គូដណ្តឹងវ័យក្មេងឌុបគ្នាដើរលេង បុកគ្នានៅមុខផ្សាររាត្រីក្រុងកំពង់ចាម របួសមនុស្ស ៥នាក់

ខេត្តកំពង់ចាម ៖ គូដណ្តឹងវ័យក្មេង ឌុបគ្នាដើរលេងតាមម៉ូតូ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត នៅមុខផ្សាររាត្រី ក្រុងកំពង់ចាម មានទីតាំងស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាច ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៤ ដែលហេតុការណ៍នេះ បណ្តាលឲ្យមនុស្សចំនួន ៥នាក់ រងរបួសដួល រដូករណែលពេញផ្លូវ។
ជនរងគ្រោះមានឈ្មោះ ឈឿង រតនៈឧត្តម ភេទប្រុស អាយុ ១៩ឆ្នាំ នៅស្រុកកំពង់សៀម បានរងរបួសជាទម្ងន់ ត្រូវបានបញ្ជូន តាមរថយន្តសាមុយ ទៅសង្គ្រោះ នៅរាជធានីភ្នំពេញ ចំណែកគូរដណ្តឹងស្រី ឈ្មោះ ចន្ថា សំណាង របួសស្រាលផងដែរ ។ មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកស្កូបពី បានពន្លះជាមួយនិងម៉ូតូ ម៉ាកC110 លាន់ដូចរន្ទះ នៅត្រង់ចំណុចមុខច្រកចូល ផ្សាររាត្រីក្រុងកំពង់ចាម បណ្តាលមនុស្សរងរបួស រហូតដល់ទៅចំនួន ៥នាក់ ដួលដេករដូករណែលនៅលើថ្នល់ ក្នុងនោះម្នាក់បានសន្លប់ បែកក្បាលហូរឈាម ធ្ងន់ធ្ងរជាងគេ ។
ភ្លាមៗនោះកម្លាំងសន្តិសុខផ្សាររាត្រី បានចេញមកដល់ កន្លែងកើតហេតុ បាននាំគ្នាហៅរថយន្តសាមុយ របស់ក្លីនិក១១៥ មកដឹកអ្នករងគ្រោះធ្ងន់ចំនួន ៣នាក់ បញ្ជូនទៅសង្គ្រោះជាបន្ទាន់។ក្នុងនោះអ្នករបួសធ្ងន់ជាងគេម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយគេឃើញគូដណ្តឹងស្រី បានយំស្រក់បង្ហូរទឹកភ្នែក រលីងរលោងផងដែរ ។ វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបាននាំមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕
Source from: watphnom-news.com