ប្រព័ន្ធ​គ្រប់គ្រង​អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គឺ​ឯក​បក្ស​ និង​របៀប​”​ជា​អាជ្ញាកណ្តាល​ផង​ និង​ជា​កីឡាករ​ផង​”

​មាត្រា​៥១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា​"​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្តន៍​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​មាត្រា​៥១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្តន៍​នយោបាយ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ។​ ប្រជាពលរដ្ឋ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន​ ។​ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​ ។​ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ និង​សាលា​ជម្រះក្តី​ ។​ អំណាច​បែងចែក​ដាច់​ពី​គ្នា​រវាង​អំណាចនីតិប្បញត្តិ​ អំណាចនីតិប្រតិបត្តិ​ និង​អំណាចតុលាការ​ ។​"​ ។​ ​

ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​សព្វថ្ងៃ​នេះ​ គឺ​ស្ថាប័ន​នីតិប្បញត្តិ​"​រដ្ឋសភា​"​ មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់​ត្រឹម​ចំនួន​៦៨​រូប​ ខណៈ​ដែល​ច្បាប់រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាងតិច​១២០​រូប​ និង​ខណៈ​ដែល​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខ​តំណែង​ រីឯ​ស្ថាប័ន​នីតិប្រតិបត្តិ​ "​រាជរដ្ឋាភិបាល​"​ ក៏​មាន​សមាសភាព​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធសាធ​ដែរ​ ព្រមទាំង​ស្ថាប័ន​តុលាការ​ក៏​ជា​សមាសភាព​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ។​ មាន​ន័យ​ថា​ ជា​អំណាច​ឯក​បក្ស​ ។​ ​

តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ គឺ​សមាជិក​រដ្ឋសភា​ដែល​ជា​អ្នកតំណាង​រាស្ត្រ​ មិនមែន​មាន​អំណាច​តំណាង​ឲ្យ​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ និង​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​ទេ​ តែ​តំណាង​ឲ្យ​បក្ស​របស់​ខ្លួន​ទៅ​វិញ​ ។​ ដូច្នេះ​ អំណាចនីតិប្បញត្តិ​ "​រដ្ឋសភា​"​ទៅ​លី​អំណាចនីតិប្រតិបត្តិ​"​រាជរដ្ឋាភិបាល​"​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ​ ពីព្រោះ​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ ហើយ​រដ្ឋសភា​នីតិកាល​ទី​៥​នេះ​ទៀត​សោត​ គឺ​មាន​សមាសភាព​ត្រឹម​ចំនួន​៦៨​រូប​ ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធ​នាំ​គ្នា​អនុម័ត​ផ្តល់​សេចក្តី​ទុកចិត្ត​ទៅ​លើ​រាជរដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ព្រម​តែ​ម្តង​ ។​ ពោល​គឺ​ ជា​ការ​គ្រប់គ្រង​អំណាច​តាម​របៀប​"​ជា​អាជ្ញាកណ្តាល​ផង​ និង​ជា​កីឡាករ​ផង​"​ ។​ ​

ដោយឡែក​ ចំពោះ​ស្ថាប័ន​តុលាការ​វិញ​ គឺ​គ្រប់​ថ្នាក់​ និង​គ្រប់​ផ្នែក​ សុទ្ធតែ​មាន​សមាសភាព​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ និង​ម្យ៉ាងទៀត​ ប្រធាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​មាន​មុខការ​ដាក់ទោស​វិន័យ​ទៅ​លើ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ប្រព្រឹត្ត​ខុសឆ្គង​នោះ​ គឺជា​ប្រធាន​តុលាការ​កំពូល​ផង​ ជា​ចៅក្រម​កាត់ក្តី​ផង​ ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ផង​ និង​ជា​អ្នក​ដាក់ទោស​វិន័យ​ចៅក្រម​ទូ​ទាំង​ប្រទេស​ផង​ ។​ ដូច្នេះ​ គេ​ចោទ​ជា​សំណួរ​ថា​ បើ​ប្រធាន​តុលាការ​កំពូល​ដែល​ជា​ចៅក្រម​កាត់ក្តី​ ហើយ​ជម្រះក្តី​ខុសឆ្គង​ បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​ណាមួយ​ និង​ត្រូវ​គេ​ប្តឹង​ តើ​ខ្លួនឯង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​ផង​នោះ​ ហ៊ាន​ដាក់ទោស​វិន័យ​ខ្លួនឯង​ជា​ចៅក្រម​កាត់ក្តី​ដែរ​ឬទេ​ ?​ ចម្លើយ​គឺ​ប្រាកដជា​មិន​ហ៊ាន​ឡើយ​ ។​ មាន​ន័យ​ថា​ មេ​តុលាការ​ស្រុក​ខ្មែរ​ ជា​មន្ត្រី​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំង​"​ជា​អាជ្ញាកណ្តាល​ផង​ និង​ជា​កីឡាករ​ផង​"​។​

សរុបសេចក្តី​មក​ ប្រព័ន្ធ​គ្រប់គ្រង​អំណាច​នៅ​កម្ពុជា​ ដែល​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តាច់មុខ​ មិន​ត្រឹមតែ​គ្មាន​ឯករាជ្យ​ភាព​ និង​បែងចែក​មិន​ដាច់​ស្រឡះ​ពី​គ្នា​នោះ​ទេ​ គឺ​មាន​លក្ខណៈ​"​ជា​អាជ្ញាកណ្តាល​ផង​ និង​ជា​កីឡាករ​ផង​ "​ ថែម​ទៀត​ ដែល​មិន​អាច​ធ្វើ​ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ឡើយ​ ៕​

3-Men


Source from: www.dtn7.com

No comments:

Post a Comment