ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែលជា អនាគតកូនប្រសា របស់អនុប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ បានផឹកស៊ីស្រវឹង យ៉ាងជោកជាំ នៅក្រុងព្រះសីហនុ ហើយបែកគំនិត ចង់បើករថយន្ត កញ្ចាស់មួយគ្រឿង មកកាន់រាជធានីភ្នំពេញ បានក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរត្រាវ ក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ តែសំណាងល្អជនរងគ្រោះ មិនមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ។
ក្រុមអ្នកសារព័ត៌មាន ក៏បានធ្វើដំណើរ ទៅកាន់ការិយាល័យ នគរបាល ចរាចរណ៍ជើងគោក ដើម្បីសាកសួរពីហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ ក៏មានស្ត្រីវ័យចំណាស់ម្នាក់ កំពុងស្ថិតនៅទីនោះ បានអះអាងថា ជាកូនចៅរបស់គាត់ ដែលទទួលរង គ្រោះថ្នាក់ចរាចរនេះ ហើយគាត់បាន ប្រាប់ថា ចំពោះព័ត៌មាននេះ មិនត្រូវបានអនុញ្ញាត ឲ្យកាសែត ឬទូរទស្សន៍ណាមួយ ចុះផ្សាយជា ដាច់ខាត ព្រោះគាត់ បានជំរាបជូន ថ្នាក់ដឹកនាំ មានមេប៉ូលិស មេប៉េអឹម (កាង) ឲ្យបិទកាសែត និង ទូរទស្សន៍ អស់ហើយ ។
ចំណែកមន្ត្រីនគរបាលចរាចរណ៍ ហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការផ្តល់ព័ត៌មាន ដោយបានឆ្លើយប្រាប់អ្នកកាសែត និងទូរទស្សន៍ថា ករណីនេះបង្កឡើងដោយខ្លួនឯង ពួកគេមិនបានធ្វើកំណត់ហេតុអ្វីទេ ហើយក៏មិនដឹងឈ្មោះ អ្នកបើកបរ បង្កគ្រោះថ្នាក់ ដោយខ្លួនឯងនោះដែរ ។ ទោះជាយ៉ាងនេះក្តី អ្នកដឹងរឿងគ្រោះថ្នាក់ចរាចរមួយនេះ បានរិះគន់ថា អាចមានការឃុបឃិតគ្នា ជាមួយសមត្ថកិច្ច ដោយមិនចង់ ឲ្យបែកធ្លាយរឿងស្រវឹងស្រា ហើយបើករថយន្តផ្តេសផ្តាស ព្រោះតែជនរងគ្រោះ កំពុងមានទំនាក់ទំនងជាមួយកូនស្រី របស់លោកធំម្នាក់ ដែលមានតួនាទី ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ៕
Source from: watphnom-news.com

Loading...
Loading...