ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀន ២០០គ្រាប់ ពេលកំពុងធ្វើសកម្មភាព

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាល វរការពារព្រំដែនគោក លេខ៨០៧ ទិសបឹងត្រកួន បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងដកហូតបាន ថ្នាំញៀនប្រភេទ WY ឬយ៉ាមា ចំនួន ២០០គ្រាប់ កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈដែលពួកគេ កំពុងធ្វើសកម្មភាពចែកចាយ។
សមត្ថកិច្ចបានឲ្យដឹងថា អំឡុងពេលចុះល្បាត នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្រាប់តែប្រទះឃើញ ជនសង្ស័យប្រុសស្រីចំនួន ៣នាក់ កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួនភ្លាមៗ ឆែកឆេររកឃើញ ថ្នាំញៀនប្រភេទ WY នៅនឹងខ្លួនជនសង្ស័យ រួចយកមកសួរនាំនៅប៉ុស្តិ៍ ទើបបញ្ជូនមកកាន់ ស្នងការខេត្តទាំងយប់។ ជនសង្ស័យទាំង ៣នាក់នោះមានឈ្មោះ ទី១-ឈ្មោះ លី សីហា ភេទប្រុស អាយុ ២៥ឆ្នាំ ទី២-ឈ្មោះ ខាន់ ចំរើន ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំង២ ទទួលការចែកចាយបន្ត និងទី៣-ឈ្មោះ សោម ចាន់ចំប៉ី ភេទស្រី អាយុ ២៧ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន ជនសង្ស័យទាំង ៣នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាង មួយចំនួនដូចជាគ្រឿងញៀន ប្រភេទ WY ចំនួន ២០០គ្រាប់ កងដៃផ្លាទីន ១២កង ខ្សែកផ្លាទីន១ខ្សែ ចិញ្ចៀនផ្លាទីន ៣វង់ ។ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្ត ករណីជួញដូរគ្រឿងញៀន ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ នៃស្នងការខេត្ត កសាងសំណំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com