World Cup 2014 បារាំងអាចស្តារមុខមាត់វិញបានឬទេ បន្ទាប់ពីធ្លាប់ចាញ់អាល្លឺម៉ង់នៅWorld Cup 1982 ក្នុងលទ្ធផល 3-1?

ក្រុមជម្រើសជាតិបារាំងនិងក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលជាក្រុមខ្លាំងនៅអឺរ៉ុប នឹងត្រូវជួបប្រកួតជាមួយគ្នានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤នេះ ក្នុង World Cup 2014 សម្រាប់វគ្គ៨ក្រុមនៅប្រទេសប្រេស៊ីលដែលជាម្ចាស់ផ្ទះ បន្ទាប់ពីក្រុមជម្រើសជាតិបារាំងបានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ ដោយឈ្នះក្រុមជ្រើសជាតិនីហ្សេរីយ៉ាក្នុងលទ្ធផល(2-0) និងក្រុមជម្រើសជាតិអាល្លឺម៉ង់បានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយដូចគ្នា ដោយឈ្នះក្រុមជម្រើសជាតិអាល់ហ្សេរីក្នុងលទ្ធផល(2-1)នៅម៉ោងបន្ថែម ។
ព្រឹត្តិការណ៍ជួបគ្នាក្នុង World Cup 2014 រវាងក្រុមជម្រើសជាតិបារាំងនិងក្រុមជម្រើសជាតិអាល្លឺម៉ង់នៅប្រទេសប្រេស៊ីលសម្រាប់វគ្គ៨ក្រុមនេះ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកស្នេហាបាល់ទាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងក៏បានលើកជាសំណួរថា តើក្រុមជម្រើសជាតិបារាំងអាចស្តារស្រោចស្រង់កិត្តិយសវិញបានឬទេ បន្ទាប់ពីមានប្រវត្តិសាស្ត្រធ្លាប់ចាញ់ក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយលទ្ធផល(3-1)ក្នុង World Cup 1982 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររយៈពេល៣២ឆ្នាំកន្លងផុតទៅនោះ ?
សូមរំលឹកជូនថា កាលពី៣២ឆ្នាំមុនក្នុងព្រឹត្តិការណ៍ World Cup 1982 ប្រព្រឹត្តទៅនៅប្រទេសអេស្ប៉ាញ ក្នុងការជួបគ្នារវាងក្រុមជម្រើសជាតិបារាំងនិងក្រុមជម្រើសជាតិអាល្លឺម៉ង់(កាលណោះអាល្លឺម៉ង់ខាងលិច)នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Semi Final) គឺក្រុមជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិបារាំងនៅម៉ោងបន្ថែមក្នុងលទ្ធផល (3-1) ។
ចំពោះព្រឹត្តិការណ៍ World Cup 2014 លើកទី២០នៅប្រទេសប្រេស៊ីលនេះ ចាប់តាំងពីការប្រកួតជម្រុះក្នុងពូលរហូតដល់វគ្គ១៦ក្រុមចុងក្រោយ គឺក្រុមជម្រើសជាតិបារាំងក្នុង៤ប្រកួតបានឈ្នះ៣ប្រកួត និងស្មើ១ប្រកួត ដោយស៊ុតបញ្ចូលទីគេបាន១០បាល់ និងគេស៊ុតចូលវិញចំនួន២បាល់ ។ រីឯក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុង៤ប្រកួតបានឈ្នះ៣ប្រកួត និងស្មើ១ប្រកួត ដោយស៊ុតបញ្ចូលទីគេបាន៩បាល់ និងគេស៊ុតចូលវិញចំនួន៣បាល់ ។
ប្រិយមិត្តអ្នកអានគេហទំព័រសារព័ត៌មានដើមត្នោតដែលចូលចិត្តទស្សនាបាល់ទាត់ ជាពិសេសក្នុងព្រឹត្តិការណ៍ World Cup 2014 នេះ បានធ្វើការទស្សន៍ទាយទៅលើការប្រកួតនៅវគ្គ៨ក្រុមរវាងបារាំង និងអាល្លឺម៉ង់ថា ក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងឈ្នះក្រុមជម្រើសជាតិបារាំង ៕
Source from: www.dtn7.com