កុំថាឡើយពិភាក្សា សូម្បីចាប់ដៃគ្នាក៏គ្មានដែរ រវាងសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលទៅទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ នរោត្ដម សីហមុនី និង សម្ដេចម៉ែ នរោត្ដម មុនីនាថ សីហនុ ដែលបានយាងនិវត្ដន៍ពីប្រទេសចិន មកដល់ប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣។
ខុសពីការសង្ឃឹមទុក របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ដែលរំពឹងថា សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ អាចនឹងជួបគ្នា និង ពិភាក្សាគ្នា នៅពេលទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ។ មេដឹកនាំទាំងពីរ មិនបានចាប់ដៃរាក់ទាក់ ឬ ជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហា ដែលគេមើលឃើញ ថា កំពុងជាប់គាំងនយោបាយនោះទេ។
មេដឹកនាំជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ដែលទៅទទួលព្រះរាជដំណើរព្រះមហាក្សត្រ និង សម្ដេចម៉ែ រួមមានសម្ដេច ហេង សំរិន ប្រធានកិត្ដិយសគណបក្ស សម្ដេច ហ៊ុន សែន អនុប្រធានគណបក្ស និង ថ្នាក់ដឹកនាំជាន់ជាច្រើនរូបទៀត ដោយឡែកមេដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិវិញ ដឹកនាំដោយលោក សម រង្ស៊ី ប្រធានគណបក្ស និងលោក កឹម សុខា អនុប្រធានគណបក្ស។
ក្រោយពី ទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានប្រាប់អ្នកកាសែត ថា លោកមិនជួបពិភាក្សា ជាមួយសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែននោះឡើយ ហើយសូម្បីតែចាប់ដៃ ក៏គ្មានដែរ។ លោក សម រង្ស៊ី បញ្ជាក់ ថា លោកមកទទួលព្រះរាជដំណើរព្រះមហាក្សត្រ មិនមែនមកព្រោះចង់ជួបពិភាក្សាជាមួយសម្ដេច ហ៊ុន សែន នោះទេ។
សំលេងៈ
លោក សម រង្ស៊ី បានឲ្យដឹង ថា គណបក្សសង្គ្រោះជាតិមិនទាន់គិតដល់ ពីការចូលរួមបង្កើត រដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ហើយជំហរគណបក្សសង្គ្រោះជាតិ គឺការបង្កើតគណៈកម្មាឯករាជ្យ ចំណែកបាតុកម្មលើកទី២ ក៏នៅតែបន្តធ្វើដដែល គ្មានការផ្លាស់ប្តូរឡើយ។
គួរបញ្ជក់ ថា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៥ ហើយគណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោតនោះភ្លាម សម្ដេចហ៊ុន សែន បានចាត់តំណាងជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឲ្យជួបពិភាក្សាជាមួយតំណាងគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហាភាពមិនប្រក្រតី នៃការបោះឆ្នោត ប៉ុន្ដែបើគ្មានលទ្ធផលនោះ សម្ដេច ហ៊ុន សែន និងជួបដោយផ្ទាល់ជាមួយលោក សម រង្ស៊ី តែម្ដងដើម្បីដោះស្រាយបញ្ហា៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm

Loading...
Loading...