
បើក្រឡេកមើលឱ្យកាន់តែកៀកនឹងសង្គមយុវវ័យបច្ចុប្បន្ន យុវតីសម្បុរខ្មៅ ឬក៏ស្រអែមដូចជាលែងសូវមានហើយ ព្រោះថាស្បែករបស់ពួកគេ ភាគច្រើនត្រូវគ្របដណ្ដប់ដោយឡេ និងម្សៅធ្វើឱ្យស្បែកសរ។

រូបតំណាង
យុវជន សុភ័ណ្ឌ បានប្រាប់ ថា “ពេលជិះដើរលេងម្ដងៗ ខ្ញុំមើលតែសាច់ភ្លៅគេទេបង ព្រោះអ្នកណាៗក៏មានសាច់សខ្ចីញ៉េញដែរ ”។ យោងតាមការសង្កេតរបស់និស្សិតឆ្នាំទី ៤ ផ្នែកធនាគារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះបន្ថែមថា មិត្តភ័ក្ដិស្រីរបស់ប្អូនកាលនៅវិទ្យាលល័យដូចជាសម្បុរស្រអែមទេ ប៉ុន្តែក្រោយពេលជួបនៅមហាវិទ្យាល័យ ស្រាប់តែសាច់សដូចពងមាន់បក។
បញ្ជាក់ពីមូលហេតុប្ដូរសម្បុរស្បែកពីខ្មៅទៅជាសនេះ កញ្ញា តី និស្សិតឆ្នាំទី ១ នៅសាកលវិទ្យាល័យស៊ីតិចបានលើកឡើងថា សម័យនេះអ្នកណាក៏ចង់ស្អាតដែរ។ ប្អូនថា ១០នាក់អាចមាន ៨នាក់ដែលយប់ឡើងនាំគ្នាលាបឡេ ហើយអ្នកខ្លះទៀតបើទោះជាមានស្បែកសរពីកំណើតក៏ដោយក៏នៅតែលាបឡេដែរ។ “លាក់បាំងអីខ្ញុំក៏លាបដែរ ព្រោះមនុស្សស្រីបើសាច់សស្លៀកពាក់អីក៏លើកដែរ”។ យុវតីវ័យ ១៩ ឆ្នាំរូបនេះបន្ថែម។
បើទោះជាមានការបកស្រាយពីអ្នកជំនាញថែរក្សាស្បែកពីគុណសម្បត្តិ និងគុណវិបត្តិនៃការលាបឡេយ៉ាងណាក៏ដោយ ក៏យុវតីខ្មែរមួយចំនួនធំដូចជាមិនសូវខ្វល់ខ្វាយពីរឿងនេះទេ រហូតអ្នកខ្លះប្រើផលិតផលបកស្បែកថែមទៀតផង។
ចំណុចនេះ យុវតីវ័យ ២០ ឆ្នាំ អាម៉ី បានបង្ហើបថា បកស្បែកហ្នឹងប្អូនធ្លាប់ឃើញមិត្តភ័ក្ដិប្អូនធ្វើដែរ ហើយពេលបកស្បែកហើយគឺពិតជាសមែន ប៉ុន្តែអ្នកបកស្បែកនោះត្រូវថែស្បែកឱ្យជាប់លាប់មែនទែន ជាពិសេសហាមមិនឱ្យត្រូវថ្ងៃខ្លាំងនោះទេ។ នាងថា បើហ៊ានតែត្រូវថ្ងៃខ្លាំងស្បែកដែលទើបនឹងបកនោះ នឹងខ្លោចព្រោះពេលនោះសាច់ខ្វីពេក។
យ៉ាងណាក៏ដោយយុវតីជាអ្នកប្រកបអាជីវកម្មលក់ដូរនៅផ្សារសន្សំកុសលរូបនេះ បាននិយាយថា “ខ្ញុំហ៊ានត្រឹមតែលាបឡេទេ បើឱ្យបកស្បែកដូចជាមិនហ៊ានទេ ព្រោះពីមុនធ្លាប់ឮព័ត៌មានថាមានអ្នកស្លាប់ដោយសារការបកស្បែកហ្នឹងរួចមកហើយ”។
ផ្ដោតលើប្រធានបទលាបឡេនេះ បានធ្វើការសាកសួរទៅលើយុវតី ១១ រូប ហើយមានយុវតី ៩ រូបបានឆ្លើយថាសព្វថ្ងៃនេះ ពួកគេលាបឡេធ្វើឱ្យស្បែកសរាល់ថ្ងៃ ខណៈដែល ៣ រូបទៀតមិនហ៊ានទេ ព្រោះខ្លាចមានគុណវិបត្តិនៅថ្ងៃក្រោយ៕
ចុះស្រីស្អាត ទាំងអស់គ្នាវិញ រាល់ថ្ងៃនេះលាបឡេដែរ ឬក៏អត់?
ដោយ nob70
ប្រភពពី៖ www.nob70.com
No comments:
Post a Comment