ការស្លាប់របស់នាយរងប៉ុស្តិ៍រដ្ឋបាលម្នាក់សង្ស័យឋិតក្រោមស្នាដៃស្រីស្នេហ៍ជាម្ចាស់ហាងខារ៉ាអូខេ

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង១៨និង៣០នាទីល្ងាច នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៣ ខេត្តព្រះសីហនុម្នាក់ ដែលគេស្គាល់ថាមានឈ្មោះ ហែម សារិទ្ធ អាយុ៥៣ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយ៍ឯក បានទទួលរងមរណភាព ពាក់ព័ន្ធនឹងហាងខារ៉ាអូខេមួយកន្លែងមានយីហោ រាត្រីសុខសាន្ត ឋិតក្នុងភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដ៏គួរឲ្យភ្ញាក់ផ្អើល និងបានបន្សល់ទុកនូវមូលហេតុជាច្រើនដែលធ្វើឲ្យសមត្ថកិច្ច និងក្រុមគ្រួសារសពដាក់ការសង្ស័យ ព្រមទាំងកំពុងតាមដានស៊ើបអង្កេតយ៉ាងសកម្ម ។
ប្រភពព័ត៌មានជាច្រើនបានលើកឡើងពាក់ព័ន្ធនឹងការស្លាប់របស់នាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣នេះ គឺដោយសារជនរងគ្រោះនិងស្ត្រីម្នាក់ឈ្មោះ សួន សុខសាន្ត ដែលជាម្ចាស់ហាងខារ៉ាអូខេយីហោ រាត្រីសុខសាន្ត មានទំនាក់ទំនងនឹងគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយ សូម្បីតែភរិយារបស់ជនរងគ្រោះក៏បានដឹងអំពីការទំនាក់ទំនងរបស់ស្វាមីខ្លួននិងស្ត្រីជាម្ចាស់ហាងខារ៉ាអូខេ នេះដែរ ។
លោកស្រី សេង និមល អាយុ៥០ឆ្នាំ ដែលជាភរិយារបស់ជនរងគ្រោះបានផ្តោតការសង្ស័យថា ស្វាមីរបស់ខ្លួនអាចស្លាប់ដោយសារស្រីស្នេហ៍ជាម្ចាស់ហាងខារ៉ាអូខេ រាត្រីសុខសាន្ត ដាក់ថ្នាំបំពុល ពីព្រោះសាកសពស្វាមីរបស់គាត់មានបែកពពុះមាត់ និងម្យ៉ាងទៀតនៅក្រោយការស្លាប់របស់ស្វាមីគាត់មានបាត់ខ្សែកមាស១ខ្សែទម្ងន់ជាង១តម្លឹង និងប្រាក់ជាង១ពាន់ដុល្លារអាមេរិក ដែលជាលុយថ្លៃប្រេងឥន្ធនៈ ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថា ជនរងគ្រោះដែលជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣នោះ មិនត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសពទេ បន្ទាប់ពីមានរូបភាពឆោឡោកើតឡើងដោយសារមានម៉ូតូឌុប២គ្រឿងបានឌុបជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយបុរសជាអ្នករត់ម៉ូតូឌុបទាំង២នាក់នោះត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយធ្វើការឃាត់ខ្លួនសាកសួរ ។
តាមចម្លើយរបស់អ្នករត់ម៉ូតូឌុបដែលបានឌុបជនរងគ្រោះទៅកាន់មន្ទីរពេទ្យ បាននិយាយឲ្យដឹងថា ជនរងគ្រោះបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ គឺមិនបានស្លាប់នៅក្នុងហាងខារ៉ាអូខេរាត្រីសុខសាន្ត ហើយពេលជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះ បាននិយាយប្រាប់ថា "កុំបញ្ជូនខ្ញុំទៅគ្លីនិកឯកជនអី ត្រូវដឹកទៅមន្ទីរពេទ្យចំការចេក ដែលជាមន្ទីរពេទ្យរដ្ឋវិញ" ។ ក្រោយមក ជនរងគ្រោះចាប់ផ្តើមលែងដឹងខ្លួន និងបែកពពុះមាត់ដាច់ស្លាប់តែម្តង ពេលដឹកទៅដល់មន្ទីរពេទ្យ ។
មជ្ឈដ្ឋានទូទៅបានសម្តែងនូវការសង្ស័យថា ការស្លាប់របស់លោកនាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ខេត្តព្រះសីហនុនេះ អាចបណ្តាលមកពីជនរងគ្រោះប្រើប្រាស់ថ្នាំសម្រើបហួសកម្រិតពេលរួមរ័កជាមួយស្រីស្នេហ៍ជាម្ចាស់ហាងខារ៉ាអូខេរាត្រីសុខសាន្ត ដោយសារជនរងគ្រោះមានវ័យជ្រេទៅហើយ ។
ទោះយ៉ាងណា ការស្លាប់របស់លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ខេត្តព្រះសីហនុនេះ សមត្ថកិច្ចមិនទាន់បានសន្និដ្ឋានអំពីមូលហេតុនៃការស្លាប់ឲ្យបានជាក់លាក់នៅឡើយ ខណៈស្ត្រីជាម្ចាស់ហាង ខារ៉ាអូខេរាត្រីសុខសាន្តបានគេចខ្លួនបាត់ ទោះបីភរិយារបស់ជនរងគ្រោះ និងមជ្ឈដ្ឋាននានាបានដាក់ការសង្ស័យទៅលើស្ត្រីជាម្ចាស់ហាងខារ៉ាអូខេរាត្រីសុខសាន្តក៏ដោយ ដ្បិតសាកសពត្រូវបានភរិយា និងក្រុមគ្រួសារជនរងគ្រោះកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឡើយ ៕
Source from: www.dtn7.com