រឿង​ក្តី​វិវាទ​ដីធ្លី​រវាង​ប៉ូលិស​អ្នកក្រ​ម្នាក់​និង​អ្នកមាន​លុយ​មាន​ឧកញ៉ា​នៅ​ក្រោយខ្នង​នៅ​ខេត្តកំពង់ចាម​ តុលាការ​កំពូល​ជម្រះ​ថ្ងៃ​ចន្ទ​ស្អែក​នេះ

​តុលាការ​កំពូល​គ្រោង​នឹង​លើកយក​សំណុំរឿង​ក្តី​វិវាទ​ដីធ្លី​មួយ​កន្លែង​ទំហំ​ប្រមាណ​៨៨០​ម៉ែត្រក្រឡា​ឋិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​១​ឃុំ​ត្រពាំង​ផ្លុ​ង​ស្រុក​ពញាក្រែក​ខេត្តកំពង់ចាម​រវាង​ប៉ូលិស​ក្រីក្រ​ម្នាក់​ឈ្មោះ​ទូច​

​តុលាការ​កំពូល​គ្រោង​នឹង​លើកយក​សំណុំរឿង​ក្តី​វិវាទ​ដីធ្លី​មួយ​កន្លែង​ទំហំ​ប្រមាណ​៨៨០​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​១​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្តកំពង់ចាម​ រវាង​ប៉ូលិស​ក្រីក្រ​ម្នាក់​ឈ្មោះ​ ទូច​ ញ៉​ និង​អ្នកមាន​លុយ​ឈ្មោះ​ សៀង​ ស៊ី​ថា​ ដែល​មាន​លោក​ឧកញ៉ា​ជាន់​ដី​ខេត្តកំពង់ចាម​ផ្អៀង​ម្នាក់​ឈ្មោះ​ លឹ​ម​ ហុង​ឈាង​ នៅ​ពីក្រោយ​ខ្នង​ មក​បើក​សវនាការ​ជំនុំជម្រះ​"​បំពេញ​នីតិវិធី​ទាញហេតុផល​ដោយ​ផ្ទាល់មាត់​"​ នៅ​លើ​បណ្តឹងសាទុក្ខ​លើក​ទី​២​ ដែល​មាន​ចៅក្រម​ជំនុំជម្រះ​រហូត​ដល់​ទៅ​ចំនួន​៩​រូប​ នៅ​ថ្ងៃ​ចន្ទ​ ទី​២១​ ខែតុលា​ ឆ្នាំ​២០១៣​ស្អែក​នេះ​ ។​

​ដំណើរការ​នីតិវិធី​ជម្រះក្តី​នៅ​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​មាន​រយៈពេល​៧​ឆ្នាំ​០២​ខែ​មក​ហើយ​នេះ​ គឺ​ធ្លាប់​ត្រូវ​បាន​សាលាដំបូង​ខេត្តកំពង់ចាម​ និង​សាលាឧទ្ធរណ៍​"​កាត់ក្តី​នៅ​សាលាឧទ្ធរណ៍​ចំនួន​២​ដង​"​ សម្រេច​ឲ្យ​ប៉ូលិស​ក្រីក្រ​ឈ្មោះ​ ទូច​ ញ៉​ ចាញ់ក្តី​អ្នកមាន​លុយ​ឈ្មោះ​ សៀង​ ស៊ី​ថា​ ជាប់ៗ​គ្នា​ ។​ ប៉ុន្តែ​មក​ដល់​តុលាការ​កំពូល​"​កាត់ក្តី​លើ​បណ្តឹងសាទុក្ខ​លើក​ទី​១"​ សម្រេច​ឲ្យ​ឈ្មោះ​ ទូច​ ញ៉​ បាន​ឈ្នះក្តី​លើ​ឈ្មោះ​ សៀង​ ស៊ី​ថា​ វិញ​ "​បង្វិល​ឲ្យ​សាលាឧទ្ធរណ៍​កាត់ក្តី​សា​ជា​ថ្មី​"​ ។​ ឥឡូវ​វគ្គ​នេះ​គឺជា​ការ​ជម្រះក្តី​បញ្ចប់​លើ​បណ្តឹងសាទុក្ខ​លើក​ទី​២​នៅ​តុលាការ​កំពូល​ ក្នុង​សំណុំរឿង​តែ​ម្តង​ ។​ ​

រឿងហេតុ​នៃ​ករណី​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​មាន​ដូច​តទៅ​ ៖

១-​ឈ្មោះ​ ទូច​ ញ៉​ បាន​កាន់កាប់​ គ្រប់គ្រង​ និង​រស់នៅ​លើ​ទីតាំង​ដី​ទំនាស់​ទំហំ​ប្រមាណ​៨៨០​ម៉ែត្រក្រឡា​ ចាប់តាំងពី​ឆ្នាំ​១៩៩៣​ ដោយ​មិន​មាន​ជំទាស់​អ្វី​ឡើយ​ ។​

២-​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០០៦​ ឈ្មោះ​ សៀង​ ស៊ី​ថា​ "​អះអាង​ថា​ បាន​ទិញ​ដី​មាន​ប្លង់​ទំហំ​៨.៥៦២​ម៉ែត្រក្រឡា​ពី​ឈ្មោះ​ នៅ​ ធា​ នា​ឆ្នាំ​២០០១"​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ ដោយ​ប្តឹង​ឲ្យ​ឈ្មោះ​ ទូច​ ញ៉​ រុះរើ​លំនៅ​ឋាន​ចេញពី​ទីតាំង​ដី​ទំនាស់​ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ ក​ច​០០៦០៦៩(BI0025)​ ចុះ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០០០​ ។​

៣-​តាម​ចម្លើយ​បំភ្លឺ​របស់​ឈ្មោះ​ នៅ​ ធា​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ទិញ​ដី​ទំហំ​៨.៥៦២​ម៉ែត្រក្រឡា​ពី​ឈ្មោះ​ ទូច​ សំ​ហ៊​ន​ នា​អំឡុង​ឆ្នាំ​១៩៩៧​ រួច​ហើយ​ខ្លួន​ក៏​បាន​លក់​ដី​នេះ​បន្ត​ឲ្យ​ទៅ​ឈ្មោះ​ សៀង​ ស៊ី​ថា​ ។​

៤-​តាម​ចម្លើយ​បំភ្លឺ​របស់​ឈ្មោះ​ ទូច​ សំ​ហ៊​ន​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ដី​មួយ​កន្លែង​ទំហំ​ប្រមាណ​៨.០០០​ម៉ែត្រក្រឡា​ ឋិត​នៅ​ជាប់​ព្រំប្រទល់​គ្នា​នឹង​ដី​របស់​ឈ្មោះ​ ទូច​ ញ៉​ ។​ ខ្លួន​បាន​លក់​ដី​នេះ​ឲ្យ​ទៅ​ឈ្មោះ​ នៅ​ ធា​ ប្រាកដ​មែន​ ប៉ុន្តែ​មិន​មាន​ទំហំ​ដល់​ទៅ​៨.៥៦២​ម៉ែត្រក្រឡា​ដែល​ប៉ះពាល់​ដល់​ដី​របស់​ឈ្មោះ​ ទូច​ ញ៉​ នោះ​ឡើយ​ ។​

​ចំណុច​វិវាទ​នៅ​ក្នុង​សំណុំរឿង​ក្តី​នេះ​ គឺ​ ៖​ ឈ្មោះ​ ទូច​ ញ៉​ បាន​កាន់កាប់​ គ្រប់គ្រង​ និង​រស់នៅ​លើ​ទីតាំង​ដី​ទំនាស់​ទំហំ​ប្រមាណ​៨៨០​ម៉ែត្រក្រឡា​ ចាប់តាំងពី​ឆ្នាំ​១៩៩៣​ ។​ រីឯ​ឈ្មោះ​ សៀង​ ស៊ី​ថា​ ទទួល​បាន​ដី​មាន​ប្លង់​ទំហំ​៨.៥៦២​ម៉ែត្រក្រឡា​តាម​រយៈ​លទ្ធកម្ម​នៃ​ការ​ទិញ​ពី​ឈ្មោះ​ នៅ​ ធា​ និង​ឈ្មោះ​ នៅ​ ធា​ ទទួល​បាន​ដី​នេះ​តាម​ការ​ទិញ​ពី​ឈ្មោះ​ ទូច​ សំ​ហ៊​ន​ ខណៈ​ដែល​ឈ្មោះ​ ទូច​ សំ​ហ៊​ន​ អះអាង​ថា​ បាន​លក់​ដី​ឲ្យ​ឈ្មោះ​ នៅ​ ធា​ មាន​ទំហំ​ត្រឹម​ប្រមាណ​៨.០០០​ម៉ែត្រក្រឡា​ប៉ុណ្ណោះ​ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​ដី​របស់​ឈ្មោះ​ ទូច​ ញ៉​ ។​ ​

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្តី​នេះ​ដែរ​ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​ថា​ ឈ្មោះ​ ទូច​ ញ៉​ ពិតជា​បាន​កាន់កាប់​ និង​រស់នៅ​លើ​ដី​ទំហំ​ប្រមាណ​៨៨០​ម៉ែត្រក្រឡា​ទល់​បច្ចុប្បន្ន​ ។​ រីឯ​ដំណើរការ​កសាង​ប្លង់​ដី​លេខ​ ក​ច​០០៦០៦៩​ ចុះ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០០០​ មាន​ភាព​ខ្វះចន្លោះ​ពាក់ព័ន្ធ​នឹង​ចម្លើយ​របស់​អ្នក​ស្នើ​សុំ​ចុះបញ្ជី​ និង​ការ​ស្រង់​ព័ត៌មាន​ជុំវិញ​ដី​ស្នើ​សុំ​ចុះបញ្ជី​ ជា​ហេតុ​នាំ​ឲ្យ​ជាន់​លើ​ដី​របស់​ឈ្មោះ​ ទូច​ ញ៉​ ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន​ ដូច​មាន​បញ្ជាក់​នៅ​ក្នុង​ស្មារតី​លិខិត​លេខ​០១​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១១​ របស់​រាជរដ្ឋាភិបាល​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ប្រការ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​សំណុំរឿង​ក្តី​នេះ​ គឺ​ ៖​ ទាំង​ឈ្មោះ​ សៀង​ ស៊ី​ថា​ ដែល​មាន​លោក​ឧកញ៉ា​ លឹ​ម​ ហុង​ឈាង​ ជាន់​ដី​ផ្អៀង​នៅ​ខេត្តកំពង់ចាម​ ឋិត​នៅ​ពីក្រោយ​ខ្នង​ជា​បង្អែក​ ទាំង​ឈ្មោះ​ នៅ​ ធា​ មិន​បាន​ផ្តល់​នូវ​កិច្ចសន្យាលក់​-​ទិញ​ដី​រវាង​ឈ្មោះ​ ទូច​ សំ​ហ៊​ន​ និង​ឈ្មោះ​ នៅ​ ធា​ មក​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ទំហំ​ដី​ពិតប្រាកដ​ ដើម្បី​បញ្ចប់ទំនាស់​ និង​ផ្តល់​យុត្តិធម៌​ជូន​ភាគី​ទាំង​សងខាង​តាម​សំណើ​របស់​ឈ្មោះ​ ទូច​ ញ៉​ និង​ឈ្មោះ​ ទូច​ សំ​ហ៊​ន​ ទេ​ ។​ ​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នក​តាមដាន​សំណុំរឿង​វិវាទ​ដីធ្លី​នេះ​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ច្បាប់​ភូមិបាល​ និង​អង្គហេតុ​ខាងលើ​ គឺ​ឈ្មោះ​ ទូច​ ញ៉​ ពិតជា​អាច​ឡើងជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​ទំហំ​ប្រមាណ​៨៨០​ម៉ែត្រក្រឡា​"​មន្ត្រី​ជំនាញ​វាស់វែង​ឃើញ​មាន​ទំហំ​៦៤៣,៣១​ម៉ែត្រក្រឡា​"​ប្រាកដ​មែន​ ។​ រីឯ​ការ​កសាង​ប្លង់​ដី​លេខក​ច​០០៦០៦៩​ ចុះ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០០០​ មាន​ទំហំ​៨.៥៦២​ម៉ែត្រក្រឡា​"​មន្ត្រី​ជំនាញ​វាស់វែង​ឃើញ​មាន​ទំហំ​៦.១១៤,៩០​ម៉ែត្រក្រឡា​"​ ដែល​មាន​ភាព​ខ្វះចន្លោះ​នោះ​ គឺជា​កំហុសឆ្គង​របស់​មន្ត្រី​ជំនាញ​សុរិយោដី​ ដែល​ធ្វើ​ឲ្យ​ជាន់​ត្រួត​គ្នា​ទៅ​លើ​ដី​របស់​ឈ្មោះ​ ទូច​ ញ៉​ ។​

​ឈ្មោះ​ ទូច​ ញ៉​ ដែល​ជា​មន្ត្រី​ប៉ូលិស​ក្រីក្រ​ តូចតាច​ បាន​សំណូមពរ​ចំពោះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ដែល​មាន​ចៅ​ ក្រម​ជំនុំជម្រះ​ចំនួន​៩​រូប​នោះ​ មេត្តា​វិនិច្ឆ័យ​សេចក្តី​ផ្តល់​យុត្តិធម៌​ជូន​ដល់​រូប​គាត់​ និង​ក្រុម​គ្រួសារ​គាត់​ដែល​ជា​ជន​ក្រីក្រ​ផង​៕​

DSC01159 DSC01157Touch-Nhor-1 Touch-Nhor-2


Source from: www.dtn7.com

No comments:

Post a Comment