ឧកញ៉ាពាក់ផ្កាយ៣យោធាម្នាក់រងការចោទប្រកាន់ពីប្រជាជនថាបានសមគំនិតជាមួយអាជ្ញាធររំលោភបំពានដីធ្លីពួកគាត់ជាង១០០ហិកតា

ប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ ដែលអះអាងថាជាម្ចាស់កម្មសិទ្ធិលើទីតាំងដីទំហំ២៩២ហិកតា ឋិតនៅចន្លោះព្រំប្រទល់រវាងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលនោះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ បានលើកគ្នាទៅឡោមព័ទ្ទតវ៉ានឹងការចុះវាស់វែងដីធ្លីតាមការសម្រេចរបស់សាលាដំបូងខេត្តកណ្តាល អនុវត្តន៍ដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមន្ត្រីជំនាញសុរិយោដី អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ក្នុងបំណងប្រគល់ដីធ្លីឲ្យទៅលោកឧកញ៉ា ឧត្តមសេនីយ៍យោធាម្នាក់ មានឈ្មោះ ជុំ ចំណាន ជាតំណាង ដ្បិតដីធ្លីនេះពួកគាត់ជាប្រជាជនបានលក់ឲ្យទៅលោក យូ ណារិន អស់ទៅហើយតាំងពីអំឡុងឆ្នាំ២០០៦បន្តបន្ទាប់មកម្ល៉េះ ។
ក្រុមប្រជាជនបានអះអាងថា ដីត្រង់ចំណុចទំនាស់នេះគឺជាដីធ្លីកម្មសិទ្ធិពួកគាត់កាន់កាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៧៩ និងលុះមកដល់ឆ្នាំ២០០៦ ដោយមានគ្រោះធម្មជាតិខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំដាំដុះ រួមទាំងទប់ស្កាត់មិនឈ្នះនឹងសត្វកណ្តុរបំផ្លាញផលដំណាំផងនោះ ពួកគាត់បាននាំគ្នាលក់ដីធ្លីទាំងនេះមានទំហំប្រមាណ២៩២ហិកតាឲ្យទៅលោក យូ ណារិន ជាបន្តបន្ទាប់អស់ទៅ ។ ស្រាប់តែមកដល់អំឡុងឆ្នាំ២០០៧ ទីតាំងដីធ្លីនេះបែរជាមានទំនាស់ដោយសារលោកឧកញ៉ាឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះ ឈន សារ៉ាណេ មានឈ្មោះ ជុំ ចំណាន ជាអ្នកតំណាង បានអះអាងថា មានដីធ្លីទំហំ១៣៧ហិកតា ជាកម្មសិទ្ធិដែរ ។
លុះមកដល់វេលាព្រឹកនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ស្រាប់តែមានមន្ត្រីជំនាញសុរិយោដី អាជ្ញាធរមូលដ្ឋាន និងបក្ខពួកមួយចំនួនទៀត បានចុះទៅវាស់វែងទីតាំងដីទំនាស់ស្ងាត់ៗតាមសំណើរបស់ឈ្មោះ ជុំ ចំណាន តំណាងឲ្យលោកឧកញ៉ា ឧត្តមសេនីយ៍ ឈន សារ៉ាណេ ទៅវិញ ទើបពួកគាត់ជាប្រជាជននាំគ្នាតវ៉ាទប់ស្កាត់មិនឲ្យវាស់វែងដីធ្លីប្រគល់ឲ្យទៅឈ្មោះ ជុំ ចំណាន ឡើយ ។
ទោះយ៉ាងណា ក្រុមប្រជាជនបានធ្វើការចោទប្រកាន់ថា អាជ្ញាធរ និងលោកឧកញ៉ាឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ បានរួមដៃគ្នាសមគំនិតរំលោភបំពានយកដីធ្លីរបស់ពួកគាត់ដែលបានលក់ឲ្យទៅលោក យូ ណារិន ហើយ ។
គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់ទទួលបានការបំភ្លឺបញ្ជាក់ណាមួយពីលោកឧកញ៉ាឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ និងលោក ជុំ ចំណាន ជាអ្នកតំណាងនៅឡើយទេ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ក្រុមប្រជាជនថា បានរំលោភបំពានដីធ្លីរបស់ពួកគាត់នៅ ខណៈដែលកាលពីចុងឆ្នាំ២០១៣កន្លងមក លោកឧកញ៉ាឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ ធ្លាប់បានទទួលរងការចោទប្រកាន់ផងដែរពីសំណាក់ដៃគូធ្លាប់រកស៊ីជាមួយគ្នាម្នាក់ថា មានមហិច្ឆតាស៊ីដាច់ទ្រព្យដាក់បញ្ចាំជាអចលនវត្ថុ និងគ្រឿងចក្រមានតម្លៃជាទឹកប្រាក់ជិត១លានដុល្លារអាមេរិក ដោយរំលោភបំពានលើអំណាចនៃការសម្រេចរបស់ស្ថាប័នតុលាការ ។
លោក ឈន សារ៉ាណេ អាយុ៤០ឆ្នាំ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/៤៣៣ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៥ ។ ក្រៅពីមានមុខរបរជាអ្នកជំនួញយ៉ាងសកម្មនោះ លោកឧកញ៉ារូបនេះក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទផងដែរ ដែលមានអត្តលេខ០០៤៤៥៤ និងមានមុខងារជានាយរងសេនាធិការបញ្ចាការដ្ឋានវិស្វកម្មរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។
ជាមួយនឹងការមានសំណុំរឿងប្តឹងផ្តល់ជាច្រើននៅស្ថាប័នតុលាការ លោកឧកញ៉ាឧត្តមសេនីយ៍ឈន សារ៉ាណេ ត្រូវបានដំឡើងឋានន្តរ ស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៧៦១ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ ៕
Source from: www.dtn7.com