
ខេត្តសៀមរាប ៖ ភ្លៀងធ្លាក់យ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ ត្រូវបានលិចលង់ ប៉ះពាល់ដល់ការធ្វើដំណើរ ហើយទឹកដែលលិច ក្រុងសៀមរាបនេះ មិនមែនជាទឹកហូរចេញ ពីស្ទឹងនោះទេ គឺជាទឹកភ្លៀង រយៈពេល ២ ថ្ងៃជាប់ៗគ្នាជាច្រើនមេ។
ទឹកភ្លៀង បានចាប់លិចផ្លូវសំខាន់ៗ ដូចជាផ្លូវមុខសាលា បឋមសិក្សាវត្ដបូព៌ បានលិចទាំងស្រុង, ផ្លូវលោកតាណឺយបានលិច មួយកំណាត់ធំ, ផ្លូវ៧មករា មុខវិទ្យាល័យអង្គរ, ចុងផ្លូវ ៧មករាជាប់បេនឡានចុងកៅស៊ូ, ផ្លូវជុំវិញវត្ដដំណាក់ និងផ្ទះប្រជាពលរដ្ឋមួយចំនួនធំ ដែលស្ថិតនៅភូមិវត្ដបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ដោយឡែកផ្លូវទៅកាន់ភ្នំក្រោម ក្នុងសង្កាត់សៀមរាប ដែលទីនោះមាត់ស្ទឹងសៀមរាប ដូចជាកដប ត្រូវបានទឹកច្រាល ចេញពីស្ទឹង ហើយហូរកាត់មកលើផ្លូវ ដោយកន្លែងៗ។ ដោយឡែកផ្លូវជាតិលេខ៦ ប៉ែកខាងលិចក្រុងសៀមរាប មានទឹកដក់ជាអន្លើៗ និងរង្វង់មូលគ្រុឌ ផ្លូវទៅព្រលានយន្ដហោះ អន្ដរជាតិខេត្ដសៀមរាប ក៏បានលិចលង់។
ក្រុមមន្ត្រីបានបញ្ជាក់ថា ទឹកស្ទឹងសៀមរាបបាន ចាប់ផ្ដើមឡើងជាបណ្ដើរៗមែន ប៉ុន្ដែមិនទាន់ហៀរ លើផ្លូវនោះទេ ប៉ុន្តែប្រសិនបើភ្លៀងខ្លាំង នៅតែធ្លាក់បន្តពិតជា យ៉ាប់មិនខានឡើយ។ នៅប៉ែកខាងលើ ដែលមានទ្វារទឹក សំរាប់បិទបើកនៅចំនុចតំបន់ ប្រាសាទតាសោម ត្រូវបានក្រុមមន្ត្រី គ្រប់គ្រង ដើម្បីបញ្ចៀសទឹកភ្លៀង កុំឱ្យហូរធ្លាក់មក ស្ទឹងសៀមរាបយ៉ាងគំហុក ដោយបង្វែឲ្យធ្លាក់ ទៅកាន់ស្ទឹងរលួស ៕
Source from: watphnom-news.com