
តាមធម្មជាតិមនុស្សស្រី គឺជាភេទទន់ខ្សោយ និងទន់ភ្លន់គួរឲ្យស្រឡាញ់ ប៉ុន្តែក៏មានមនុស្សស្រីមួយចំនួនក៏រឹងប៉ឹងជាងមនុស្សប្រុសដែរ រហូតមានមនុស្សស្រីខ្លះរៀនក្បាច់គុនទៀតផង ។ ដូច្នេះបុរសមួយចំនួនបាននិយាយថា ស្រីៗចេះក្បាច់គុន ពិបាករកគូ។ តើការលើកឡើងខាងលើជាការពិត ឬយ៉ាងណា?
រូបតំណាង
យុវជន ខេង វណ្ណៈ និស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា អីចឹងមែន ព្រោះមនុស្សស្រីចេះក្បាច់គុន នឹងមានកាយសម្បទាដូចមនុស្សប្រុសមិនខាន ដូច្នេះពិបាកមានទីផ្សារបន្តិចហើយ។
យុវជន ដេវីដ បុគ្គលិកក្រុមហ៊ុនឯកជនមួយបានឲ្យដឹងស្រដៀងគ្នាដែរថា អាចត្រូវបានបុរសធម្មតារើសអើងដែរ ។ ដេវីដ បានបន្ថែមថា៖ “ត្រឹមស្រឡាញ់ជាសង្សារមិនអីទេ ប៉ុន្តែបើយកប្ដីប្រពន្ធរាងពិបាកបន្តិច ព្រោះស្រួលមិនស្រួលឈ្លោះគ្នាតិចតួច នាងដាក់សន្លប់ក៏អាចថាបាន”។
រីឯយុវជន សុភ័ក្ត្រ និស្សិតនៅសាកលវិទ្យាល័យធនធានមនុស្ស បានឲ្យដឹងថា អាស្រ័យរូបរាងរបស់នាងប៉ុណ្ណោះ។ បើសិនជានាងស្អាតដូចតួកុននោះ ចេះក្បាច់គុនប៉ុណ្ណាក៏តាមទាល់តែបានដែរ។ បើសិនជាមិនស្អាតវិញ ទោះទន់ភ្លន់ជាស្រីប៉ុណ្ណាក៏យ៉ាប់ដែរ។
ផ្ទុយពីអ្នកទាំង៣ខាងលើ កញ្ញា ធារី អ្នកចេះការ៉ាតេដូខ្សែក្រវាត់ខ្មៅ២ជាន់ បានឲ្យដឹងថា មិនមែនជាការពិតនោះទេ។ ស្នេហាពឹងលើនិស្ស័យ ហើយមនុស្សស្រីចេះក្បាច់គុន មិនមែនសុទ្ធតែអាក្រក់នោះទេ ។ កញ្ញាបានបន្ថែមថា៖ “ខ្ញុំចេះ ប៉ុន្តែមានអ្នកតាមស្រឡាញ់ច្រើន។ សង្សារខ្ញុំគាត់មិនចេះក្បាច់គុនទេ ប៉ុន្តែគាត់មានចិត្តស្មោះ”។
លោក កៀក ឆាយ គ្រូការ៉ាតេដូ ធ្លាប់បានឲ្យដឹងថា ភាគច្រើនគេយល់ថាអ្នកហាត់ក្បាច់គុនគឺជាមនុស្សកោងកាចបង្កការវាយតប់ ប៉ុន្តែធាតុពិតមិនមែននោះទេ គឺអ្នកហាត់ក្បាច់គុនបែរជាមានចិត្តអត់ធ្មត់ខ្ពស់ ហើយអាចការពារខ្លួនឯងបានទៀតផង៕
ចុះប្រិយមិត្តវិញ ស្រឡាញ់អត់បើនាងចេះក្បាច់គុន?
អត្ថបទ៖ កង ចាន់បញ្ញា