រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ៦ និង ៤៥នាទី ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឡើងដោយម៉ូតូម៉ាកគុប២គ្រឿង បានបើកបុកគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បណ្តាលឲ្យក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់រងរបួសធ្ងន់ និង៤នាក់ទៀតរងរបួសស្រាល។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាកគុបជ្រុង ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព.4560 ភព1 ជិះគ្នា ៣នាក់ បើកបរដោយបុរសម្នាក់ឈ្មោះ តូនី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹងជោកជាំ។
ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែបានជ្រុលទៅបុកម៉ូតូគុបជ្រុង ១គ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AT-5851 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយយុវជនឈ្មោះ រ័ត្ន ប៉ូឡែន អាយុ ១៨ឆ្នាំ និងរួមដំណើរដោយក្មេងប្រុសម្នាក់ទៀតឈ្មោះ នាក់ ដារ៉ាវុធចន អាយុ ១៥ឆ្នាំ ពួកគេមានទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ធ្ងរ ចំណែក៤នាក់ទៀតរងរបួសស្រាល ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ដើម្បីធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹកយកអ្នករបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com

Loading...
Loading...