ខេត្តបាត់ដំបង ៖ បុរស ២ នាក់ក្នុងចំណោម ៤ នាក់ បានយកកាំបិតចុងស្រួច ចាក់ទៅលើភាគីជម្លោះមានគ្នា ៤ នាក់ពេលកំពុងអង្គុយផឹកស៊ី កាលពីម៉ោង ២១និង៣០ នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យអ៊ីម៉ឺជេនស៊ី ភ្លាមៗ។
រហូតដល់វេលាម៉ោង ១៦រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាល ស្រុកកំរៀង បានឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនរួមមាន ទី១ឈ្មោះ យីម ទិត្យ អាយុ ២៣ ឆ្នាំ និងទី២ឈ្មោះ ទី សុផល អាយុ ២០ ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ អួន ពី ហៅវ៉ៃ អាយុ ២១ ឆ្នាំ ដែលអ្នកទាំងអស់គ្នា មានទីលំនៅក្នុងភូមិ កើតហេតុជាមួយគ្នា។
យុវជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មុនដំបូងពួកខ្លួនជិះម៉ូតូ ២ គ្រឿង មានគ្នា ៤ នាក់ទី១ឈ្មោះ យឹម ទិត្យ ទី២ឈ្មោះ ទី សុផល ទី៣ឈ្មោះ អួន លីដា អាយុ ១៩ ឆ្នាំ និងទី៤ឈ្មោះ ម៉ក់អាយុ ១៨ ឆ្នាំបើកដើរលេង ក្នុងល្បឿនលឿន។ ពេលបើកហួសពីផ្ទះ យុវជនមួយក្រុមទៀត មានគ្នា ៤ នាក់មានទី១ឈ្មោះ អួន ពី ហៅ វ៉ៃ ជាជនរងគ្រោះ ទី២ឈ្មោះ សេង ចិន្តា អាយុ ២៣ ឆ្នាំទី៣ឈ្មោះ ឌី ឌឿន អាយុ ២២ ឆ្នាំ ទី៤ឈ្មោះ ជិន ដារ៉ូ អាយុ ១៩ ឆ្នាំ ដែលកំពុងតែអង្គុយស៊ីផឹក ប្រហែលចម្ងាយ ១០០ ម៉ែត្រ ក៏ស្រាប់តែឭសំឡេងពួកគេ ស្រែកហៅពេលនោះ ពួកខ្លួនក៏បត់ម៉ូតូត្រឡប់ក្រោយ ចូលមកកន្លែងផឹកស៊ីនោះ។
ពេលចូលដល់ភ្លាមឈ្មោះ អួន លីដា បានសួរទៅកាន់ក្រុមអ្នកផឹកថា តើអាណាស្រែកស្អីអំបាញ់មិញ ? ពេលនោះខាងអ្នកផឹកឈ្មោះ អួន ពី ហៅវ៉ៃ បានងើបឆ្លើយថា អញជាអ្នកស្រែកថា បើពួកឯងជិះម៉ូតូលឿនម្លឹង មិនខ្លាចដួលស្លាប់ទេឬ ? ពេលនោះឈ្មោះ អួន លីដា បានក្រៀកឈ្មោះ អួន ពី ហៅវ៉ៃ យកទៅវាយ ហើយមិនដឹងបានកាំបិតពីណា ចាក់ទៅលើជនរងគ្រោះថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យអ៊ីម៉ឺជេនស៊ី ភ្លាមៗ ហើយក៏រត់ចែកផ្លូវគ្នា អស់ទាំងសងខាងតែម្តង៕
Source from: watphnom-news.com

Loading...
Loading...