តុលាការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លើ​បណ្តឹង​ប្រធាន​សហជីព​ដែល​ប្តឹង​ស្នងការ​ប៉ូលិស​ខេត្តកំពង់ស្ពឺ​

តុលាការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លើ​បណ្តឹង​ប្រធាន​សហជីព​ដែល​ប្តឹង​ស្នងការ​ប៉ូលិស​ខេត្តកំពង់ស្ពឺ​

​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដែល​មាន​លោក​ កែវ​ សុធា​ ជា​ព្រះរាជអាជ្ញា​ និង​ជា​ចៅក្រម​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨១​ ចុះ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នោះ​ បាន​ចេញ​ដីកា​សម្រេច​លេខ​១២៧៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ ដោយ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ នៅ​លើ​បណ្តឹង​របស់​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ប្តឹង​លោក​ឧត្តមសេនីយ៍​ កែវ​ ពិសី​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​គូកន​ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ខេត្តកំពង់ស្ពឺ​ នា​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៣​កន្លង​មក​ ខណៈ​ដែល​លិខិត​ជូនដំណឹង​អំពី​ដីកា​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នោះ​ លោក​មេធាវី​តំណាង​ដោយ​អាណត្តិ​ និង​ការ​បារ​ក្តី​ឲ្យ​លោក​ ជា​ មុនី​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ទើបតែ​ទទួល​បាន​នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ ជា​ មុនី​ បាន​ដាក់​ពាក្យបណ្តឹង​នា​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៤​ គោរព​ជូន​ឯកឧត្តម​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​សុំ​អន្តរាគមន៍​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ឲ្យ​ចាត់ការ​លើ​រឿង​ក្តី​ ហើយ​ត្រូវ​បាន​ឯកឧត្តម​ អ៊ុ​ក​ សា​វុ​ធ​ អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៤​ មាន​ខ្លឹមសារ​ថា​ "​បានឃើញ​ ជូន​លោក​ព្រះរាជអាជ្ញា​ចាត់ការ​ជា​សមត្ថកិច្ច​"​ រួច​មក​ ។​

​សូម​បញ្ជាក់​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៤​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នែ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​គោរព​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដោយ​ប្តឹង​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​មន្ត្រី​នគរបាល​យុត្តិធម៌​ពាក់ព័ន្ធ​ឯទៀត​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ខេត្តកំពង់ស្ពឺ​នា​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨១​ ចុះ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ។​

​ដំណើរ​រឿងហេតុ​ដែល​នាំ​ឲ្យ​លោក​ ជា​ មុនី​ ដាក់​ពាក្យ​ប្តឹង​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​គូកន​ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នោះ​ គឺ​មក​ពី​កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​ចាប់​យក​រថយន្ត​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១​គ្រឿង​ ម៉ា​កតា​កូ​ម៉ា​ ដោយ​ចាត់ទុកជា​វត្ថុ​តាង​ក្នុង​ហេតុការណ៍​កម្មករ​ កម្មការិនី​រោងចក្រ​សា​ប្រ៊ី​ណា​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ហើយ​ក៏​កើត​មាន​អំពើ​ហិង្សា​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សមត្ថកិច្ច​ និង​បុគ្គលិក​សហជីព​ ព្រមទាំង​កម្មករ​ កម្មការិនី​រោងចក្រ​ ។​ ក្រោយមក​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​គំ​ពង់​ស្ពឺ​បាន​ចេញ​ដីកា​សម្រេច​លេខ​២៨៤៤​ ចុះ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ប្រគល់​វត្ថុ​តាង​ដែល​ចាប់​យក​នោះ​ឲ្យ​ម្ចាស់​ដើម​វិញ​ ខណៈ​ដែល​សមត្ថកិច្ច​នគរបាល​ក្នុង​ដំណាក់កាល​ដំបូង​មិន​បាន​បញ្ជូន​វត្ថុ​ចាប់​យក​ប្រគល់​ឲ្យ​ស្ថាប័ន​តុលាការ​ភ្លាមៗ​ឡើយ​ គឺ​ទើបតែ​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៤​ បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​ប្រគល់​វត្ថុ​ចាប់​យក​មក​ឲ្យ​ស្ថាប័ន​តុលាការ​រក្សា​ទុក​ បន្ទាប់​ពី​បានដឹង​ថា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​សម្រេច​ប្រគល់​វត្ថុ​ដែល​ចាប់​យក​ឲ្យ​ម្ចាស់​ដើម​វិញ​ ហើយ​ក៏​ត្រូវ​បាន​លោក​ ជា​ មុនី​ ជា​ម្ចាស់​រថយន្ត​ពិនិត្យ​ឃើញ​ថា​ រថយន្ត​មានការ​ខូចខាត​យ៉ាងច្រើន​ខុស​ពី​ស្ថានភាព​ដើម​ មិន​អាច​ទទួលយក​បាន​ ។​

​ពាក្យបណ្តឹង​របស់​លោក​ ជា​ មុនី​ បាន​ទាមទារ​ឲ្យ​ស្ថាប័ន​តុលាការ​ធ្វើការ​ផ្តន្ទាទោស​ទៅ​លើ​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​គូកន​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​តាម​នីតិវិធី​នៃ​ច្បាប់​ និង​ឲ្យ​ជន​ប្រព្រឹត្ត​រ៉ាប់រង​ចេញថ្លៃ​សងការ​ខូចខាត​រថយន្ត​ដែល​ចាប់​យក​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ ។​

​ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ស្ថាប័ន​តុលាការខេត្ត​កំពង់ស្ពឺ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​មន្ត្រីរាជការ​ដូច​គ្នា​ ពឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ត្រូវ​តែ​មាន​មនោសញ្ចេតនា​ជួយ​គ្នា​ និង​ម្យ៉ាងទៀត​ បម្រើ​ការងារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ដូច​គ្នា​ផង​ ដូច្នេះ​ លោក​ កែវ​ សុធា​ ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ត្រូវ​តែ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ ក្នុង​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​លោក​ ជា​ មុនី​ ប្តឹង​ប្រឆាំង​ទៅ​លើ​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​គូកន​អ៊ីចឹង​ហើយ​ ។​

​លោក​ ជា​ មុនី​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ បាន​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​នា​រសៀល​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ថា​ លោក​មិន​អាច​ទទួលយក​បាន​ឡើយ​នូវ​ការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ លើ​ពាក្យបណ្តឹង​របស់​លោក​ដែល​លោក​បាន​ប្តឹង​ប្រឆាំង​នឹង​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ និង​គូកន​ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នោះ​ ហើយ​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​នឹង​ដីកា​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នេះ​ តាម​នីតិវិធី​នៃ​ច្បាប់​ ដើម្បី​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​ ៕​

Keo-Pisey Sabrina-LetterFTU-04-08-01FTU-04-08


Source from: www.dtn7.com

No comments:

Post a Comment