ខេត្ដកណ្ដាល ៖ រថយន្ដដឹកអ្នកដំណើរ ភ្នំពេញ-ហូជីមិញ បានបើកបុករថយន្ដ រ៉េងរ៉ូវើរ ស៊េរី២០១៣ មួយគ្រឿងពីក្រោយមួយទំហឹង កាលពីវេលាម៉ោង ១និង៣០ នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ១ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បណ្តាលឲ្យរងនូវការខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ។
រថយន្ដបង្កហេតុម៉ាកហ៊ីណូ ពណ៌ក្រហម.ស ពាក់ស្លាកលេខ 52LD-4577 ជារថយន្ដដឹកអ្នកដំណើរ ភ្នំពេញ-ហូជីមិញ របស់ក្រុមហ៊ុន SAMCO ។ ចំណែករថយន្ដទំនើប ដែលត្រូវរថយន្ដ ដឹកអ្នកដំណើរ បើកបុកពីក្រោយនោះម៉ាក រ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-3333 អ្នកបើកបររថយន្ដ មិនស្គាល់ ឈ្មោះឡើយ ប៉ុន្ដែសមត្ថកិច្ចលួចខ្សឹប ប្រាប់ថាជាក្មួយ របស់លោកជំទាវមួយរូប ។
មុនពេលកើតហេតុ រថយន្ដទាំង ២គ្រឿង បានបើកក្នុងទិសដៅស្របគ្នា ពីអ្នកលឿងមកភ្នំពេញ ក្នុងនោះរថយន្ដ រ៉េងរ៉ូវើរ បើកនៅពីមុខ ពេលមកដល់កន្លែងកើតហេតុ មានរថយន្ដ ១ គ្រឿង ផ្សេងទៀត ដែលបើកនៅពីមុខបានបត់ឆ្វេង ។ ពេលឃើញឧបសគ្គ នៅពីមុខបែបនេះ អ្នកបើកបររថយន្ដ រ៉េងរ៉ូវើរ ក៏បន្ថយល្បឿន ស្រាប់តែរថយន្ដដឹកអ្នកដំណើរ ភ្នំពេញ-ហូជីមិញ មកបុកចំពីក្រោយ រថយន្ត រ៉េងរ៉ូវើរ ពេញទំហឹង។
រថយន្ដដឹកអ្នកដំណើរ ដែលបង្កហេតុ ក្រពឹតមុខខាងឆ្វេង ចំណែករថយន្ដ រ៉េងរ៉ូវើរ ខ្ទេចខាងក្រោយ ប៉ុន្ដែមិនមានអ្នករបួសនោះឡើយ ។ ក្រោយកើតហេតុ ភាគីខាងរថយន្ដ រ៉េងរ៉ូវើរ ទាមទារឱ្យភាគីខាងរថយន្ដ ដឹកអ្នកដំណើរទិញរថយន្ដថ្មីសងវិញ តែមិនទាន់ដឹងថា មានដំណោះស្រាយ យ៉ាងណានោះឡើយ ៕
Source from: watphnom-news.com

Loading...
Loading...