ឪពុក​ចិត្ត​តិរច្ឆាន​យក​ទារិកា​ជា​កូនបង្កើត​ទៅ​កប់​ទាំង​រស់​ ព្រោះ​ចាប់កំណើត​មក​មាន​មាត់​ឆែប​

ឪពុក​ចិត្ត​តិរច្ឆាន​យក​ទារិកា​ជា​កូនបង្កើត​ទៅ​កប់​ទាំង​រស់​ ព្រោះ​ចាប់កំណើត​មក​មាន​មាត់​ឆែប​

​មាន​ហេតុការណ៍​ដ៏​កម្រ​ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ នា​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ គឺ​បុរស​គ្រូបង្រៀន​ជា​ឪពុក​ម្នាក់​ មាន​ចិត្តជា​តិរច្ឆាន​យក​ទារិកា​ជា​កូនបង្កើត​របស់​ខ្លួន​ទៅ​កប់​ទាំង​រស់​ ព្រោះតែ​ទារិកា​នោះ​ចាប់កំណើត​មក​មាន​មាត់​ឆែប​ និង​ខឹង​ឪពុកក្មេក​ស្តីបន្ទោស​ថា​ មិន​ចេះ​មើលថែ​ទាំ​ប្រពន្ធ​ពេល​មាន​ផ្ទៃពោះ​ ។​

​ឪពុក​ចិត្ត​តិរច្ឆាន​ដែល​យក​ទារិកា​ជា​កូនបង្កើត​របស់​ខ្លួន​ទៅ​កប់​ទាំង​រស់​នោះ​ មានឈ្មោះ​ គង់​ ធី​ អាយុ​២៩​ឆ្នាំ​ មានមុខរ​បរជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​អង្គាស​ ឃុំ​អង្គាស​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ និង​មាន​ភរិយា​ដែល​ជា​ម្តាយ​របស់​ទារិកា​រង​គ្រោះ​ឈ្មោះ​ ហេង​ ដា​នី​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ ។​ បុរស​ជា​ឪពុក​ចិត្ត​តិរច្ឆាន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ បន្ទាប់​ពី​យាយជី​ តាជី​ និង​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់​ប្តឹង​ទៅ​សមត្ថកិច្ច​ ។​

​តាម​ការ​បំភ្លឺ​របស់​ឪពុកក្មេក​ជនសង្ស័យ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ កូនស្រី​របស់​គាត់​បាន​ឈឺពោះ​សម្រាលកូន​ ដោយពេល​នោះ​កូនប្រសា​ជា​ជនសង្ស័យ​បាន​ដឹក​ប្រពន្ធ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សម្រាលកូន​ ។​ លុះដល់​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ​ នា​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ កូនស្រី​របស់​គាត់​បាន​សម្រាល​ទារិកា​ម្នាក់​ តែ​អកុសល​ទារិកា​អ​ភ័​ព្ធ​នេះ​ចាប់កំណើត​មក​មាន​មាត់​ឆែប​ ។​ ឃើញ​ចៅ​កើតមក​មាន​មាត់​ឆែប​បែប​នេះ​ គាត់​ជា​ឪពុកក្មេក​ក៏​បាន​និយាយ​ទៅ​កាន់​កូនប្រសា​ជា​ជនសង្ស័យ​ថា​ ពេល​ប្រពន្ធ​ពោះធំ​មិន​ចេះ​ថែទាំ​ ទើប​កូន​កើតមក​ឆែប​បាត់​ដូច្នេះ​ និង​ទំនងជា​បាន​ធ្វើ​ឲ្យ​កូនប្រសា​គាត់​ខឹងសម្បា​នៅ​ក្នុង​ចិត្ត​ ទើប​ពេល​គាត់​មិន​នៅ​ និង​ប្រពន្ធ​ដេក​លង់លក់​នោះ​ កូនប្រសា​គាត់​ក៏​បាន​បី​ទារិកា​ទើបនឹង​ចាប់កំណើត​បាន​រយៈពេល​ប្រមាណ​១៥​ម៉ោង​ យក​ទៅ​កប់​ចោល​ទាំង​រស់នៅ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់​តែ​ម្តង​ ។​

​ឪពុកក្មេក​របស់​ជនសង្ស័យ​ បាន​បំភ្លឺ​ឲ្យ​ដឹង​ទៀត​ថា​ ពេល​ដែល​កូនប្រសា​គាត់​បី​ទារិកា​លួច​យក​ទៅ​កប់​ចោល​ទាំង​រស់​នោះ​ មាន​យាយជី​ម្នាក់​សុំ​សីល​នៅ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់​ បានឃើញ​ និង​ឮ​សូរ​ទារិកា​យំ​ ក៏​មានការ​សង្ស័យ​ និង​បាន​លប​ដើរ​តាម​ពីក្រោយ​ ស្រាប់តែ​ឃើញ​កូនប្រសា​គាត់​យក​ចប​កាយ​រណ្តៅ​ធំ​ល្មម​ និង​បាន​ទម្លាក់​ទារិកា​ជា​កូន​ចូល​ទៅ​ក្នុង​រណ្តៅ​ រួច​ហើយ​កាយ​ដី​កប់​ពីលើ​ធ្វើ​ដូច​ជា​ការ​បញ្ចុះសព​ដូច្នោះ​ដែរ​ ។​ ក្រោយ​ធ្វើ​សកម្មភាព​កប់​កូន​ទាំងរ​ស់រួច​ហើយ​ កូនប្រសា​គាត់​ក៏​បាន​លប​ដើរ​គេចខ្លួន​យ៉ាង​ប្រញាប់ប្រញាល់​ចេញពី​កន្លែង​កប់​កូន​របស់​ខ្លួន​ ។​ ភ្លាមៗ​នោះ​ដែរ​ យាយជី​ដែល​បាន​លប​ឃើញ​សកម្មភាព​បែប​នេះ​ ក៏​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ និង​បាន​ទៅ​កាយ​ផ្នូរ​មើល​ ស្រាប់តែ​ប្រទះ​ឃើញ​ទារិកា​នៅ​មាន​ដង្ហើម​នៅឡើយ​ ក៏​បាន​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ ក៏​និមន្ត​ទៅ​មើល​ និង​លើក​ទារិកា​យក​មក​លាង​ទឹក​ជូន​សម្អាត​ រួច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​ជីវិត​ និង​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ក្នុង​ពេលវេលា​ល្ងាច​នា​ថ្ងៃ​ដដែល​នេះ​ដែរ​ ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ ទារិកា​រង​គ្រោះ​កំពុង​ឋិត​នៅ​ក្រោម​ការ​តាមដាន​សុខភាព​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ និង​ក្រោម​ការ​ការពារ​ពី​សមត្ថកិច្ច​នៅឡើយ​ ខណៈ​ដែល​ស្ត្រី​ជា​ម្តាយ​បាន​ស្រែក​ទ្រហោយំ​ទាមទារ​សុំ​យក​ទារិកា​ជា​កូន​ទៅ​បំបៅ​ដោះ​ និង​ក្រោយ​ពេល​បានដឹង​ថា​ ប្តី​របស់​ខ្លួន​មានចិត្ត​តិរច្ឆាន​យក​កូនបង្កើត​ទៅ​កប់​ចោល​ទាំង​រស់​យ៉ាង​ព្រៃផ្សៃ​ ៕​

Svay-Rieng-30


Source from: www.dtn7.com

No comments:

Post a Comment