
ដោយមិនមានបញ្ញត្តិហាមប្រាមក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ទើបមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាមួយចំនួនអាចកាន់កាប់មុខតំណែងត្រួតនៅក្នុងគណៈរដ្ឋមន្ត្រី ជាស្ថាប័ននីតិប្រតិបត្តិផង និងជាសមាជិករដ្ឋសភា«តំណាងរាស្ត្រ» នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិផង។មានន័យថា កាន់មុខតំណែងជាអ្នកប្រតិបត្តិច្បាប់ផងនិងជាអ្នកត្រួតពិនិត្យមើលខ្លួនឯងផង តាមរបៀបជា«អាជ្ញាកណ្តាលផង និងកីឡាករផង»។
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចទាំង១១រូបដែលមានមុខតំណែងនៅក្នុងស្ថាប័នជាតិត្រួតនោះមានដូចតទៅ៖
១-សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ។
២-ឯកឧត្តម ស ខេង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។
៣-ឯកឧត្តម សុខ អាន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ។
៤-ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។
៥-សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង។
៦-ឯកឧត្តម គាត ឈន់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។
៧-ឯកឧត្តម ហោ ណាំហុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។
៨-លោកជំទាវនាយឧត្តមសេនីយ៍ ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។
៩-ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង។
១០-ឯកឧត្តម យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ។
១១-ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ។
មាត្រា៧៩នៃរដ្ឋធម្មនុញ្ញបានចែងថា «អាណត្តិនៃសមាជិករដ្ឋសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។ ក្នុងករណីនេះសមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។»។
ដោយឡែក មាត្រា៨០នៃរដ្ឋធម្មនុញ្ញបានចែងថា «តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសម្តែងយោបល់ ឬបញ្ចេញមតិក្នុងពេលបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។
សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឲ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។»។
អនុលោមតាមបញ្ញត្តិមាត្រា៧៩និងមាត្រា៨០នៃរដ្ឋធម្មនុញ្ញ និងយោងតាមសមាជិករដ្ឋសភាកាន់មុខតំណែងបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជាសុទ្ធសាធ មានចំនួន៦៨រូប ព្រមទាំងយោងតាមមុខតំណែងត្រួតរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចទាំង១១រូប គឺមានន័យថា ប្រសិនបើមានមន្ត្រីរូបណាមួយ ឬទាំងអស់ក្នុងចំណោម១១រូបនោះប្រព្រឹត្តខុសឆ្គងក្នុងពេលបំពេញមុខងារ ដូចជា ពុករលួយ ឬបំផ្លាញជាតិក្នុងប្រការណាមួយ នឹងគ្មានកូរ៉ុមសភាគ្រប់គ្រាន់សម្រាប់ប្រជុំ និងដើម្បីអនុម័តលើការចោទប្រកាន់ ការចាប់ខ្លួន និងការឃុំខ្លួនអ្នកប្រព្រឹត្តខុសឆ្គងក្នុងចំណោមមន្ត្រីជាន់ខ្ពស់ទាំង១១រូបនេះឡើយ។
ដូច្នេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទាំងចំនួន១១រូបដែលកាន់កាប់តួនាទីក្នុងស្ថាប័ននីតិប្រតិបត្តិ ហើយមិនព្រមបោះបង់មុខតំណែងជាសមាជិកសភា ឬជាតំណាងរាស្ត្រនោះ គឺដើម្បីយកតំណែងនេះទុកធ្វើជាយ័ន្តការពារខ្លួនយ៉ាងរឹងមាំក្នុងករណីប្រព្រឹត្តខុសឆ្គងទាំងឡាយ៕
Source from: www.dtn7.com
No comments:
Post a Comment