កំពុងសម្រាកលើគ្រែមុខផ្ទះ ត្រូវឡានដឹកដែកបើកបុកទាំងកំរោល ស្លាប់ភ្លាមៗគួរឲ្យរន្ធត់

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តដឹកដែក រេចង្កូតទៅបុកទាំងកំរោល ខណៈដែលគាត់កំពុងសម្រាក លើគ្រែនៅមុខផ្ទះ ហើយជ្រុលទៅបុក បង្គោលភ្លើងមួយដើមទៀត ទើបទៅមុខលែងរួច កាលពីវេលាម៉ោង ១៥និង៤៥ នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបណ្តោយផ្លូវជាតិលេខ៥ ជិតប៉ុស្ដិ៍នគរបាលស្វាយប៉ាក ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចក៏បានបានឃាត់ខ្លួន អ្នកបើកបររថយន្តបង្កភ្លាមៗ យកមកប៉ុស្ដិ៍ហើយបញ្ជូនទៅ ការិយាល័យចរាចរជើងគោក ដើម្បីចាត់ការបន្តតាមនីតិវិធី។ ស្ត្រីរងគ្រោះមានឈ្មោះ បាន ផុំ អាយុ ៧០ឆ្នាំ រស់នៅកន្លែងកើតហេតុ និងជនបង្កជាតៃកុងឡានមានឈ្មោះ លី ហុង អាយុ ៣៩ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បើករថយន្តម៉ាកកូរ៉េ ចំណុះមួយតោន ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-0996 ក៏រងការខូចខាតធ្ងន់ធ្ងរផងដែរ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កដឹកដែក ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅចិញ្ចើមផ្លូវ បុកចូលផ្ទះលោកយាយរងគ្រោះតែម្តង ខណៈដែលគាត់កំពុង អង្គុយលើគ្រែមុខផ្ទះ ហើយរថយន្តមិនទាន់អស់ល្បឿនបានហួសទៅបុកបង្គោលភ្លើងមួយដើមទៀត តែមិនបណ្តាលឲ្យបាក់នោះទេ។ សម្ភារក្នុងផ្ទះមួយចំនួន បានរងនូវការខូចខាត ហើយសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
Source from: watphnom-news.com
No comments:
Post a Comment