រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ប្រសិនបើលោក សម រង្ស៊ី ធ្វើបាតុកម្ម សម្តេចនឹងបញ្ចេញ ខ្សែអាត់សំឡេង នៃកិច្ចចរចា បង្ហាញជាសាធារណៈ ព្រោះបាតុកម្ម របស់គណបក្ស សង្គ្រោះជាតិ លែងមានន័យហើយ ដោយសារលោក សម រង្ស៊ី បានទទួលស្គាល់ លទ្ធផលបោះឆ្នោត និងទទួលស្គាល់លោក ជានាយករដ្ឋមន្ត្រី រួចទៅហើយ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងកិច្ចចរចាជាមួយ លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកញ្ញា លោក សម រង្ស៊ី បានទទួលស្គាល់ អាសនៈសភាគឺ ៥៥ ទល់នឹង ៦៨ ហើយប្រសិនបើ លោក សម រង្ស៊ី ធ្វើបាតុកម្ម លោកនឹងបញ្ចេញ ខ្សែអាត់សំឡេង នៃកិច្ចចរចា ជាសាធារណៈ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា វាគ្រប់គ្រាន់ហើយ សម្រាប់បាតុកម្ម ព្រោះការតវ៉ានេះ ប៉ះពាល់ដល់សន្តិសុខ និងបង្កការលំបាកជាច្រើន ហើយរាជរដ្ឋាភិបាលកម្ពុជា មិនត្រូវការ ការទទួលស្គាល់ ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិទេ គឺគ្រាន់តែទទួលស្គាល់ដោយ ព្រះមហាក្សត្របានហើយ។
សូមបញ្ជាក់ថា ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា លោក សម រង្ស៊ី បានព្រមានថា ប្រសិនបើគណបក្ស ប្រជាជនកម្ពុជា មិនគោរពតាមឆន្ទៈ ប្រជាពលរដ្ឋ លោកនឹងអំពាវនាវ ទៅកាន់កម្មកររោងចក្រ មន្ដ្រីរាជការ និងអាជីវករ ឲ្យពួកគាត់ឈប់ធ្វើការមួយថ្ងៃ ហើយនឹងធ្វើបាតុកម្ម ទូទាំងប្រទេស ដើម្បីទាមទាររកយុត្តិធម៌៕
ប្រភពពី វត្តភ្នំ

Loading...
Loading...