ខេត្តកណ្តាល ៖ ក្រោមការដឹកនាំបញ្ជា ពីលោកស្នងការ អ៊ាវ ចំរើន នៅវេលាម៉ោង ៧យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ កម្លាំងនគរបាល នៃស្នងការខេត្តកណ្តាល បានចុះបង្ក្រាបមេខ្លោង ចែកចាយថ្នាំញៀនដ៏ធំនិងសកម្ម នៅស្រុកកោះធំ ដោយឃាត់ខ្លួនបុរសស្ត្រី ២ នាក់ រួមនឹងថ្នាំញៀន ២៥.៧ ក្រាមនៅតាមបណ្តោយផ្លូវជាតិ លេខ ២១បេ ចំណុចស្ពានព្រែកនូ ភូមិកោះចាស់ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ថូ ភារម្យ អាយុ ២៦ ឆ្នាំ រស់នៅស្រុកកោះធំ និង ស្រីជាគូស្នេហ៌ឈ្មោះ លី ស្រីពេជ្រ អាយុ ២២ ឆ្នាំរស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជានារីបម្រើការនៅខារ៉ាអូខេ អេវីហ្គែន ឃាត់ខ្លួនបាននៅ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ វត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនមួយកញ្ចប់ធំ តម្លៃ ៣.៨ លានរៀល ថ្នាំញៀនកញ្ចប់តូច ១២ កញ្ចប់គឺតម្លៃ ១០ដុល្លារ ៦កញ្ចប់ តម្លៃ ១៥ដុល្លារ ៥កញ្ចប់ តម្លៃ ២០ដុល្លារ លុយខ្មែរចំនួន ២៨៦ ៤០០រៀល និងទូរស័ព្ទដៃចំនួន៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី ។ គួររំលឹកថា សកម្មភាពចុះបង្ក្រាប បទល្មើសនានា របស់កម្លាំង នគរបាលខេត្ដកណ្ដាល ជាការអនុវត្ដន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីធានាសុខសន្ដិភាព ស្ថិរភាពសង្គម ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន កុំឱ្យពួកគាត់មានការលំបាក ឬខ្វល់ខ្វាយ ពីបញ្ហាអសន្ដិសុខ ៕
Source from: watphnom-news.com

Loading...
Loading...