ឡានឈ្នួលបើកបុកក្មេងស្រីប៉ើងជាង ៥ម៉ែត្រស្លាប់ ពេលដើរឆ្លងផ្លូវចេញពីសាលារៀន

ក្រុងប៉ោយប៉ែត ៖ ក្មេងស្រីអាយុ ៧ឆ្នាំ ម្នាក់ជាសិស្សសាលា ត្រូវរថយន្ដកាមរីមួយគ្រឿង បើកបុកបណ្តាលឲ្យដួល បោកក្បាលស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័ម ខណៈដែលនាងដើរឆ្លងផ្លូវ ពេលចេញពីសាលារៀន តាមផ្លូវជាតិលេខ៥ នៅភូមិកូនដំរី សង្កាត់និមិត្ដ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១០និង៤៥ នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ក្មេងស្រីរងគ្រោះមានឈ្មោះ អូន ស្រីអូន ជាសិស្សរៀននៅ សាលាបឋមសិក្សាកូនដំរី មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែករថយន្ដបង្ក ម៉ាកកាមរីស៊េរីឆ្នាំ១៩៩៥ ពណ៌ទឹកប្រាក់ ចង្កូតស្ដាំ ពាក់ស្លាកលេខ សៀមរាប ២A-៣៦៦៧។ នៅក្នុងរថយន្ដបង្កនគរបាលរកឃើញ ប័ណ្ណសម្គាល់អ្នកបើកបរ ឈ្មោះ អៀ ស៊ីនហេង ភេទប្រុសជានគរបាល ដែលរថយន្ដនេះ រត់ឈ្នួលពីក្រុង ប៉ោយប៉ែត-បាត់ដំបង និងសៀមរាបបានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីបានឲ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះ បានដើរមកពីទិសខាងកើតខាងស្ដាំដៃរថយន្ដ ហើយរថយន្ដបង្កបោះពួយ យ៉ាងលឿន ពីប៉ោយប៉ែត ដោយផ្ទុកអ្នកដំណើរពេញ ។ លុះដល់ចំណុចកើតហេតុ ក៏បុកក្មេងស្រីដែលដើរឆ្លងផ្លូវ បម្រុងទៅផ្ទះយ៉ាងពេញទំហឹង បណ្ដាលឱ្យក្មេងស្រីរងគ្រោះ ផ្លោងប្រហែលជា ៥ម៉ែត្រ រងរបួសធ្ងន់ហើយត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជនប៉ោយប៉ែត តែនាងបានស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com
No comments:
Post a Comment