
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយចាញ់ឆ្នោតនាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងមក ឈ្មោះ ខឹម វាសនា ដែលល្បីខាងពូកែនិយាយសម្បូណ៌វោហារតាមវិទ្យុនិងតាមក្បាលមេក្រូឲ្យប្រជាពលរដ្ឋមួយចំនួនជឿទុកចិត្តនោះ ឥឡូវកំពុងរុំព័ទ្ធដោយពាក្យបណ្តឹងទៅតុលាការរឿងបោកប្រាស់ជំពាក់ប្រាក់គេហើយមិនព្រមសង។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ របស់លោក ឌុក មឿន រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានដាក់ពាក្យប្តឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទឆបោកនិងពីបទកំហែងយក ដោយមានស្ថានទម្ងន់ទោស ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះបានរៀបរាប់ថា គាត់បានចាញ់បោកលោក ខឹម វាសនា អស់ទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០០៩មក។
ក្រៅពីទឹកប្រាក់ខាតបង់ចំនួនរាប់ម៉ឺនដុល្លាអាមេរិក លោកឌុក មឿន បានប្តឹងទាមទារប្រាក់សំណងជំងឺចិត្តផ្សេងៗទៀតចំនួន៣ម៉ឺនដុល្លារអាមេរិកពីលោកខឹម វាសនា និងទាមទារឲ្យតុលាការចោទប្រកាន់ព្រមទាំងផ្តន្ទាទោសលោក ខឹម វាសនា តាមច្បាប់។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ លោកឌុក មឿន ជាដើមបណ្តឹងរដ្ឋប្បវេណីនិងអមដោយមេធាវីផងបានចូលទៅបភ្លឺការពារលើបណ្តឹងរបស់ខ្លួននៅចំពោះមុខតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញរួចហើយ។
គេមិនទាន់ដឹងថា តើតុលាការនឹងចាត់ការរបៀបណាទៅលើបណ្តឹងរបស់លោក ឌុក មឿន ដែលប្តឹងប្រឆាំងលោក ខឹម វាសនា នោះនៅឡើយទេ ដោយបន្តចោទប្រកាន់លោក ខឹម វាសនា ឲ្យក្លាយជាជនត្រូវចោទក្នុងរឿងព្រហ្មទណ្ឌ ឬត្រូវតម្កល់រឿងទុកឥតចាត់ការដោយបង្វិលសំណុំរឿងក្តីនេះទៅជារឿងរដ្ឋប្បវេណីវិញ?
សូមបន្តរង់ចាំតាមដានទាំងអស់គ្នាតទៅទៀតអំពីដំណើររឿងក្តីរបស់លោក ខឹម វាសនា មេបក្សចាញ់ឆ្នោត ប៉ុន្តែពូកែវោហារនៅស្ថាប័នតុលាការ៕
Source from: www.dtn7.com