សន្និបាតក្រុមប្រឹក្សាជាតិលើកទី១របស់គណបក្សសង្គ្រោះជាតិបានដាក់ចេញសេចក្តីសម្រេចចំនួន៧ចំណុច

សន្និបាតក្រុមប្រឹក្សាជាតិលើកទី១របស់គណបក្សសង្គ្រោះជាតិដែលបានប្រព្រឹត្តឡើងចាប់ពីម៉ោង០៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ នៅមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាន និងជាអនុប្រធានគណបក្ស និងមានសមាជិកក្រុមប្រឹក្សាជាតិរបស់គណបក្សទូទាំងប្រទេស មជ្ឈដ្ឋាននានា និងសាខាគណបក្សក្រៅប្រទេសចូលរួមប្រមាណ១ម៉ឺននាក់នោះ បានបញ្ចប់ដោយជោគជ័យហើយ និងបានដាក់ចេញនូវសេចក្តីសម្រេចចំនួន៧ចំណុច ដូចខាងក្រោម ៖
១-គាំទ្រគោលនយោបាយ និងគោលជំហររបស់គណបក្ស និងថ្នាក់ដឹកនាំ ក្នុងការតស៊ូនយោបាយដោយឈរលើគោលការណ៍អហិង្សា សន្តិវិធី និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ ។
២-គាំទ្រជាគោលការណ៍លើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ។
៣-គាំទ្ររូបមន្ត ៤-៤-១ ក្នុងការរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅនេះ ។ ទាមទារឲ្យគណបក្សទាំងពីរព្រមព្រៀងគ្នាជាមុនលើសមាសភាពមួយរូបដែលត្រូវឯកភាពគ្នា មុនពេលដែលបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចូលធ្វើសច្ចាប្រណិធាន និងចូលប្រជុំសភា ។
៤-គាំទ្រការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភា សំដៅធ្វើឲ្យស្ថាប័ននីតិប្បញ្ញត្តិមានតុល្យភាពអំណាច និងអាចបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងនោះលើកកម្ពស់តួនាទី និងសិទ្ធិអំណាចរបស់គណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ។
៥-ក្នុងករណីអនុវត្តន៍បាននូវកិច្ចព្រមព្រៀងនយោបាយខាងលើ ហើយបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចូលបំពេញការងារជាតំណាងរាស្ត្រ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសអ្នកតំណាងរាស្ត្រ ត្រូវបង្កើនសកម្មភាពទ្វេឡើងក្នុងការទាមទារឲ្យធ្វើការកែទម្រង់ស្ថាប័នជាតិសំខាន់ៗ ដូចជា តុលាការ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាធម្មនុញ្ ។ល។
៦-ទាមទារឲ្យថ្នាក់ដឹកនាំ និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជំរុញឲ្យរាជរដ្ឋាភិបាលយកគោលនយោបាយ៧ចំណុចរបស់គណបក្សសង្គ្រោះជាតិទៅអនុវត្តន៍ ។
៧-ទាមទារឲ្យថ្នាក់ដឹកនាំ និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ការពារយុត្តិធម៌សង្គម ការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ តាមរយៈការចុះជួប និងជួយប្រជាពលរដ្ឋដោយផ្ទាល់ ៕
Source from: www.dtn7.com