
រាជរដ្ឋាភិបាលអាណត្តិទី៥ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី កើតចេញពីសភាគណបក្សប្រជាជនកម្ពុជាសុទ្ធចំនួន៦៨រូប មានសមាជិកចំនួនជាង២០០នាក់«នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ»និងមានអនុរដ្ឋលេខាធិការបម្រើការតាមបណ្តាក្រសួង-ស្ថាប័នចំនួន២៣៥នាក់ទៀត ក្នុងដំណាក់កាលតែងតាំងដំបូងនេះ។
ដោយមិនទាន់គិតទៅដល់ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាថ្នាក់ដឹកនាំដែលជាសមាជិករាជរដ្ឋាភិបាលនៅឡើយនោះ គឺសមាជិករាជរដ្ឋាភិបាលអាណត្តិទី៥និងអនុរដ្ឋលេខាធិការមានចំនួនជិត៥០០នាក់។ចំនួនសមាជិករាជរដ្ឋាភិបាលដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេដាក់រហស្សនាមឲ្យរាជរដ្ឋាភិបាលដឹកនាំដោយ«សម្តេចតេជោសែន»ជានាយករដ្ឋមន្ត្រី ថាជារាជរដ្ឋាភិបាល«ក្បាលធំ»ចាប់តាំងពីអាណត្តិទី៤មកម្ល៉េះ។
ដូច្នេះ ថវិកាជាតិដែលកើតចេញពីញើសឈាមរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតចំនួនជាង៣លានដុល្លារអាមេរិកក្នុង១ឆ្នាំត្រូវរ៉ាប់រងចំណាយទៅលើប្រាក់បៀវត្សរ៍របស់សមាជិករាជរដ្ឋាភិបាលនិងអនុរដ្ឋលេខាធិការដ៏ច្រើនសំពីងសំពោងទាំងនោះ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា បើគិតទៅតាមទំហំការងារជាក់ស្តែងនិងកម្រិតនៃការទទួលខុសត្រូវរបស់មន្ត្រីរាជរដ្ឋាភិបាលបច្ចុប្បន្នចំពោះប្រជាពលរដ្ឋ គឺមានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងចំនួនសមាជិករាជរដ្ឋាភិបាល«ក្បាលធំ»ដែលច្រើនសន្ធឹកនិងការចំណាយថវិកាជាតិក៏ច្រើនគគោកទៅលើប្រាក់ខែរបស់មន្ត្រីក្របខ័ណ្ឌនយោបាយទាំងនោះ ហើយវាក៏បានក្លាយទៅជារឿងដ៏អយុត្តិធម៌បំផុតចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕
Source from: www.dtn7.com