ប៉េអឹមបង្ក្រាបយោធាដឹកឈើគ្រញូងក្នុងមណ្ឌលបុរសខ្លាំងធ្វើជាអ្នកតំណាងរាស្ត្រ

វេលាម៉ោង០៣និង២០នាទីព្រឹក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ៨ ឋិតក្នុងភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាមណ្ឌលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើជាអ្នកតំណាងរាស្ត្រផងនោះ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ស្ទាក់ចាប់បានរថយន្តរបស់មន្ត្រីយោធាដឹកឈើគ្រញូងមួយគ្រឿងម៉ាកវីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-7930 ជាមួយនឹងឈើគ្រញូងចំនួន៤៦ដុំ ទម្ងន់១៨៩គីឡូក្រាម ។
សមត្ថកិច្ចអាវុធហត្ថស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តលួចដឹកឈើគ្រញូងដែលបង្ក្រាបបាននោះ បើកបរដោយឈ្មោះ កែវ ថុន ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធានៃកងអនុសេនាតូចលេខ១ មានទីលំនៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលជនសង្ស័យចំនួន២នាក់ទៀតបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ។
ជនសង្ស័យជាមន្ត្រីយោធាឈ្មោះ កែវ ថុន បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា រថយន្តនិងឈើគ្រញូងនោះ គឺជាកម្មសិទ្ធិរបស់ខ្លួន ហើយនៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ខ្លួននិងបក្ខពួកចំនួន២នាក់ទៀតបានដឹកឈើគ្រញូងនេះចេញពីខេត្តឧត្តរមានជ័យ ឆ្លងកាត់តាមខេត្តព្រៃវែង បំណងយកទៅលក់នៅស្រុកមេមត់ ខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៨ មកដល់ចំណុចកើតហេតុ ត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានទាំងខ្លួន ទាំងរថយន្ត ទាំងឈើតែម្តង ។
បច្ចុប្បន្ន វត្ថុតាងមានរថយន្ត និងឈើគ្រញូង ព្រមទាំងជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ប្រគល់ឲ្យទៅជំនាញផ្នែករដ្ឋបាលព្រៃឈើ មានទីតាំងឋិតនៅព្រែកព្នៅដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា រថយន្តដឹកឈើគ្រញូងរបស់មន្ត្រីយោធាឈ្មោះ កែវ ថុន ធ្វើដំណើរចេញតាំងពីខេត្តឧត្តរមានជ័យ រហូតមកដល់ភូមិសាស្ត្រខ្សាច់កណ្តាល ខេត្តកណ្តាល គឺឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យ និងមន្ត្រីមេព្រៃច្រើនគោលដៅណាស់ ដូច្នេះ តើហេតុអ្វីបានជាសមត្ថកិច្ចបានគោលដៅទាំងនោះមើលមិនឃើញ ឬធ្វើជាមើលរំលងប្រមូលយកលុយដាក់ហោប៉ៅអស់បាត់ទៅហើយ ? ៕
Source from: www.dtn7.com