ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង យកតួនាទីជាមន្ត្រីយោធា នៅក្នុងវរៈសេនាតូច ការពារព្រំដែន២០៤ ទៅរកស៊ីដឹកជញ្ជូនឈើប្រណីត

ខេត្ដក្រចេះ ៖ ឈ្មួញដ៏មានអំណាចម្នាក់ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង កំពុងយកតួនាទី ជាមន្ត្រីយោធា នៅក្នុងវរៈសេនាតូច ការពារព្រំដែនលេខ២០៤ កំពុងតែយកតួនាទីរបស់ខ្លួន មកធ្វើការដឹកជញ្ជូនឈើប្រណីត ដ៏អនាធិបតេយ្យចេញពីតំបន់ឃុំរលួសមានជ័យ ក្នុងស្រុកសំបូរ ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅស្រុកស្នួល និងបន្តយកទៅលក់ នៅប្រទេសវៀតណាម មិនដែលមាននរណា ហ៊ានប៉ះពាល់ទេ ។
សកម្មភាពនៃការដឹកជញ្ជូន ឈើប្រណីតរបស់ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង គឺមិនខ្លាចញញើត ជាមួយសមត្ថកិច្ចណានោះទេ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ច ពាក់ព័ន្ធ បានទទួលផលប្រយោជន៍ជាប្រចាំ ហើយនៅពេលមានបញ្ហាកើតឡើង សមត្ថកិច្ចបានត្រឹមតែ ជួយសម្រួលឡានឈើ របស់ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង ឲ្យចៀសផុតពីការបង្ក្រាបតែប៉ុណ្ណោះ ។
ដូចជានៅយប់ថ្ងៃទី២៨ ខែមករា ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង បាននាំក្បួនរថយន្តដឹកឈើប្រណីត ល្មើសច្បាប់ចំនួន ៦គ្រឿង ក្នុងនោះរថយន្តសាំយ៉ុង ចំនួន ៤គ្រឿង និងរថយន្តធុនដ្រាចំនួន ២ គ្រឿង ចេញពីតំបន់ឃុំរលួសមានជ័យ ក្នុងស្រុកសំបូរ ធ្វើដំណើរតាមផ្លូវជាតិលេខ៧ សំដៅទៅលក់ នៅប្រទេសវៀតណាម ដោយគ្មានសមត្ថកិច្ចជំនាញ ចុះធ្វើការទប់ស្កាត់នោះទេ ។
ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង បានក្លាយជាយោធាម្នាក់ ដ៏មានសិទ្ធិអំណាចខ្លាំងបំផុត នៅក្នុងខេត្តក្រចេះ ដែលអាចយកតួនាទីរបស់ខ្លួន មករកស៊ីដឹកជញ្ជូនឈើប្រណីត ផ្ទុយពី បទបញ្ជារបស់ថ្នាក់លើ ។ ក្នុងពេលចេញឈើប្រណីត គេតែងតែឃើញវត្តមាន លោក សន ឈឿង បើករថយន្តរបស់ខ្លួន ទៅរត់ការជាមួយសមត្ថកិច្ច ជាច្រើនស្ថាបន័ ដែលមានតួនាទីក្នុងការ ចាប់បង្ក្រាបបទល្មើស នៃការដឹកជញ្ជូនឈើខុសច្បាប់។
បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ខេត្ដក្រចេះ មានពាក់ព័ន្ធ នឹងផលប្រយោជន៍ជាច្រើន ជាមួយឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូខុង ដែលជាឈ្មួញពាក់ស្បែក ជាមន្ដ្រីយោធារកស៊ី ដឹកឈើខុសច្បាប់នេះ។ ប្រភពនានាសុទ្ធតែ អះអាងដូចៗគ្នាថា លោក សន ឈឿង គឺជាមន្ដ្រីយោធា នៅវរៈសេនាតូចការពារព្រំដែនលេខ២០៤ ល្បីល្បាញក្នុងការរកស៊ីដឹកឈើ ប្រណីតដោយមិនញញើត សមត្ថកិច្ចណាឡើយ៕
Source from: watphnom-news.com