រាជធានីភ្នំពេញ ៖ លោក ប៉ែន ស៊ីម៉ន បានកាន់តំណែងជា អគ្គនាយកគយនិងរដ្ឋាករ ប៉ុន្មានអាណត្តិកន្លងមកនេះ បានបង្កើតឲ្យមានអំពើពុករលួយ និងបក្ខពួកនិយម មិនដែលក្រែងញញើត ពីវិធានការរឹតបន្តឹងរបស់ អង្គភាពប្រឆាំង អំពើពុករលួយនោះទេ ហើយកាលពីចុងអាណត្តិទី ៤ គេសង្កេតឃើញលោក ប៉ែន ស៊ីម៉ន បានរៀបចំសាងសង់ ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែង តាមបណ្តោយផ្លូវត្រសក់ផ្អែម ក្នុងតំបន់ចំការមន ជាប់ខាងក្រោយព្រឹទ្ធសភា ក្នុងតម្លៃរាប់សិបលានដុល្លារអាមេរិក ហើយការទុកឲ្យលោក ប៉ែន ស៊ីម៉ន កាន់តំណែងជា អគ្គនាយកគយក្នុងអាណត្តិទី៥ នេះបន្តទៀត ត្រូវបានមន្ត្រីគយតូចតាច មួយចំនួនចំអកថា ជាការទុកឱកាសឲ្យលោក ប៉ែន ស៊ីម៉ន យកលុយទៅសង់បង្ហើយភូមិគ្រឹះ និងរបងដ៏ខ្ពស់របស់គាត់។
មន្ត្រីគយតូចតាចមួយចំនួន ដែលមានអតីតភាពការងារយូរឆ្នាំ ដែលមិនចេះកាប់ដាវ ប្រព្រឹត្តអំពើពុករលួយ គ្មានប្រាក់ដើម្បីឡើងតំណែង ឡើងតួនាទីនោះទេ ហើយមន្ត្រីគយខ្លះ រកតែរថយន្តថ្មីជិះនឹងគេសឹងគ្មានផង ព្រោះតែអំពើពុករលួយ និងបក្ខពួកនិយម ក្រោមការដឹកនាំរបស់លោក ប៉ែន ស៊ីម៉ន ដូចជាការឡើងតំណែង និងតួនាទីត្រូវអនុវត្តន៍ តាមរូបមន្ត ៥បូក គឺមានន័យថា ត្រូវចំណាយប្រាក់ចាប់ពី ៥ ម៉ឺនដុល្លារឡើងទៅ សម្រាប់ការឡើងតំណែងនិងតួនាទីម្តងៗ។ សម្រាប់មន្ត្រីគយមួយចំនួន ដែលពូកែកាប់ដាវប្រមូលលុយ ពីអំពើរត់ពន្ធទំនិញខុសច្បាប់ មានប្រាក់ហ៊ានចំណាយ តាមរូបមន្ត ៥ បូក ហើយបើចង់បានតំណែងល្អ ឬប៉ុស្តិ៍ខ្លាញ់ ត្រូវចំណាយចាប់ពី ២ម៉ឺនដល់៥ ម៉ឺនដុល្លារបន្ថែមទៀត។
មន្ត្រីគយដែលជាបក្ខពួក របស់លោក ប៉ែន ស៊ីម៉ន មានឱកាសឡើងតំណែង មួយឆ្នាំ២ដងក៏មាន ហើយការឡើងតំណែង នោះទៀតសោត ធ្វើឡើងមិនស្របតាមក្រឹត្យក្រម រដ្ឋបាលនោះទេ គឺកើតឡើងដោយការ ជួយជ្រោមជ្រែង អន្តរាគមន៍ និងការចំណាយប្រាក់ តាមរបៀបពុករលួយ។ មន្ត្រីគយជាច្រើន អាចបន្តកាន់តំណែង ថ្នាក់ការិយាល័យ និងតាមសាខា មួយចំនួនឲ្យតែមានលុយ អាចធ្វើប្លង់រឹងកាន់តំណែងរបស់ខ្លួន លើសពី ២ អាណត្តិ គ្មានការផ្លាស់ប្តូរតំណែងនោះទេ បើទោះបីជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានដាក់ចេញ នូវគោលការណ៍ស្មើភាព ក្នុងការផ្លាស់ប្តូរប៉ុស្តិ៍មន្ត្រីគយ នៅទូទាំងប្រទេស ហើយមិនអនុញ្ញាតឲ្យមានការកាន់ប៉ុស្តិ៍ លើសពី ២ អាណត្តិក៏ដោយ។
មន្ត្រីមួយចំនួនបានបញ្ជាក់ថា វិធានការរឹតបន្តឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ គួរតែធ្វើទៅលើមន្ត្រី ដែលមានតួនាទីប្រមូលលុយជូនជាតិ ព្រោះមាន់ពងលើស្រូវ តែងតែស៊ីស្រូវចៀសមិនផុតឡើយ ដូចដែលអង្គការអន្តរជាតិ មួយចំនួនបានថ្កោលទោស ចំពោះការបាត់បង់ចំណូលថវិកាជាតិ ក្នុងមួយឆ្នាំៗ ច្រើនរយលានដុល្លារអាមេរិក ដោយសារតែអំពើពុករលួយ របស់ជំនាញគយ។ ដូច្នេះអង្គភាពប្រឆាំង អំពើពុករលួយគួរតែ ចាត់វិធានការឲ្យបានតឹងតែង ក្នុងការនាំមន្ត្រីគយពុករលួយ ខិលខូចទៅផ្តន្ទាទោសតាមច្បាប់ ទើបគេអាចរំពឹងថា ក្នុងអាណត្តិទី៥នេះ នឹងមានកំណើនចំណូលថវិកាជាតិ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិ និងដំឡើងប្រាក់ខែ ជូនមន្ត្រីរាជការ។
យ៉ាងណាក៏ដោយ ការផ្តល់ឱកាសឲ្យលោក ប៉ែន ស៊ីម៉ន កាន់តំណែងជា អគ្គនាយកគយនិងរដ្ឋាករ ក្នុងអាណត្តិថ្មីនេះ មិនខុសពីការទុកឲ្យលោក ប៉ែន ស៊ីម៉ន ប្រមូលផលប្រយោជន៍ យកទៅបង្ហើយរបងផ្ទះ និងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់គាត់ ក្នុងតំបន់ចំការមននោះទេ។ ភូមិគ្រឹះរបស់លោក ប៉ែន ស៊ីម៉ន ដែលសង់បានប្រមាណ ៨០ ភាគរយហើយនោះ ចំណាយអស់ប្រាក់មិនតិច លានដុល្លារនោះទេ ហើយគ្រាន់តែរបង ព័ទ្ធជុំវិញភូមិគ្រឹះ មានកម្ពស់ដល់ទៅ ៣ ម៉ែត្រ មានបរិវេណទីធ្លា ធំល្វឹងល្វើយអាចសង់សួនច្បារ ធ្វើអាងហែលទឹក។ មន្ត្រីគយមួយចំនួន ដែលធ្លាប់ចេញចូលការដ្ឋាន ភូមិគ្រឹះនោះបានលាន់មាត់ថា គ្រាន់តែម៉ូដរបង និងម៉ូដភូមិគ្រឹះនោះ មើលមួយភ្លែតស្រដៀងទៅនឹង វិមានសន្តិភាព ជាកន្លែងធ្វើការរបស់សម្តេច ហ៊ុន សែន។
អំឡុងពេលផ្ទេរតំណែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា សម្តេច ហ៊ុន សែន បានទទូចឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលទើបឡើងតំណែងថ្មី លុបបំបាត់អំពើពុករលួយ និងបញ្ហាលុយក្រោមតុ លើតុ ឲ្យមានប្រសិទ្ធភាព ប៉ុន្តែប្រសិនបើគ្មានការផ្លាស់ប្តូរតំណែងលោក ប៉ែន ស៊ីម៉ន ទេនោះ គេយល់ថាភាពអសកម្ម និងអំពើពុករលួយ ក្នុងស្ថាប័នគយ ជាកន្លែងរកចំណូល ជូនជាតិដ៏សំខាន់ នឹងគ្មានអ្វីកែទម្រង់នោះទេ។ អាចបញ្ជាក់បានថា របៀបរបបដឹកនាំតាមបែបពុករលួយ បក្ខពួកនិយមនិងការកិបកេង ចំណូលថវិកាជាតិ អាចបន្តកើតមាន ដូចរូបភាពនាពេលបច្ចុប្បន្ននេះ ចៀសមិនផុតឡើយ៕
Source from: watphnom-news.com

Loading...
Loading...