ក្មេងឈាមរាវបើកម៉ូតូទើបនឹងទិញ ជ្រុលទៅបុករថយន្ត ដួសសន្លប់បាក់ជើងទាំង ២នាក់

ខេត្តព្រះសីហនុ ៖ ក្មេងទំនើង ២ នាក់ បានបើកម៉ូតូទើបតែនឹងទិញ ទៅបុកគូទរថយន្ត ឡិចស៊ីស៤៧០ ពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេងទាំង២ នាក់ កាលពីវេលាម៉ោង ១៦និង៤៥ នាទីល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុចមុខសាលាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ ហើយម៉ូតូបានខូចខាត មួយកំណាត់មុខ ចំណែករថយន្ត កំពិតទ្វារក្រោយ ព្រមទាំងបែកកញ្ចក់ក្រោយ ១ផ្ទាំងផងដែរ ។
ជនរងគ្រោះបានបើកម៉ូតូ ម៉ាក ណិច ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1D-3109 មានឈ្មោះ ឈ្មោះ គុន សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបើកបរ រងរបួសធ្ងន់បាក់ជើងឆ្វេង ៣ទៅ៤ កំណាត់ និងបែកក្បាល និងឈ្មោះ ស៊ឹម បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នករួមដំណើរ និងជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ បាក់ជើងឆ្វេងដូចគ្នា ចំណែកភាគីរថយន្ត ម៉ាកឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-2714 បើកបរដោយឈ្មោះ Igor Romanovksi ជនជាតិអ៊ីស្រាអែល ។
សាក្សីបានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្ត ទំនើបមួយគ្រឿង បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបង្អង់បត់ឆ្វេង ស្របពេល នោះមានម៉ូតូមួយគ្រឿងទៀត បើកពីក្រោយស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏បានបុករថយន្ត យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនទាំង ២នាក់ ដេកដួលសន្លប់ស្តូកស្តឹង នៅនឹងកន្លែង ត្រូវបាន ដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជន ប៉ុន្តែដោយអាការៈ របួសធ្ងន់ពេក ក៏បានដឹកបន្តទៅកាន់ រាជ ធានីភ្នំពេញ ៕
Source from: watphnom-news.com