
ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ លោក គន់ គីម សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះ ពង្រឹងមូលដ្ឋានខេត្តឧត្តរមានជ័យ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០១៤ ) ដែលពិធីនេះ បានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សខេត្ត ដោយ មានការចូលរួមពីពីអស់លោក លោកស្រី ជាសមាជិកក្រុមការងារ ចុះជួយមូលដ្ឋាន ថ្នាក់ដឹកនាំខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ស ថាវី ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ បានឡើងអានសារ សម្ដេចអគ្គមហា ធម្មពោធិ៍សាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងខ្លឹមសារ រំលឹកឡើងវិញនូវសាវតារបស់គណបក្ស ដែលមានវ័យចំណាស់ជាងគេ នៅក្នុងទំព័រប្រវត្តិ សាស្រ្តថ្មីរបស់កម្ពុជា ដែលបានក្រោកឡើងតស៊ូ រំដោះប្រទេស ជាតិ ឲ្យរួចផុតពីនឹមអាណា និគមនិយម ចក្រពត្តិបរទេសឈ្លានពាន និង របបទាសភាព ជាច្រើនដំណាក់កាល ហើយបាននិងកំពុង កសាងអភិវឌ្ឍន៍ប្រទេស ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ។
លោក គន់ គីម បានគូសបញ្ជាក់ថា ជោគជ័យទាំងឡាយ ដែលគណបក្សប្រជាជនសំរេចបាន នាពេលកន្លងមក នេះ ធ្វើឲ្យយើងមានមោទនភាពជ្រាលជ្រៅ ដោយយើងបាននាំប្រទេសជាតិ ឲ្យចាកផុតពីមហាវិនាសកម្ម រហូត ដល់អាចពង្រឹងជំហររបស់ជាតិយើង បានដូចសព្វថ្ងៃនេះ។
លោក គន់ គីម បានបន្ត ថា៖ទន្ទឹមនឹងក្តីមោទនភាពនេះ យើងក៏ត្រូវមើលឃើញច្បាស់ នូវសំណូមពរនៃ ការងារជាច្រើនទៀត ដែលត្រូវរួមគ្នាបន្តដោះស្រាយ ដោយភាពអំណត់ព្យាយាម ដើម្បីសំរេចបាន ជោគជ័យ ថ្មីៗថែមទៀតក្នុងដំណាក់កាលថ្មី មានការពង្រឹងពង្រីករចនាសម្ព័ន្ធចាត់តាំងបក្ស ឃុំ សង្កាត់ ស្រុកនីមួយៗ ការកសាងពង្រឹងសមាជិកបក្ស ការបង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ការអប់រំផ្សព្វផ្សាយនូវ គោលនយោបាយ របស់គណបក្ស រាជរដ្ឋាភិបាល ឲ្យបានជ្រួតជ្រាបទូលំទូលាយ និង ការប្រមូលផ្តុំកម្លាំងគ្រប់ ស្រទាប់ ដើម្បីអនុវត្តន៏គោល នយោបាយទាំងនេះឲ្យទទួលបានជោគជ័យ។
លោក គន់ គីម បានថ្លែងនូវការកោត សរសើរនិងវាយតំលៃខ្ពស់ ចំពោះស្នាដៃនិងសមិទ្ធិផលជាច្រើន ដែល គណបក្សខេត្តសម្រេចបាន ក្នុងការរួមចំណែកចំពោះជោគជ័យរួម ដែលទទួលបានក្នុងក្របខ័ណ្ឌ ទូទាំង ប្រទេស។ លទ្ធផលទាំងនេះ មិនអាចកាត់ផ្តាច់បាន ពីការជួយឧបត្ថម្ភគាំទ្រ របស់ក្រុមការងារ ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ ចុះជាប់ដល់មូលដ្ឋាន ដើម្បីស្វែងយល់អំពីសុខទុក្ខ និងការដោះស្រាយសំណូមពរ នានា ជូនប្រជាពលរដ្ឋ។
ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែង និងប្រកបដោយស្មារតីទទួលខុសត្រូវនេះ ទើបធ្វើឱ្យប្រជាពលរដ្ឋ ក្នុង មូលដ្ឋានខេត្តឧត្តរមានជ័យគាំទ្រ និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលជ័យជម្នះគ្រប់លើក៕
------------
Source from: Dap-news
No comments:
Post a Comment