សំណុំរឿង​បោកប្រាស់​និង​បំផ្លាញ​សាសនា​របស់​បុគ្គល​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​រាជា​មិន​ទាន់​បញ្ចប់​ទេ​ ដ្បិត​ជនខិលខូច​មិន​ទាន់​បាន​ទទួលទោស​ទណ្ឌ​

សំណុំរឿង​បោកប្រាស់​និង​បំផ្លាញ​សាសនា​របស់​បុគ្គល​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​រាជា​មិន​ទាន់​បញ្ចប់​ទេ​ ដ្បិត​ជនខិលខូច​មិន​ទាន់​បាន​ទទួលទោស​ទណ្ឌ​

​ដំណើររឿង​រ៉ាវ​របស់​បុគ្គល​ម្នាក់​ឈ្មោះ​ ធាន​ វុ​ទ្ធី​ អាយុប្រមាណ​ជាង​៣០​ឆ្នាំ​ ដើរតួ​ដំបូង​ជា​តួអង្គ​តាបស​ស្លៀក​ស​ ពាក់​ស​ ដែល​ប្រតិបត្តិ​ខុស​នឹង​ច្បាប់​ព្រះពុទ្ធ​សាសនា​ និង​ច្បាប់​រដ្ឋ​ តាម​ល្បិច​កល​បោកប្រាស់​មនុស្ស​ ងប់​ង​ល់​នឹង​ជំនឿ​អរូបី​រាប់​ម៉ឺន​នាក់​នៅ​វត្ត​ទួល​រាជា​ ឋិត​ក្នុងភូមិ​កំពង់​គរ​ ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​នោះ​ គឺ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ ខណៈ​ដែល​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​អំពី​ករណី​នេះ​ដែរ​ ប៉ុន្តែ​មន្ត្រី​មន្ទីរ​ធម្មការ​និ​ងា​សាសនា​ខេត្តកណ្តាល​ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ខ្ចីរ​វីរ​វល់​យក​ភ្នែក​មើល​ ត្រចៀក​ស្តាប់​ និង​ខួរក្បាល​គិតពិចារណា​ឡើយ​ ដោយ​ខ្លបខ្លាច​បុណ្យ​បារមី​ខ្នងបង្អែក​របស់​បុគ្គល​ ធាន​ វុ​ទ្ធី​ ជា​មន្ត្រី​ថ្នាក់​ធំ​គ្រាក់ៗ​ជា​អ្នក​ទទួលផល​ប្រយោជន៍​លុយកាក់​ពី​បុគ្គល​ ធាន​ វុ​ទ្ធី​ ។​

​អំពើ​បណ្តែតបណ្តោយ​ងប់​ង​ល់​នឹង​ផលប្រយោជន៍​ជាមួយ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ របស់​មន្ត្រី​ធំៗ​មួយ​ចំនួន​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ធ្វើ​ឲ្យ​កំហុសឆ្គង​របស់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ដែល​ដើរតួ​ជា​តួអង្គ​តាបស​ តួអង្គ​រក​ឃើញ​ព្រះ​ផុស​ តួអង្គ​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ចាប់ជាតិ​ អាច​និយាយ​ទំនាក់ទំនង​ជាមួយ​ព្រះព្រហ្ម​ និង​ព្រះឥន្ទ្រ​បាន​…​កាន់តែ​រីក​ធំ​ឡើងៗ​ រហូត​ដល់​ថ្នាក់​បុគ្គល​រូប​នេះ​តាំង​ខ្លួនឯង​ជា​ព្រះ​ទី​៥​ ទ្រង់​ព្រះ​នាម​ ព្រះ​សិរិ​អារ្យ​មេ​តេ​យ្យា​ នាំ​ឲ្យ​ព្រះសង្ឃ​មិន​ស្គាល់​ធម្ម​វិន័យ​មួយ​ចំនួន​ថ្វាយបង្គំ​បុគ្គល​ ធាន​ វុ​ទ្ធី​ ថែម​ទៀត​ ។​

​នៅ​ទីបំផុត​ ដោយសារ​មាន​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ ជា​ពិសេស​មជ្ឈដ្ឋាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ គឺ​កំហុសឆ្គង​ទាំង​អម្បាល​មា​ណ​របស់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ត្រូវ​បាន​ក្រសួង​ធម្មការ​ និង​សាសនា​លាតត្រដាង​ជា​សាធារណៈ​នៅ​ចុងខែ​កក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​

​ប្រភព​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​អ្នក​តាមដាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ​ មាន​គេហដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ដោយនៅ​ពេល​ព្រឹក​ព្រលឹម​គេ​បានឃើញ​តួអង្គ​តាបស​នេះ​ស្លៀកពាក់​អាវធំ​ ក្រវាត់ក​ ជិះ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ យ៉ាង​សង្ហា​ចូល​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ថ្មដា​ ។​ ចាប់ពី​ទទួលទាន​អាហារ​ពេល​ព្រឹក​រួច​ហើយ​ តួអង្គ​តាបស​បាន​ត្រឡប់​មក​ចូល​គេហដ្ឋាន​មួយទៀត​ដែល​បិទ​របង​ជិត​នៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​ ដោយ​តួអង្គ​តាបស​ធ្វើការ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ពី​អាវធំ​ មក​ជា​ស្លៀក​ស​ ពាក់​ស​វិញ​ ព្រមទាំង​ប្តូរ​រថយន្ត​ផ្សេង​ ចេញដំណើរ​ទៅ​កាន់​វត្ត​ទួល​រាជា​ ខណៈ​ដែល​តួអង្គ​តាបស​នេះ​ជា​រឿយៗ​ មិនសូវ​សម្រាក​ពេល​យប់​នៅ​វត្ត​ទួល​រាជា​នោះ​ទេ​ លើកលែងតែ​មាន​ពិធីបុណ្យ​ទាន​ ឬ​កម្មវិធី​ធំៗ​ចាំបាច់     ​ប៉ុណ្ណោះ​ ។​

​មជ្ឈដ្ឋាន​មួយ​ចំនួន​ទៀត​បាន​ទម្លាក់​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​អំពើ​ឃាតកម្ម​ដែល​កើតឡើង​ និង​រឿងរ៉ាវ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​កន្លង​មក​ ជាមួយនឹង​វត្ត​ទួល​រាជា​ គឺ​អាច​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​របស់​តួអង្គ​តាបស​ ឈ្មោះ​ ធាន​ វុ​ទ្ធី​ ។​

​ក្រុម​អ្នកលេង​ Facebook​ មួយ​ចំនួន​បាន​លើក​ឡើង​ថា​ បុគ្គល​បោកប្រាស់​ឈ្មោះ​ ធាន​ វុ​ទ្ធី​ អាច​ប្រព្រឹត្ត​ផ្តេសផ្តាស​នៅ​វត្ត​ទួល​រាជា​បាន​យូរ​ឆ្នាំ​កន្លង​មក​ ដោយសារ​បុគ្គល​រូប​នេះ​ត្រូវជា​សាច់ញាតិ​(​ក្មួយ​)​របស់​ឯកឧត្តម​ ប៉េង​ ប៉ាត់​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវជា​ស្វាមី​របស់​លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍​ ម៉ែ​ន​ សំ​អន​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ដ៏​មាន​ឥទ្ធិពល​ ។​ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ខ្លះ​ទៀត​អះអាង​ថា​ បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ មិន​មាន​ជាប់សាច់​ញាតិ​ជាមួយ​ឯកឧត្តម​ ប៉េង​ ប៉ាត់​ ទេ​ គឺ​គ្រាន់តែ​យកឈ្មោះ​ឯកឧត្តម​ ប៉េង​ ប៉ាត់​ មក​ប្រើប្រាស់​ធ្វើ​ជា​ខែល​ការពារ​ខ្លួន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខ្លបខ្លាច​ប៉ុណ្ណោះ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​អ្នក​ច្បាប់​និង​អ្នក​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា​ សំណុំរឿង​បោកប្រាស់​ និង​បំផ្លាញ​សាសនា​របស់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​រាជា​ មិន​ទាន់​បញ្ចប់​ទាំងស្រុង​ទេ​ ដ្បិត​ជនខិលខូច​បាន​រត់គេច​ខ្លួន​បាត់​ មិន​ទាន់​បាន​ទទួលទោស​ទណ្ឌ​តាម​អំពើ​ដែល​បាន​ប្រព្រឹត្ត​ និង​តាម​ច្បាប់​នៅឡើយ​ ៕​ Thean-Vuthy-13Thean-Vuthy-3Thean-Vuthy-1Thean-Vuthy.-9Thean-Vuthy


Source from: www.dtn7.com

No comments:

Post a Comment