង្រឹងនិងបង្កើនកម្លាំងយាមល្បាតរបស់វៀតណាមក្នុងតំបន់ដែនសមុទ្រ ។
២-បារាំង ៖ លោកស្រី Helene តំណាងរាស្ត្រសាធារណរដ្ឋបារាំង និងក្នុងនាមជាប្រធានកិត្តិយសសមាគមបារាំង-វៀតណាម បានប្រកាសថា "ខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំងពេលឃើញចិនមានសកម្មភាពឈ្លានពាន បង្កអសន្តិសុខនៅក្នុងតំបន់ ។ ចិនចាំបាច់ត្រូវតែគោរពច្បាប់អន្តរជាតិ និងការសន្យារបស់ខ្លួនក្នុងការដោះស្រាយវិបត្តិជាមួយប្រទេសជិតខាង" ។
៣-ជប៉ុន ៖ លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើការរិះគន់ដល់សកម្មភាពពង្រីកអំណាច និងកម្លាំងយោធារបស់ចិន ធ្វើឲ្យមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង ជាពិសេសក្នុងវិវាទដែនសមុទ្រចិនភាគខាងកើត និងភាគខាងត្បូង ។ រីឯលោក Fumio Kishida រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា ជម្លោះតានតឹងរវាងវៀតណាមនិងចិននាពេលនេះ គឺបណ្តាលមកពីសកម្មភាពឈ្លានពានពីភាគីចិន ។
៤-អាល្លឺម៉ង់ ៖ លោកសាស្ត្រាចារ្យ Gerhard Will អ្នកឯកទេសភូមិសាស្ត្រនយោបាយ ទទួលបន្ទុកអាស៊ីភាគអាគ្នេយ៍ បានឲ្យដឹងថា ចិនមានគោលនយោបាយឈ្លានពានគិតទុកជាយូរណាស់មកហើយ គឺមុនពេលដាក់ស្ថានីយ៍ខួងប្រេងក្នុងដែនសមុទ្រទៅទៀត ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីមហិច្ឆតាគ្រប់គ្រងក្នុងតំបន់អាស៊ីរបស់ចិន ។ ការដាក់ស្ថានីយ៍ខួងប្រេង គឺជារឿងខុសច្បាប់អន្តរជាតិស្តីពីដែនសមុទ្រទាំងស្រុង ។
៥-អ៊ីតាលី ៖ លោក Sergio Romano មន្ត្រីការបរទេសអ៊ីតាលី បានបញ្ជាក់ថា ការដាក់ស្ថានីយ៍ខួងប្រេងរបស់ចិនគឺជារឿងខុសច្បាប់ និងជាចេតនាក្នុងការឈ្លានពានគ្រប់គ្រងដែនសមុទ្រដល់ទៅ៩០ភាគរយរបស់ចិននៅលើដែនសមុទ្រភាគខាងត្បូង ។
៦-រុស្ស៊ី ៖ លោក Alexander Lukashevich អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា រុស្ស៊ីនឹងតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពប្រែប្រួលនៅដែនសមុទ្រចិនភាគខាងត្បូង ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវអត់ធ្មត់បញ្ចៀសហេតុការណ៍អាក្រក់កើតឡើងជាយថាហេតុ ។
៧-អូស្ត្រាលី ៖ លោក Hugh White សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិអូស្ត្រាលី បានបញ្ជាក់ថា សកម្មភាពរបស់ចិនពេលនេះគឺដើម្បីស្ទាបស្ទង់កម្លាំង និងការហ៊ានប្រឈមមុខរបស់អាមេរិកជាមួយចិនក្នុងតំបន់អាស៊ី ។ លោកសាស្ត្រាចារ្យបានបន្តថា មេដឹកនាំចិនចង់ក្តោបក្តាប់សិទ្ធិអំណាច ឥទ្ធិពលថែមទៀតនៅតំបន់អាស៊ី ក្នុងបំណងកាត់បន្ថយវត្តមាន និងឥទ្ធិពលអាមេរិកនៅក្នុងតំបន់អាស៊ី ។
៨-សិង្ហបុរី ៖ លោក លី សៀងឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់ថា វិបត្តិដែនសមុទ្រចិនភាគខាងត្បូង ជាបញ្ហាដែលនៅសេសសល់ក្នុងទំនាស់រវាងអាស៊ាន-ចិន ហើយដើម្បីរក្សាសន្តិសុខនិងស្ថិរភាពក្នុងតំបន់អាស៊ាន ចាំបាច់សិង្ហបុរីត្រូវតែលូកដៃចូលរួមដោះស្រាយវិបត្តិទាំងនោះ ។
៩-ឥណ្ឌូនេស៊ី ៖ លោក Marty Natalegawa រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានស្នើឲ្យចិនអនុវត្តន៍កិច្ចសន្យារបស់ខ្លួនក្នុងការដោះស្រាយវិបត្តិនៅដែនសមុទ្រ ដោយរក្សាការអត់ធ្មត់ជារឿងចាំបាច់បំផុត ។ រីឯលោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានអំពាវនាវឲ្យមានការដោះស្រាយវិបត្តិដែនសមុទ្រចិនភាគខាងត្បូងដោយសន្តិវិធី ជៀសវាងប្រើប្រាស់អំពើហិង្សា និងត្រូវគោរពច្បាប់អន្តរជាតិ ។
១០-ហ្វីលីពីន ៖ លោក Benigno Aquino III ប្រធានាធិបតីហ្វីលីពីនក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយវិបត្តិដែនសមុទ្រចិនភាគខាងត្បូងដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងមិនត្រូវប្រើប្រាស់អំពើហិង្សាឡើយ ៕
Source from: www.dtn7.com