រាជរដ្ឋាភិបាល​គ្រោង​ប្តឹង​លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ទៅ​តុលាការ​ដោយសារ​ក្រសួង​ការងារ​រាយការណ៍​ថា​ជា​សហជីព​មិន​មាន​ចុះ​បញ្ជិកា​

រាជរដ្ឋាភិបាល​គ្រោង​ប្តឹង​លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ទៅ​តុលាការ​ដោយសារ​ក្រសួង​ការងារ​រាយការណ៍​ថា​ជា​សហជីព​មិន​មាន​ចុះ​បញ្ជិកា​

​យោង​តាម​លិខិត​របាយការណ៍​ និង​លើក​យោបល់​របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ និង​យោង​តាម​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​លិខិត​លើក​យោបល់​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ រាជរដ្ឋាភិបាល​មាន​គម្រោង​ប្តឹង​លោក​ រ៉ុ​ង​ ឈុ​ន​ ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ទៅ​តុលាការ​ជា​សមត្ថកិច្ច​ ដោយសារ​ក្រសួង​ការងារ​ចោទប្រកាន់​ថា​ សហភាព​សហជីព​កម្ពុជា​ គឺជា​សហជីព​មិន​មាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​តាម​ច្បាប់​ ។​

​រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​គ្រោង​ប្តឹង​លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ទៅ​តុលាការ​ជា​សមត្ថកិច្ច​បែប​នេះ​ គឺ​អនុលោម​តាម​ស្មារតី​លិខិត​លេខ​២១០២​ ស​ជ​ណ​.​អ​វ​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​បាន​ជម្រាប​ជូន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។​

​ក្រៅ​អំពី​ការ​គ្រោង​ប្តឹង​លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ទៅ​តុលាការ​ជា​សមត្ថកិច្ច​ ពីព្រោះ​តែ​សហជីព​នេះ​គ្មាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​នោះ​ គឺ​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចេញ​លិខិត​ព្រមាន​ចំពោះ​សហជីព​ចំនួន​៥​ទៀត​ឲ្យ​គោរព​តាម​សេចក្តីសម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ និង​បញ្ឈប់​ការ​ញុះញង់​ធ្វើ​បាតុកម្ម​ជា​បន្ទាន់​ រួម​មាន​ ៖​ ១-​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ អាត់​ ធន់​,​ ២-​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា​ ដឹកនាំ​ដោយ​លោកស្រី​ ម៉​ម​ ញឹ​ម​,​ ៣-​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដឹកនាំ​ដោយ​លោក​ ប៉ាវ​ ស៊ី​ណា​,​ ៤-​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ ជា​ មុនី​ និង​៥-​សម្ព័ន្ធ​សហជីព​កម្ពុជា​ ដឹកនាំ​ដោយ​លោកស្រី​ យ៉ាវ​ សោ​ភ័​ណ្ឌ​ ។​ លើស​ពី​នេះ​ រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​មិន​បញ្ឈប់​បាតុកម្ម​ នឹង​ចាត់វិធានការ​ព្យួរ​បញ្ជិកា​ បើ​នៅ​បន្ត​នឹង​លុប​ចេញពី​បញ្ជិកា​អង្គការ​សហជីព​ ហើយ​បើ​នៅ​តែ​រឹងរូស​នឹង​ប្តឹង​ទៅ​តុលាការ​ ។​

​ទាក់ទង​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​ បាតុកម្ម​របស់​កម្មករ​ កម្មការិនី​នោះ​ គឺ​រាជរដ្ឋាភិបាល​បាន​កំណត់​ពេលវេលា​ឲ្យ​កម្មករ​ និយោជិត​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៤​ បើ​អង្គការ​សហជីព​ណា​ដែល​បង្ក​ការ​រំខាន​ ត្រូវ​ទទួលខុសត្រូវ​រាល់​ផលវិបាក​ដែល​កើតឡើង​ ។​ កម្លាំង​សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់​ និង​ចាត់វិធានការ​ចំពោះ​ជន​អនាធិបតេយ្យ​ដែល​ដើរ​ញុះញង់​គំរាមកំហែង​ បង្ខំ​ឲ្យ​កម្មករ​ឈប់​ធ្វើការ​ និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​ និង​ជួយ​ការពារ​រោងចក្រ​ឲ្យ​បើក​ដំណើរការ​តាម​កាលបរិច្ឆេទ​កំណត់​ ។​

​នៅ​ទី​បញ្ចប់​នៃ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ គឺ​បាន​បញ្ជាក់​ថា​ ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ដំឡើង​ដល់​១៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ភ្លាមៗ​ជូន​កម្មករ​ និយោជិត​ គឺ​មិន​អាច​អនុវត្តន៍​បាន​ឡើយ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ពាក់ព័ន្ធ​នឹង​ករណី​ការ​បង្កើត​សហភាព​សហជីព​កម្ពុជា​ ដែល​មាន​លោក​ រ៉ុ​ង​ ឈុ​ន​ ជា​ប្រធាន​ ហើយ​កំពុង​ប្រឈម​នឹង​រាជរដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​ ដោយសារ​មិន​ទាន់​មាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​នោះ​ គឺ​សហភាព​សហជីព​កម្ពុជា​ធ្លាប់​បាន​ដាក់​ពាក្យសុំ​ចុះ​បញ្ជិកា​ទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ ប៉ុន្តែ​ក្រសួង​មិន​អនុញ្ញាត​ ។​ លើស​ពី​នេះ​ ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​ គឺ​លោក​ រ៉ុ​ង​ ឈុ​ន​ ក្នុង​នាម​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ធ្លាប់​បាន​ធ្វើ​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០០៧​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​កម្មវត្ថុ​ស្នើ​សុំ​អន្តរាគមន៍​បញ្ចុះតម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ឲ្យ​មាន​តម្លៃ​សម​ស្រប​ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ឆ្លើយ​តប​មក​លោក​ រ៉ុ​ង​ ឈុ​ន​ វិញ​តាម​លិខិត​លេខ​០១​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០០៨​ ចុះហត្ថលេខា​ផ្ទាល់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ហេតុ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​សហភាព​សហជីព​កម្ពុជា​យល់​ឃើញ​ថា​ សូ​ម្បី​តែ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ទទួលស្គាល់​ថា​ មាន​អង្គការ​មួយ​ឈ្មោះ​ សហភាព​សហជីព​កម្ពុជា​ ដែល​មាន​លោក​ រ៉ុ​ង​ ឈុ​ន​ ជា​ប្រធាន​ ទើប​រាជរដ្ឋាភិបាល​ធ្វើ​លិខិតផ្លូវការ​ឆ្លើយ​តប​មក​លោក​ រ៉ុ​ង​ ឈុ​ន​ វិញ​ដូច្នេះ​ ។​ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ បែរជា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ជា​ស្ថាប័ន​ជំនាញ​ធ្វើ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​ មិន​អនុញ្ញាត​ឲ្យ​សហភាព​សហជីព​កម្ពុជា​ចុះ​បញ្ជិកា​តាម​ច្បាប់​ទៅ​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​ចាប់ផ្តើម​ប្រើប្រាស់​វិធានការ​ក្តៅ​ទៅ​លើ​ក្រុម​សហជីព​ដែល​នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​មាន​តម្លៃ​សម​ស្រប​ជូន​កម្មករ​ កម្មការិនី​ ដើម្បី​គិតគូរ​ដល់​ជីវភាព​ដល់​កម្មករ​ ជា​បណ្តើរៗ​ហើយៗ​ក៏​អាច​សន្មត​បាន​ថា​ ស្រមោល​បាតដៃ​ទី​៣​របស់​បុរស​ខ្លាំង​ចាប់ផ្តើម​បញ្ចេញ​ទៅ​លើ​តំណាង​កម្មករ​ ដែល​មិន​ស្តាប់​តាម​ការ​បង្គាប់​ ឬ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ៕​

CCU-2 CCU-3CCU-4CCU-Letter


Source from: www.dtn7.com

No comments:

Post a Comment