បើ​ជឿជាក់​លើ​របាយការណ៍​មេទាហាន​របស់​ខ្លួន​ហើយ​ តើ​បុរស​ខ្លាំង​ត្រូវ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ចៅក្រម​ពុក​រលួយ ​?

បើ​ជឿជាក់​លើ​របាយការណ៍​មេទាហាន​របស់​ខ្លួន​ហើយ​ តើ​បុរស​ខ្លាំង​ត្រូវ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ចៅក្រម​ពុក​រលួយ ​?

​បន្ទាប់​ពី​បាន​ចុះហត្ថលេខា​នៅ​លើ​លិខិត​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៥១១​លស​ ចុះ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៤​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ព្រះ​រាជទាន​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ ជា​ តារា​ ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​មាន​តួនាទី​ជា​នាយ​រង​សេនាធិការ​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំការ​ដឹកនាំ​បញ្ជា​អាវុធ​គាំទ្រ​នៅ​ទិស​ជួរ​មុខ​សមរភូមិ​ប្រាសាទព្រះវិហារ​នោះ​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រាកដជា​បាន​អាន​ខ្លឹមសារ​រប​សយ​ការណ៍​លេខ​ពិសេស​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​ មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ ដោយ​មានការ​ដឹង​ឮ​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ហ៊ុយ​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​,​ ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ និង​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដែល​បាន​គោរព​រាយការណ៍​ជូន​បុរស​ខ្លាំង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​បុរស​ខ្លាំង​ ទាក់ទង​នឹង​ការ​ចាប់ខ្លួន​លោក​ឧត្តមសេនីយ៍​យោធា​ ជា​ តារា​ ក្នុង​រឿង​ជម្លោះ​ក្តីក្តាំ​ជាមួយ​លោក​ ឌឿ​ន​ សុវណ្ណ​ អតីត​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​និង​ជា​អតីត​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​រួច​ហើយ​ ។​

​របាយ​ការ​ណ័​លេខ​ពិសេស​ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ ដែល​បាន​គោរព​រាយការណ៍​ជូន​បុរស​ខ្លាំង​ និង​ភរិយា​នោះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ "​ការ​ពិត​ឧត្តមសេនីយ៍ទោ​ ជា​ តារា​ ជា​អ្នក​រង​គ្រោះ​ ព្រោះ​បាន​យក​លុយកាក់​ប្រគល់​ឲ្យ​ឈ្មោះ​ ឌឿ​ន​ សុវណ្ណ​ ហើយ​ បែរជា​ត្រូវ​មានទោស​រហូត​ជាប់​ពន្ធនាគារ​ និង​ត្រូវ​សងជំងឺចិត្ត​ដល់​ឈ្មោះ​ ឌឿ​ន​ សុវណ្ណ​ ទៀត​ ពិតជា​អយុត្តិធម៌​ណាស់​ ។​ នេះ​ថ្នាក់​ឧត្តមសេនីយ៍ទោ​ក្នុង​កង​យោធពលខេមរភូមិន្ទ​ ចុះ​ទម្រាំ​ប្រជាជន​សុទ្ធសាធ​ ឬ​អ្នក​វិនិយោគ​នោះ​ តើ​ត្រូវ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​យ៉ាងណា​ ?​ ឌឿ​ន​ សុវណ្ណ​ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​បុណ្យស័ក្តិ​ និង​បណ្តេញ​ចេញពី​កង​នគរបាល​ជាតិ​ នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់ថ្នាក់​ ព្រោះ​ជា​មនុស្ស​ដែល​មានការ​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ជាមួយ​ឯកឧត្តម​ ជីវ​ កេង​ ដូច្នេះ​ហើយ​ទើប​រឿង​អ្វី្ៗ​ដែល​ ឌឿ​ន​ សុវណ្ណ​ បាន​ប្តឹង​ពុំដែល​ទទួល​បរាជ័យ​ទេ​ ។​ កន្លង​មក​ ឌឿ​ន​ សុវណ្ណ​ បាន​បោកប្រាស់​ទៅ​លើ​ជនបរទេស​យ៉ាងច្រើន​ និង​បាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ ដូច​ជា​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ផ្សេងៗ​ ធ្វើ​ឯកសារ​សុំ​ហត្ថលេខា​ពី​សម្តេច​ប្រធានរដ្ឋសភា​ ស្នើ​សុំ​ដំឡើង​ឋានន្តរស័ក្តិ​ផ្ទាល់ខ្លួន​ដោយ​មិន​បាន​ឆ្លង​តាម​រយៈ​រាជរដ្ឋាភិបាល​នោះ​ទេ​ ។​ ជាង​នេះ​ ឈ្មោះ​ ឌឿ​ន​ សុវណ្ណ​ ហ៊ាន​បញ្ជា​ឲ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចុះ​វាស់វែង​ដីធ្លី​ឲ្យ​ប្រពន្ធ​ខ្លួនឯង​ទៀត​ផង​ ។​"​ ។​

​យោង​តាម​អង្គហេតុ​នៃ​សាច់​រឿង​ តួនាទី​របស់​ឯកឧត្តម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​)​ និង​របាយការណ៍​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ គឺ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ជឿជាក់​ថា​ លោក​ ឌឿ​ន​ សុវណ្ណ​ ពិតជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់ថ្នាក់​តាម​រយៈ​ឯកឧត្តម​ ជីវ​ កេង​ ជា​ចៅក្រម​ដ៏​មាន​អំណាច​ ចាប់តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ សាលាឧទ្ធរណ៍​ រហូត​ដល់​តុលាការ​កំពូល​ អាច​ច្នៃ​រឿង​ពី​ស​ទៅ​ជា​ខ្មៅ​ និង​ពី​ឈ្នះ​ទៅ​ជា​ចាញ់​ ឬ​ពី​ចាញ់​ទៅ​ជា​ឈ្នះ​វិញ​បាន​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បន្ទាប់​ពី​បាន​ពិនិត្យ​លើ​របាយការណ៍​ និង​ការ​ផ្តល់​យោបល់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៤​ និង​បាន​អាន​របាយការណ៍​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​រួច​មក​ ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​បាន​ត្រាស់​បង្គាប់​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​ ជា​ តារា​ ដែល​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​០៨​ខែ​ និង​សងជំងឺចិត្ត​ចំនួន​២០​លាន​រៀល​ ឲ្យ​ទៅ​ឈ្មោះ​ ឌឿ​ន​ សុវណ្ណ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣០០​ ចុះ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​តុលាការ​កំពូល​រួច​ហើយ​ តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៧៣​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​មានការ​ជឿជាក់​លើ​របាយការណ៍​មេទាហាន​របស់​ខ្លួន​រួច​ហើយ​នោះ​ គួរតែ​បុរស​ខ្លាំង​ចាត់ការ​បង្គាប់​ឲ្យ​មានការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុម​ចៅក្រម​ពុក​រលួយ​ ដែល​បាន​កាត់ក្តី​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ដល់​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ ផង​ ជា​ពិសេស​ត្រូវ​តែ​មាន​វិធានការ​ទៅ​លើ​ឯកឧត្តម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ (​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​)​តែ​ម្តង​ ដើម្បី​បោសសម្អាត​ក្រុម​ចៅក្រម​ខិលខូច​ ក្នុង​ន័យ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ និង​យុត្តិធម៌​ឡើង​វិញ​ ៕​

Hun-Sen-789Chea-Dara-Letter3232Chea-Dara-2-Star13333


Source from: www.dtn7.com

No comments:

Post a Comment