អ្នកគ្រប់គ្រងសាលារៀនវេស្ទើនអន្តរជាតិសាខាបឹងត្របែកស្ពឹកមុខក្នុង Facebook ព្រោះរឿងអំពើហិង្សាក្នុងសាលាបង្កឲ្យសិស្សម្នាក់របួសភ្នែក(មានវីដេអូ)

សាលារៀនឯកជនមួយឈ្មោះ វេស្ទើនអន្តរជាតិ(Western International School) សាខាបឹងត្របែក ឋិតនៅអគារលេខ៧២ ផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបែកធ្លាយនូវរឿងអាស្រូវពាសពេញក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ដោយសារមានអំពើហិង្សានៅក្នុងសាលារៀន បណ្តាលឲ្យកុមារាជាសិស្សថ្នាក់ទី៣ម្នាក់ទទួលរងរបួសភ្នែក ខណៈដែលអ្នកគ្រប់គ្រងសាលាបានដាក់ពិន័យទៅលើសិស្សបង្កត្រឹមធ្វើការណែនាំ និងឲ្យឈរនៅដងទង់ជាតិចំនួន១៥នាទីប៉ុណ្ណោះ ។
បន្ទាប់ពីបានទស្សនាវីដេអូឃ្លីប(Video Clip) របស់កុមារាម្នាក់ជាសិស្សថ្នាក់ទី៣នៅសាលាវេស្ទើនអន្តរជាតិសាខាបឹងត្របែក ដែលបង្ហោះនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook គឺបានធ្វើឲ្យអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ជាច្រើនធ្វើការរិះគន់ទៅលើអ្នកគ្រប់គ្រងសាលាមានការទទួលខុសត្រូវក្នុងកម្រិតទាបបំផុត ខណៈដែលសិស្សរបស់ខ្លួនឈ្មោះ ហឿន រតនរង្សី បានទទួលរងរបួសធ្ងន់នៅត្រង់ភ្នែក បង្កឡើងដោយសិស្សសាលាដូចគ្នា ដែលកុមារារងគ្រោះនិយាយថា ជាប្រភេទសិស្សទំនើងឈ្មោះ បូរណា ជាអ្នកវាយធ្វើបាបរូបគេស្ទើរធ្វើឲ្យខ្វាក់ភ្នែក ។
ទោះបីមានការ Comments បកស្រាយពី Account មួយចំនួននៅក្នុង Facebook ដែលគេអាចសន្និដ្ឋានថាជាភាគីខាងសាលារៀន ឬជាអ្នកគាំទ្រភាគីសាលារៀនយ៉ាងណាក៏ដោយ ក៏អ្នកលេង Facebook ជាច្រើនបានធ្វើការរិះគន់ទៅលើកម្រិតនៃការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងសាលាឯកជនឈ្មោះវេស្ទើនអន្តរជាតិសាខាបឹងត្របែក នៅពេលដែលសិស្សរបស់ខ្លួនទទួលរងរបួសធ្ងន់ធ្ងរត្រង់ភ្នែក ដោយសារតែសិស្សរួមថ្នាក់ ។ លើសពីនេះ ក្រុមអ្នកលេង Facebook ក៏បានអំពាវនាវឲ្យឪពុកម្តាយ និងអាណាព្យាបាលសិស្សទាំងឡាយមេត្តាពិចារណា និងមានការប្រុងប្រយ័ត្នផងក្នុងការបញ្ជូនកូនចៅឲ្យទៅសិក្សារៀនសូត្រនៅសាលាឯកជននានា ជាពិសេសសាលាឯកជនឈ្មោះវេស្ទើនអន្តរជាតិ សាខាបឹងត្របែកនេះតែម្តង ៕
Source from: www.dtn7.com