
រាជធានីភ្នំពេញ ៖ គណៈកម្មការចម្រុះ របស់គណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ នៃក្រសួងធនធានទឹក កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ បានបង្ក្រាបសកម្មភាព បូមខ្សាច់ខុសច្បាប់ នៅក្នុងទន្លេមេគង្គ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរឹបអូសបាន ក្បាលបូមខ្សាច់បីគ្រឿង និងឃាត់សាឡង់ដឹកខ្សាច់ បានចំនួន ១០ គ្រឿង។
មន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ប្រតិបត្ដិការចុះបង្ក្រាប ការបូមខ្សាច់ខុសច្បាប់ដោយក្រុមការងារ គណៈកម្មាធិការគ្រប់គ្រង ធនធានខ្សាច់សហការ ជាមួយកម្លាំងអន្ដរាគមន៍ អគ្គស្នងការនគរបាលជាតិ បង្ក្រាបបានម៉ាស៊ីន បូមខ្សាច់ចំនួន ១៣ គ្រឿង ដែលទីតាំងទី១-ស្ថិតនៅភូមិក្បាលកោះ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល រឹបអូសម៉ាស៊ីន បូមខ្សាច់បាន ៦ គ្រឿង និងទីតាំងទី២-ស្ថិតនៅចំណុចឃុំព្រែកហ្លួង រឹបអូសបានសាឡង់ បូមខ្សាច់ចំនួន ៤ គ្រឿង និងក្បាលម៉ាស៊ីនបូមចំនួន ៣ គ្រឿង ។
សាឡង់ចំនួន ១០គ្រឿង និងក្បាលបូមខ្សាច់បីគ្រឿង ដែលបានចាប់ឃាត់នេះ បានធ្វើសកម្មភាពបូមខ្សាច់ ខុសគោលដៅកំណត់ និងសាឡង់ខ្លះ គា្មនច្បាប់អនុញ្ញាត។ សាឡង់ ដែលត្រូវបានឃាត់នេះ កំពុងបូមខ្សាច់ នៅក្បាលកោះដាច់ និងខាងកើតកោះឧកញ៉ាតី ដែលជាតំបន់ហាមឃាត់។ ជាគោលការណ៍ តំបន់ហាមឃាត់ មិនឲ្យបូមខ្សាច់ នៅតាមដងទន្លេមេគង្គ មានចាប់ពី ក្បាលកោះដាច់ រហូតដល់កោះប្រាក់៕
Source from: watphnom-news.com
No comments:
Post a Comment