រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឡើងដោយរថយន្តម៉ាកកាមរី មួយគ្រឿង បានបុកគ្នាពេញ ទំហឹង ជាមួយរថយន្តស៊ាំយ៉ុង នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បណ្តាលឲ្យបុរសម្នាក់ដែលជាតៃកុងរថយន្តកាមរីរងរបួសធ្ងន់។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-7135 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ឡើងមកលើស្ពានជ្រោយចង្វា ក្នុងល្បឿនលឿន។ ខណៈពេលធ្វើដំណើរមកដល់ចំណុចជិតពាក់កណ្តាលស្ពាន រថយន្តកាមរី ក៏បានជ្រុលចង្កូតទៅបុករថយន្តសាំយុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2I-8014 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យតៃកុងរថយន្តកាមរីគាបជាប់នៅក្នុងកាប៊ីនរថយន្តរង របួសធ្ងន់ ចំណែករថយន្តទាំង២គ្រឿង ត្រូវរងការខូចខាតទាំងសងខាង។
បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានជួយអន្តរាគមន៍ ដោយបាននាំគ្នាជួយគាស់ យកតៃកុងរថយន្តកាមរី ចេញពីក្នុងកាប៊ីន ដើម្បីដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែង និងបានស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការ ដោះស្រាយពេលក្រោយ៕
ប្រភពពី វត្តភ្នំ

Loading...
Loading...