ខេត្តបាត់ដំបង ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តបាត់ដំបង បានស្ទាក់ចាប់ រថយន្តឡិចស៊ីស ៤៧០ ដឹកឈើគ្រញូង ដែលមានថៅកែឈ្មោះ វិរៈ ហើយឲ្យកម្មករ ដឹកជញ្ជូនជាប់ជាប្រចាំ ពីច្រកម៉ាឡៃខេត្តបន្ទាយមានជ័យ ចូលមកខេត្តបាត់ដំបង កាលពីវេលាម៉ោង ០០និង២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ អណ្តូង ចេញ សង្កាត់អូរចារក្រុងបាត់ដំបង។
លោក ម៉ៅ រង្សី នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា រថយន្តដឹកឈើគ្រញូង ដែលបង្ក្រាបបាន ម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2A-0234 បើកបរដោយ បុរសម្នាក់ឈ្មោះ ផុន ម៉ៅ ភេទប្រុស អាយុ២៤ ឆ្នាំ ជាកម្មករ រស់នៅភូមិ.ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយក្នុងនោះ រឹបអូសបាន ឈើប្រណិត ប្រភេទគ្រញូង មុខធំចំនួន ១៣ បន្ទះស្មើនិង ០,៤១៥ ម៉ែត្រគូប។
ជនសង្ស័យឈ្មោះ ផុន ម៉ៅ ជាអ្នកបើកបររថយន្ត បានឆ្លើយសារភាពថា ខ្លួនគ្រាន់តែជាអ្នក ស៊ីឈ្នួលបើករថយន្តឲ្យគេ ក្នុងតម្លៃ ២០ ម៉ឺនរៀលក្នុង១ជើង ដោយបើកចេញពីស្រុកបវេល យកមកឲ្យគេ នៅក្រុងបាត់ដំបង ហើយលើកនេះ ខ្លួនបើកមិនទាន់ដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
លោក ម៉ៅ រង្សី នាយការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា ឈើគ្រញូង ១៣ បន្ទះ ហើយឈើគ្រញូង និងរថយន្ត បានប្រគល់ឲ្យ ខណ្ឌរដ្ឋបាលព្រៃឈើ ចំណែកអ្នកបើកបរ ឈ្មោះ ផុន ម៉ៅ ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាកា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ចាត់ការតាមនិតិវិធី៕
Source from: watphnom-news.com

Loading...
Loading...