
រាជធានីភ្នំពេញ ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង របស់មន្ត្រីនគរបាលមានបុណ្យស័ក្ដិធំម្នាក់ នៅក្រសួងមហាផ្ទៃ បានបើកបុកបង្គោល ខ្សែកាប្លិ៍អុបទិចមួយដើម បណ្តាលឲ្យបាក់ទ្រេតតែមិនរលំទេ ដោយសារមានខ្សែភ្លើង ទាញតឹងទាំងសងខាង ហើយបានបើករថយន្ដ រត់ចូលផ្ទះបាត់ស្រមោល កាលពីវេលាម៉ោង ៨និង៣០ យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវបេតុងលេខ២០០R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ តែសមត្ថកិច្ចមូលដ្ឋាន បានព្យាយាមលាក់បាំងរឿងនេះ។
ជនបង្កគេស្គាល់មិនច្បាស់ទេ គ្រាន់តែដឹងថា ជានាយនគរបាលម្នាក់ នៅក្រសួងមហាផ្ទៃឈ្មោះ រិន អាយុជាង ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ ២២៩H ផ្លូវលេខ២០០R ក្នុងភូមិឃុំកើតហេតុខាងលើ ។ ព័ត៌មាននេះមិនត្រូវបាន សមត្ថកិច្ចទម្លាយឱ្យដឹងនោះទេ ដោយព្យាយាមលាក់បាំងការពិត សូម្បីតែមេនគរបាលប៉ុស្ដិ៍ គីឡូម៉ែត្រលេខ៦ ក៏លាក់រឿងនេះដែរ ទុកឲ្យខ្សែកាប្លិ៍ ធ្លាក់រាយប៉ាយរញ៉េរញ៉ៃ បង្កឱ្យមានការភ័យខ្លាច យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។
មុនពេលកើតហេតុ គេបានឃើញនាយនគរបាលរូបនោះ បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ក្នុង ស្ថានភាពស្រវឹង ដោយមានល្បឿនលឿនបង្គួរ ។ ខណៈមកដល់ផ្លូវកែងបត់ចូលផ្ទះ បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលដែក ខ្សែកាប្លិ៍អុបទិចបាក់ទ្រេត ប៉ុន្ដែមិនរលំនោះទេ ចំណែករថយន្ដបានរងការខូចខាត មួយកំណាត់មុខផងដែរ ។ ក្រោយពីម្ចាស់រថយន្ដ បង្កបើកបុកបង្គោលខ្សែកាប្លិ៍រួចហើយ បានថយក្រោយ ហើយបើកចូលផ្ទះបាត់ សូម្បីតែជំនាញខាងខ្សែកាប្លិ៍អុបទិច ទៅរកក៏មិនឃើញដែរ៕
Source from: watphnom-news.com
No comments:
Post a Comment