
អ្នកនិយមចូលចិត្តបរិភោគភេសជ្ជៈកូកាកូឡា «Coca Cola » នៅកម្ពុជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងការបង្ហោះ Video Clip មួយនៅក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនាដើមខែវិច្ឆិកា ឆ្នាំ២០១៣ បង្ហាញឲ្យឃើញថា ភេសជ្ជៈកូកាកូឡានេះមានជាតិអាស៊ីដខ្ពស់ទើបអាចលាងសម្អាតជម្រះច្រែះបាន ជាហេតុធ្វើឲ្យការទទួលទានក៏អាចកាត់ក្រពះឲ្យស្តើងឬឈានទៅធ្លាយក្រពះបានដែរ ។
លើសពីនេះនៅមាន Video Clip មួយទៀតដែលត្រូវបានគេបង្ហោះនៅក្នុងគេហទំព័រ Youtube នោះបានបង្ហាញឲ្យឃើញថា ស៊ុតមាន់ស្ងោររួចមួយគ្រាប់ គឺសម្បកស៊ុតត្រូវរលាយអស់ក្នុងរយៈពេលមួយឆ្នាំសល់តែសាច់ស៊ុតប៉ុណ្ណោះនៅក្នុងកែវដោយសារភេសជ្ជៈ កូកាកូឡា ។ រូបភាពនេះបានធ្វើឲ្យអ្នកចូលចិត្តបរិភោគភេសជ្ជៈកូកាកូឡា មានអារម្មណ៍ថា កូកាកូឡាអាចនឹងធ្វើឲ្យពុកធ្មេញដោយសារជាតិអាស៊ីដខ្ពស់ក្នុងភេសជ្ជៈ ។
ដោយឡែក អ្នកស្រី លឹម លីណា ជាអ្នកតំណាងផ្នែកទីផ្សារនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា ធ្លាប់បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ផលិតផលរបស់កូកាកូឡាមានលក្ខណៈស្តង់ដារចំណីអាហារត្រឹមត្រូវនិងមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ការប្រើប្រាស់ ហើយការបង្ហោះ Video Clip ក្នុង Facebook នោះអាចជាអំពើបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនកូកាកូឡាផងក៏ថាបាន ។
ទោះយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជំកំពូលរយៈពេល៣ម៉ោងរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយឯកឧត្តម សម រង្ស៊ី នៅវិមានរដ្ឋសភាកន្លងមកនោះ ភេសជ្ជៈកូកាកូឡា ត្រូវបានយកមកទទួលប្រតិភូគណបក្សនយោបាយទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ទាំងពីរក្នុងកិច្ចប្រជុំផងដែរ ៕
Source from: www.dtn7.com