តារា Facebook ផៃ ស៊ីផាន បានភរិយាក្មេងធ្វើឲ្យល្បីរឹតតែខ្លាំងក្នុងបណ្តាញសង្គម

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងជាតារា Facebook ដ៏ពេញនិយមនៅកម្ពុជាមួយរូបដែរនោះ បានចូលរោងការជាមួយកញ្ញាវ័យក្មេងអាយុប្រមាណ២៣ឆ្នាំដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ង៉ែត ពត ចាប់ដៃគ្នាជាប្តី-ប្រពន្ធ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះរួចហើយ នៅភោជនីយដ្ឋានពិភពថ្មី រាជធានីភ្នំពេញ ធ្វើឲ្យមានការចាប់អារម្មណ៍ និងរឹតតែល្បីខ្លាំងឡើងនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook នៅកម្ពុជា ។
ក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook នៅកម្ពុជា បាននាំគ្នា Share ចែករំលែករូបថតអាពាហ៍ពិពាហ៍រវាងកូនកម្លោះឯកឧត្តម ផៃ ស៊ីផាន ជាមួយកូនក្រមុំវ័យក្មេងខ្ចីដ៏ស្រស់ស្អាតតៗគ្នាយ៉ាងព្រោងព្រាត ដោយភាគច្រើនចាប់អារម្មណ៍ថា អាពាហ៍ពិពាហ៍នេះប្រព្រឹត្តឡើងក្រោយពេលចូលព្រះវស្សា និងអ្នកខ្លះទៀតបានផ្តល់ជាគំនិតក្រើនរំលឹកដល់ឯកឧត្តម ផៃ ស៊ីផាន ជាកូនកម្លោះថា "ប្រយ័ត្នរាករូស"…។ល។
ក្នុងនាមជាតារា Facebook មួយរូប និងជាសមាជិកគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន ដែលស្ពាយចំណេះដឹងមួយចំនួនមកពីសហរដ្ឋអាមេរិក ត្រូវបានអ្នកលេង Facebook ចងចាំនូវទ្រឹស្តីរបស់ឯកឧត្តមមួយថា "មានលុយ មានយុត្តិធម៌" ។
ឥឡូវនេះ ឯកឧត្តម ផៃ ស៊ីផាន បានភរិយាក្មេងខ្ចីជាគូគ្រងហើយៗកូនក្រមុំ គឺកញ្ញា ង៉ែត ពត ក៏នឹងក្លាយជាលោកជំទាវរបស់ឯកឧត្តម ផៃ ស៊ីផាន តរៀងទៅ ៕
Source from: www.dtn7.com