គណបក្សសង្គ្រោះជាតិអាចកែទម្រង់របៀបរបបដឹកនាំប្រទេសសព្វថ្ងៃបានដោយប្រើប្រាស់ថាមពលនៅក្នុងរដ្ឋសភា

វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥(២០១៣-២០១៨) អស់រយៈពេលប្រមាណ១ឆ្នាំ ត្រូវបានបញ្ចប់ត្រឹមបេក្ខជនអ្នកតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា បានទទួលសុពលភាព និងស្បថធ្វើសច្ចាប្រណិធានចូលកាន់តំណែង ក្លាយជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ព្រមទាំងទទួលបានការតែងតាំងមុខតំណែងមួយចំនួននៅក្នុងរដ្ឋសភា ខណៈដែលគណបក្សនយោបាយធំៗទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា(គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) ព្រមព្រៀងគ្នាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ, កែសម្រួលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកទីលានប្រជាធិបតេយ្យឲ្យដំណើរការឡើងវិញ…។ល។
មុននឹងឈានដល់ការបិទបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាអស់រយៈពេលប្រមាណ១ឆ្នាំកន្លងទៅនេះ គឺអ្វីៗត្រូវបានចំណាយច្រើនគួរសម ទាំងមនុស្ស ទាំងទ្រព្យសម្ភារៈ ដូចជា បេក្ខជនអ្នកតំណាងរាស្ត្រជាប់ឆ្នោត និងសកម្មជនមួយចំនួនរបស់គណបក្សប្រឆាំង ត្រូវបានឆ្លងកាត់ការជាប់ពន្ធនាគារ កងសន្តិសុខរបស់អាជ្ញាធរគណបក្សកាន់អំណាចរងរបួស កម្មករ និងប្រជាពលរដ្ឋមួយចំនួនស្លាប់ និងរងរបួស…ដោយគេមិនទាន់បានដឹងថា តើអ្នកនយោបាយរបស់គណបក្សទាំង២នឹងប៉ះប៉ូវទទួលខុសត្រូវក្នុងកម្រិតណានោះទេ ។
ឥឡូវនេះ ចំណុចសំខាន់ចំនួន២ដែលត្រូវលើកយកមកអត្ថាធិប្បាយ គឺ ៖ ១-ការទទួលបានមុខតំណែងរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភានីតិកាលទី៥ ក្នុងនាមជាគណបក្សនយោបាយប្រឆាំង ដែលមិនចុះចូលធ្វើរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាច និង ២-សមត្ថភាព និងលទ្ធភាពរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ក្នុងការចូលរួមចំណែកកែទម្រង់របៀបរបបដឹកនាំប្រទេសសព្វថ្ងៃដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាច ។
១-មុខតំណែងដែលអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទទួលបានក្នុងរដ្ឋសភានីតិកាលទី៥ គឺ ៖ អនុប្រធានទី១រដ្ឋសភា, ប្រធានគណៈកម្មការទី១(សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អងេ្កត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា) ប្រធានគណៈកម្មការទី៣(ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) ប្រធានគណៈកម្មការទី៧(អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍) ប្រធានគណៈកម្មការទី៨(សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី) និងប្រធានគណៈកម្មការទី១០(អង្កេត បោសសំអាត និងប្រឆាំងអំពើពករលួយ) ។
២-លទ្ធភាព និងសមត្ថភាពរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ក្នុងការចូលរួមចំណែកកែទម្រង់របៀបរបបដឹកនាំប្រទេសសព្វថ្ងៃ ៖ វៀរលែងតែមានការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង គឺអ្នកតំណាងរាស្ត្រចំនួន៥៥នាក់របស់គណបក្សសង្គ្រោះជាតិមិនអាចត្រូវបានលើកអភ័យឯកសិទ្ធិសភាដោយងាយស្រួល ដូចបកចេកទុំទៀតឡើយ ក្នុងបំណងបើកការចោទប្រកាន់តាមផ្លូវតុលាការ ឃាត់ខ្លួន ចាប់ខ្លួន ឬឃុំខ្លួននោះទេ(ពីព្រោះអាចមិនគ្រប់កូរ៉ុមនិងសំឡេងអមនុម័តភាគច្រើន២ភាគ៣នៃចំនួនសមាជិករដ្ឋសភាទាំងមូល) ។ ដូច្នេះ អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិអាចមានលទ្ធភាពបំពេញការងារក្នុងនាមជាតំណាងប្រជាជាតិខ្មែរទាំងមូល ដោយគ្មានការភ័យខ្លាចដូចកាលពីអាណត្តិមុនៗឡើយ ។
ប្រសិនបើមានឆន្ទៈនយោបាយក្នុងនាមជាអ្នកតំណាងប្រជាជាតិខ្មែរពិតប្រាកដ និងប្រកបដោយសមត្ថភាពថែមទៀត គឺអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងអ្នកតំណាងរាស្ត្រដែលបានកាន់មុខតំណែងជាប្រធានគណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចស៊ើបអង្កេតតាមដាន និងអញ្ជើញឥស្សរជនដ៏ឧត្តមណាមួយមកបំភ្លឺអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស (តាមមាត្រា៨៩នៃរដ្ឋធម្មនុញ្ញ) អាចដាក់សំណួរដល់រាជរដ្ឋាភិបាល(តាមមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ) អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន(តាមមាត្រា៩៧នៃរដ្ឋធម្មនុញ្ញ) និងអាចធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាល(តាមមាត្រា៩៨ថ្មីនៃរដ្ឋធម្មនុញ្ញ) ។ ដូច្នេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគប្បីរៀបចំសមាសភាពអ្នកតំណាងរាស្ត្ររបស់ខ្លួនជាអ្នកមានឆន្ទៈនយោបាយ និងត្រូវមានសមត្ថភាពថែមទៀត ដើម្បីឲ្យកាន់មុខតំណែងជាប្រធានគណៈកម្មការទាំងឡាយនៅក្នុងរដ្ឋសភានីតិកាលទី៥ ទើបអាចប្រើប្រាស់ថាមពលរដ្ឋសភាដែលជាស្ថាប័ននីតិប្បញត្តិឲ្យអស់សក្តានុពល តាមច្បាប់ជាធរមានបាន ។
សរុបសេចក្តីមក ទោះបីមានអ្នកតំណាងរាស្ត្រមកពគណបក្សសង្គ្រោះជាតិមួយចំនួនអាចមិនស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិក៏ដោយ ក៏គណបក្សប្រឆាំងមួយនេះតាមរយៈអ្នកតំណាងរាស្ត្ររបស់ខ្លួន ប្រសិនបើមានឆន្ទៈនយោបាយបម្រើជាតិ និងប្រជារាស្ត្រជាម្ចាស់ឆ្នោតពិតប្រាកដនោះ គឺអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់របៀបរបបដឹកនាំប្រទេសសព្វថ្ងៃដែលពោរពេញទៅដោយអំពើអយុត្តិធម៌សង្គម អំពើពុករលួយ អំពើរើសអើង បក្ខពួកនិយម…បាន ដោយប្រើប្រាស់ថាមពលនៅក្នុងរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជណាចក្រកម្ពុជា ៕
Source from: www.dtn7.com
No comments:
Post a Comment