ខេត្តកោះកុង ៖ នៅលើទឹកដីខេត្តកោះកុង ដែលមានបទល្មើស នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ តាមដែនសមុទ្រយ៉ាងគគ្រឹកគគ្រេង គេសង្កេតឃើញឈ្មួញ ដ៏មានឥទ្ធិពល២នាក់ គឺឈ្មោះ ហេង និងឈ្មោះ ពៅ បានយកត្រកូល ហ៊ុន ទៅប្រើប្រាស់ដើម្បីប្រកបអាជីវកម្ម រកស៊ីដឹកជញ្ជូនឈើ និងនាំចូលប្រេងសាំងគេចពន្ធ មកចែកចាយក្នុងខេត្តកោះកុង យ៉ាងអនាធិបតេយ្យបំផុត គេមិនដែលឃើញលោក ប៊ុន លើត ជាអភិបាលខេត្តកោះកុង ចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់ម្តងណាឡើយ ហើយគេជឿជាក់ថា ឈ្មោះ ហេង និងឈ្មោះ ពៅ បានយកឈ្មោះ អ្នកមានអំណាចទៅប្រើប្រាស់ ដើម្បីកាងជំនួញខុសច្បាប់របស់ពួកគេ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ឈ្មោះ ហេង និងឈ្មោះ ពៅ បានក្លាយជាឈ្មួញដុះស្លែ ប្រកបអាជីពនាំចូលប្រេងសាំងគេចពន្ធ និងដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ តាមដែនសមុទ្រ គ្មាននរណាហ៊ានប៉ះពាល់ទេ ហើយសូម្បីតែជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទីបង្ក្រាបបទល្មើស ក៏រក្សាភាពស្ងៀមស្ងាត់ ដែលគេគិតថា មានការត្រូវរ៉ូវគ្នា លើបញ្ហាផលប្រយោជន៍។ សកម្មភាពនាំចូល ប្រេងសាំងគេចពន្ធ និងការដឹកជញ្ជូនឈើគ្រញូង ខុសច្បាប់តាមដែនសមុទ្រ នៃខេត្តកោះកុង ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។
សេចក្តីរាយការណ៍បានបន្តថា ឈ្មោះ ហេង និងឈ្មោះ ពៅ បានដឹកប្រេងសាំង និងប្រេងម៉ាស៊ូតពីសមុទ្រក្រៅ មកដាក់តាំងលក់ នៅត្រង់ចំណុចឡាំដាំ ស្ថិតក្នុងភូមិពាមក្រសោប ស្រុកកោះកុង ខេត្តកោះកុង ហើយប្រេងសាំងគេចពន្ធទាំងនេះ ត្រូវបានគេដឹកជញ្ជូន យកទៅលក់ចែកចាយបន្ត នៅគ្រប់ទីកន្លែងក្នុងខេត្តកោះកុង ហៀរមកដល់ស្រែអំបិល និងខេត្តកំពង់ស្ពឺផងដែរ។ សកម្មភាពដឹកជញ្ជូន ប្រេងសាំងគេចពន្ធ របស់ឈ្មោះ ហេង និងឈ្មោះ ពៅ ដែលយកមកស្តុកទុក នៅចំណុចឡាំដាំ នៃភូមិពាមក្រសោប បានប្រើប្រាស់រថយន្ត ដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង គ្មានក្រែងញញើតសមត្ថកិច្ច ឬមន្ត្រីជំនាញនោះទេ។
ដោយឡែកឈ្មោះ ហេង និងឈ្មោះ ពៅ ក៏បានរកស៊ីដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ មកពីគ្រប់ទិសទីក្នុងទឹកដី ខេត្តកោះកុង ដឹកជញ្ជូនតាមរថយន្តទំនើបៗ យកមកទម្លាក់តាមទូក ហើយដឹកជញ្ជូនយកមកលាក់ទុក ក្នុងបន្ទាយទាហានជើងទឹក មួយកន្លែងគឺស្ថិតនៅ ចំណុចកោះយ៉ ជាទីតាំងឈរជើង របស់កងអនុសេនាធំលេខ៣ ចំណុះឲ្យកងការពារ កោះកុងក្រៅលេខ២ នៃកងពលតូចលេខ៣១ មានទីតាំងឈរជើង នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រុមឈ្មួញតូចតាចជាច្រើន បានប្រមូលទិញឈើ ពីប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដឹកជញ្ជូនឲ្យឈ្មោះ ហេង និងឈ្មោះ ពៅ ជាហូរហែមិនដែលមានការបង្ក្រាបទេ។
ឈ្មោះ ហេង និងឈ្មោះ ពៅ បានយកឈើគ្រញូងទៅស្តុក ក្នុងបន្ទាយទាហានជើងទឹក នៅចំណុចកោះយ៉ ដោយគ្មានអ្វីបិទបាំងទេ គឺគេស្តុកឈើគ្រញូងនៅលើទូកជាចំហ ពេលប្រមូលបានគ្រប់ចំនួនឈ្មោះ ហេង និងឈ្មោះ ពៅ បានដឹកចេញទៅលក់ នៅស្រុកយួនតាមដែនសមុទ្រ ក្នុងមួយជើងៗរាប់សិបតោន។ ក្នុងមួយខែយ៉ាងតិចបំផុតឈ្មោះ ហេង និងឈ្មោះ ពៅ នាំចេញឈើខុសច្បាប់ ទៅលក់នៅស្រុកយួនតាមដែនសមុទ្រប្រមាណ ២ទៅ៣ ជើងឯណោះ ហើយរាល់ការដឹកជញ្ជូន សុទ្ធតែមានការបង់លុយ ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ហើយក្រុមទាហានជើងទឹកនៅកោះយ៉ ទទួលបានផលប្រយោជន៍ច្រើនជាងគេ។
តាមសេចក្តីរាយការណ៍ មកពីខេត្តកោះកុង បញ្ជាក់ថា ឈ្មោះ ហេង និងឈ្មោះ ពៅ បានប្រកបជំនួញរកស៊ីដឹកជញ្ជូន ប្រេងសាំងគេចពន្ធ តាមដែនសមុទ្រ យកមកលក់ចែកចាយ នៅទូទាំងខេត្តកោះកុង ដោយរលូនល្អមិនខ្វល់ ពីការខាតបង់ចំណូលថវិកាជាតិ ក៏ព្រោះតែអាជ្ញាធរខេត្តកោះកុង ជាអ្នកបើកភ្លើងខៀវផងដែរ។ ជាធម្មតា ឈ្មោះ ហេង និងឈ្មោះ ពៅ បានយកត្រកូលហ៊ុន មកប្រើប្រាស់ក្នុងការរកស៊ីនាំចូល ប្រេងសាំងគេចពន្ធ គេមិនដែលឃើញលោក ប៊ុន លើត ជាអភិបាលខេត្តកោះកុង ចាត់វិធានការស៊ើបអង្កេតបញ្ហានេះ ឲ្យបានស៊ីជម្រៅម្តងណាឡើយ ព្រោះតែឈ្មោះ ហេង និងឈ្មោះ ពៅ បានបែងចែកផលប្រយោជន៍ឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធសព្វគ្រប់គ្មានខ្វះចន្លោះ៕
Source from: watphnom-news.com

Loading...
Loading...